ចិនអបអរ​ CPP ឈ្នះ​ការ​បោះឆ្នោត ខណៈអាមេរិកព្រមាន​ពង្រីកទណ្ឌកម្មលើកម្ពុជា

លោក ហ៊ុន សែន និង លោក ហ្ស៊ី ជិនពីង ក្នុងជំនួបដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ (រូបថត៖ ពេជ្រ ចំរ៉ុង)

ប្រទេសចិនបានប្រកាសសាទរជ័យជម្នះ​របស់គណបក្សកាន់អំណាច​កម្ពុជា និងសន្យាជួយពង្រឹង​រដ្ឋាភិបាលថ្មីអំពីរបៀបគ្របគ្រង់ប្រទេសក្រោយពេលឈ្នះឆ្នោត ប៉ុន្ដែ សហរដ្ឋអាមេរិកវិញ បានព្រមានពង្រីក​ទណ្ឌកម្ម​បន្ថែម​ទៀត​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា។

បន្ទាប់ពី គ.ជ.ប. ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការថា គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអាសនៈទាំង ១២៥ នៅក្នុងរដ្ឋសភានីតិកាលទី៦នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្ញើលិខិតអបអរសាទរលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយសរសើរ​លោក ហ៊ុន សែន ថា បានដឹកនាំប្រទេសទទួលបានស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការបង្រួមបង្រួមជាតិ បង្កើនមុខមាត់លើឆាកអន្ដរជាតិ និងភាពរីកចម្រើនរបស់កម្ពុជា។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ លោក ស៊ី ជីនពិន ក៏មានប្រសាសន៍ថា ចិននឹងបន្ដរឹតចំណងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ចែករំលែកបទពិសោធន៍ដល់កម្ពុជាខាងផ្នែកគ្រប់គ្រងប្រទេស និងដឹកនាំបក្ស និងជួយគាំទ្រដល់ប្រទេសនេះឲ្យទទួលបានស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិ។

លោក ស៊ី ជីនពិន លើកឡើង​ក្នុងលិខិតនោះ​ថា៖

បក្សកុម្មុយនីស្ដចិន ផ្ដល់សារសំខាន់យ៉ាងខ្លាំងចំពោះចំណងកិច្ចសហប្រតិការមិត្តភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយមានឆន្ទៈជួយ​លើក​កម្ពស់​ដល់ផ្នែកនយោបាយស្ដីពីទំនាក់ទំនងទ្វេភាគី តាមរយៈការផ្លាស់ប្ដូរជាលក្ខណៈ​អន្ដរភាគី ពង្រឹងបទពិសោធន៍ចែករំលែកផ្នែកគ្រប់គ្រងប្រទេស និងដឹកនាំបក្ស ជំរុញការអភិវឌ្ឍដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ដ្ររវាងកម្ពុជា-ចិន […] ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ

ប៉ុន្ដែ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert ថ្លែងថា សហរដ្ឋអាមេរិកចាត់ទុកការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៩ កក្កដា​ថា ជាការបោះឆ្នោត «ក្លែងក្លាយ» និងបានបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ ខណៈមិនមានអតីតបក្សប្រឆាំងចូលរួម លោក កឹម សុខា នៅតែបន្ដជាប់ឃុំ ហើយមន្ដ្រីអតីតបក្សប្រឆាំងជាច្រើនរូប ត្រូវគេបិទសិទ្ធិធ្វើ​នយោបាយ។

លោកស្រីថ្លែងទៀតថា សហរដ្ឋអាមេរិកក៏កំពុងពិចារណាពង្រីកទណ្ឌកម្មទិដ្ឋាការលើមន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ ដោយចោទថា បានធ្វើខូចដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

ក្រសួងការបរទេសអាមេរិកចាត់ទុកការបោះឆ្នោតនេះ ថា ខុសឆ្គង ហើយមិនមានភាពសេរី ឬយុត្តិធម៌នោះទេ។ ដូចដែលបានពិនិត្យរួចហើយនៅសេតវិមាន គឺសេចក្ដីថ្លែងការណ៍ថ្ងៃទី២៩កក្កដាស្ដីពីការបោះឆ្នោតនៅកម្ពុជា យើងនឹងពង្រីកទណ្ឌកម្មរឹតបណ្ដឹងទិដ្ឋាការ ដែលផ្ដួចផ្ដើមឡើងកាលពីថ្ងៃទី៦ធ្នូឆ្នាំ២០១៧ ទៅលើបុគ្គលដែលជាប់ពាក់ព័ន្ធនឹងការធ្វើឲ្យខូចដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ការរឹតបណ្ដឹងនេះនឹងអនុវត្តលើបុគ្គលទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert

ក្នុងសនិ្នសីទសារព័ត៌មានក្រោយពេលឈ្នះឆ្នោតភ្លូកទឹកភ្លូកដី​នៅអាណត្តិនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​ចាត់ទុកប្រតិកម្មនានាពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា​ថា ជាសិទ្ធិបញ្ចេញមតិរបស់ប្រទេសនីមួយៗ។ លោកថា រដ្ឋាភិបាលដឹកនាំដោយគណបក្សលោក​ មិនបារម្ភពីការព្រមានបិទទិដ្ឋាការ ឬទណ្ឌកម្មណាមួយឡើយ។

រឹតត្បិត ឬមួយដាក់ទណ្ឌកម្មយ៉ាងណា ប៉ុន្ដែ វាអត់មានប្រសិទ្ធិភាព ហើយគ្រប់ដណ្ដប់មកលើឯករាជ្យភាព និងអធិបតេយ្យភាពកម្ពុជាទេ។ វាគ្រាន់តែស្ថិតក្នុងទ្រឹស្ដីរបស់អស់លោក ហើយខ្ញុំយល់ថា រហូតដល់ពេលនេះ មិនមានរដ្ឋាភិបាលណាមួយ ដែលបានអនុវត្តទណ្ឌកម្មមកលើកម្ពុជាទេ វាគ្រាន់តែជាមតិ​ឃោសនានយោបាយរបស់តំណាងរាស្ដ្រមួយចំនួនតូច ឬព្រឹទ្ធិសភាមួយចំនួនតូច ដែលប្រកាន់និន្នាការនយោបាយ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

អ្នកឃ្លាំមើលបញ្ហានយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា កម្ពុជាកំពុងងាកទៅរកប្រទេសកុម្មុយនីស្ដចិន និងដើរចេញពីសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ដែលឲ្យតម្លៃលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

លោកព្រមានថា កម្ពុជាមិនត្រូវ​កាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសលោកសេរី ហើយពឹងផ្អែកទាំងស្រុងលើប្រទេសចិនបានទេ ដោយថា កម្ពុជាត្រូវការចាំបាច់លើទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកជា ជាពិសេស កម្ចីពីបរទេស ដើម្បីទទ្រង់រដ្ឋាភិបាល។

កម្ពុជាបច្ចុប្បន្នងាកមករកទំនោរខាងចិនច្រើនជាង ប៉ុន្ដែ វាជាការពេញចិត្តស្របតាមទស្សនៈរបស់មេដឹកនាំនៃរដ្ឋាភិបាលកម្ពុជា […] កម្ពុជាអាចជាកត្តាប្រឈម ហើយទិដ្ឋភាពបច្ចុប្បន្ន​ឆ្នាំនេះ គឺកម្ចីពីបរទេសសម្រាប់បន្ដនិរន្ដភាពរដ្ឋាភិបាលប្រហែលជា ១ពាន់លាន ហើយបើបណ្ដាប្រទេសសហគមន៍អឺរ៉ុប អាមេរិក និងជប៉ុន ដែលបណ្ដាប្រទេសផ្ដល់កម្ចី បើសិនយើងបាត់ការគាំទ្រនេះពីរដ្ឋាភិបាលទាំងអស់នោះ កម្ពុជាក៏ពិបាករកកម្ចីដើម្បីបង្គ្រប់លើកង្វះខាតនៃការបន្ដនិរន្ដភាពរដ្ឋាភិបាលដែរ

អ្នកឃ្លាំមើលបញ្ហានយោបាយ លោក ឯម សុវណ្ណារ៉ា

បន្ទាប់ពីកម្ពុជាបានបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតីកាលទី៦ របស់ខ្លួន កាលពីថ្ងៃទី២៩កក្កដា ក្រុមប្រទេសលោកសេរីមួយចំនួនបានរិះគន់ចំពោះការបោះឆ្នោតនេះថា មិនត្រឹមត្រូវ និងយុត្ដិធម៌ ខណៈប្រទេសខ្លះក៏ព្រមានទណ្ឌកម្មលើកម្ពុជាផងដែរ ដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ដ្រាលីជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ