បទយកការណ៍៖ អ្នកជំនាញប្រាប់គន្លឹះសំខាន់ៗសំរាប់ត្រៀមប្រឡងបាក់ឌុប

សិស្សានុសិស្សនៃវិទ្យាល័យបាក់ទូក ធ្វើដំណើរចូលទៅសិក្សាតាមថ្នាក់រៀងខ្លួន កាលពីពេលកន្លងទៅ។

នៅសល់តែបួនថ្ងៃទៀតប៉ុណ្ណោះការប្រឡងមធ្យមសិក្សាទុតិយភូមិឬ បាក់ឌុបនឹងខិតចូលមកដល់ សិស្សានុសិស្សដែលត្រូវប្រឡង កំពុងយកចិត្តទុកដាក់ក្នុងការសិក្សាយ៉ាងខ្លាំង ទន្ទេញមេរៀន ព្រមទាំងរៀនគួរបន្ថែមនៅតាមសាលាឯកជន។

សិស្សានុសិស្សជាច្រើននាក់បានបង្ហាញពីអារម្មណ៍ភ័យព្រួយចំពោះការប្រឡង ខណៈដែលសាស្រ្តាចារ្យនិងនិស្សិតបានបង្ហាពីគន្លឹះមួយចំនួនសំរាប់ត្រៀមមុនប្រឡងដើម្បីទទួលបាននូវលទ្ធផលល្អប្រសើរ។

នាយកសាលាបង្រៀនគួរជ័យថាវី និង ជាសាស្ត្រាចារ្យផ្នែកគីមីវិទ្យា លោក ជ័យ ថាវី ដែលមានបទពិសោធន៍បង្រៀនសិស្សជិត៣០ឆ្នាំ បានប្រាប់ពីគន្លឹះនៃការរៀនគួរបន្ថែមសម្រាប់សិស្សដែលត្រូវប្រឡងបាក់ឌុបថា សិស្សទាំងអស់ត្រូវខំប្រឹងរៀនតាំងពីដើមឆ្នាំដើម្បីជាមួលដ្ឋាលគ្រឹះ និងបំពេញបន្ថែមវានៅពេលចុងឆ្នាំជាពេលដែលសិស្សានុសិស្សមើលឃើញចំនុចខ្វះខាតរបស់ខ្លួននូវចំនុចណាមួយ។

លោក ជ័យ ថាវី នាយកសាលាបង្រៀនគួរជ័យថាវី និង ជាសាស្ត្រាចារ្យផ្នែកគីមីវិទ្យា
[…]ដើម្បីទទួលបានជោគជ័យ ហើយពួកយើងមិនត្រឹមតែចង់បានជោគជ័យទេ យើងចង់បាននិទ្ទេសល្អទៀត អញ្ចឹងយើងរៀនបណ្ដើរៗ រហូតពេញមួយឆ្នាំ បានទទួលបានជោគជ័យ មិនមែនជិតដល់ថ្ងៃប្រលងហើយបានសម្រុកមករៀនវិញ្ញាសារវាមិនអាចទទួលបានជោគជ័យទេ។ អញ្ចឹងការរៀនពីដើមឆ្នាំនេះ គឺជាមូលដ្ឋានគ្រឹះ អញ្ចឹងនៅពេលដែលយើងរៀនចុងឆ្នាំនេះមានន័យថាបំពេញបន្ថែមចំណុចខ្វះខាត។ ហើយកាលណាយើងមានគ្រឹះទោះបីយើងបំពេញបន្ថែមរបៀបមិចក៏ដោយ យើងនៅតែយល់ នៅតែតាមទាន់[…]

លោក ជ័យ ថាវី នាយកសាលាបង្រៀនគួរជ័យថាវី និង ជាសាស្ត្រាចារ្យផ្នែកគីមីវិទ្យា

លោក ជ័យ ថាវី បានបន្តថា ការសិក្សាពីគន្លឹះផ្សេងៗតាមមុខវិជ្ជាមុនប្រឡងគឺជាកត្តាសំខាន់។ ប៉ុន្តែការជ្រើរើសវិញ្ញាសារប្រឡងឆ្នាំមុនៗមករៀន និងបង្រៀនក៏ជាចំនុចមួយដែលមិនអាចមើលរំលងផងដែរ។

ប៉ុន្ដែយើងមានគន្លឹះនឹងល្បិចរបស់យើង ពិសេសគឺយើងក្ដាប់ឲ្យជុំនូវកម្មវិធីសិក្សាថ្នាក់ទី១២ ហើយអ្វីដែលគេចេញជារៀងរាល់ឆ្នាំនោះគឺយើងយកវាធ្វើជាគោល […] ប៉ុន្ដែក្នុងនាមយើងជាគ្រូយើងត្រូវសង្កត់ធ្ងន់ កន្លែងណាដែលយើងគិតថាអាហ្នឹងសំខាន់សម្រាប់យើង ព្រោះយើងអត់ដឹងវិញ្ញាសារទំាងអស់គ្នាទេ ហើយការសង្កត់ធ្ងន់របស់ខ្ញុំកន្លងមកមិនដែលខុសទេ […] បង្រៀនគ្រប់ល្បិចចេញចន្លោះណាក៏អាចធ្វើបានដែរ ទោះបីចេញច្រកណាក៏អាចធ្វើបានដែរ

លោក ជ័យ ថាវី នាយកសាលាបង្រៀនគួរជ័យថាវី និង ជាសាស្ត្រាចារ្យផ្នែកគីមីវិទ្យា

សិស្សទី១២ នៅវិទ្យាល័យទួលទំពូងវិញ កញ្ញា អ៊ុំ ច័ន្ទធីតា បានប្រាប់អ្នកព័ត៌មានវីអូឌីឲ្យដឹងដែរថា សម្រាប់ការប្រឡងបាក់ឌុប ក្រៅពីរៀននៅសាលា កញ្ញាក៏បានទៅរៀនគួរបន្ថែម និងរៀនជាក្រុមជាមួយមិត្តភ័ក្រផងដែរ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ កញ្ញាក៏មានការព្រួយបារម្ភខ្លះដែរសម្រាប់ការប្រឡងថ្នាក់ជាតិនៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយកញ្ញាគិតថាមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយ។

រៀនត្រៀមច្រើន ខ្ញុំរៀននៅផ្ទះផង រៀនមួយលោកគ្រូ អ្នកគ្រូហើយ ពេលវ៉ាកងអញ្ចឹងខ្ញុំមករៀនមួយមិត្តភ័ក្រថែមទៀត ខ្ញុំអត់ហ៊ានកំណត់ទេ ប៉ុន្ដែខ្ញុំគិតថានឹងអាចជាប់

សិស្សទី១២ នៅវិទ្យាល័យទួលទំពូងវិញ កញ្ញា អ៊ុំ ច័ន្ទធីតា

ចំណែកឯសិស្សទី១២ នៅវិទ្យាល័យបាក់ទូក ស៊ិន សុភ័ក្រ បាននិយាយប្រាប់វីអូឌីថា គាត់បានត្រៀមខ្លួនរួចហើយសម្រាប់ថ្ងៃប្រឡង ទាំងចិត្ត ទាំងមេរៀន។

សម្រាប់ខ្ញុំ ខ្ញុំត្រៀមចិត្ត ណាមួយយើងត្រៀមកុំឲ្យភ័យនៅពេលប្រឡង ត្រៀមមេរៀន គណិត រូប គីមី មើលរូបមន្ត និងធ្វើលំហាត់សារឡើងវិញខ្លះៗ

លោក ស៊ិន សុភ័ក្រ សិស្សទី១២ នៅវិទ្យាល័យបាក់ទូក

និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម កញ្ញា ទ្រី វិចិត្រមុន្នី បានចូលរួមចែករំលែកគន្លឹះខ្លះៗសម្រាប់ការប្រឡង។ កញ្ញា បាននិយាយាថា អ្វីដែលបេក្ខជនជំនាន់ក្រោយមិនគួរសំរុករៀននៅប៉ុន្មានថ្ងៃចុងក្រោយនេះទេ ពោលគឺរៀនទន្ទេញល្មមៗ ទុកពេលឲ្យខួរក្បាលសម្រាក និងម៉្យាងទៀតគួរយកចិត្តទុកដាក់ជាមួយមុខវិទ្យាសាស្រ្តសង្គមផងដែរ ព្រោះវាក៏អាចជាផ្នែកមួយជួយឲ្យបាននិទ្ទេសកាន់តែល្អផងដែរ។

«ខ្ញុំតាមមើលទៅប្អូនៗឆ្នាំក្រោយហ្នឹង មើលទៅគាត់ខំប្រឹងផ្នែកវិទ្យាសាស្រ្ត ភាគច្រើនទោះបីជំនាន់ខ្ញុំក៏ដោយ គាត់អត់ចាប់អារម្មណ៍ខាងសង្គមអីទេគាត់គិតថាបើគាត់ខំប្រឹងវិទ្យាសាស្រ្តខ្លាំងគាត់នឹងជាប់អីចឹងទៅណាស់ ក៏ប៉ុន្តែជំរុញលើកទឹកចិត្តថាឲ្យមើលខាងសង្គមផង ព្រោះអីខាងសង្គមក៏ជាផ្នែកមួយផ្នែកដែលជួយឲ្យយើង ពេលខ្លះយើងធ្វើវិទ្យាសាស្រ្តបានល្អហើយ ដល់ពេលដែលយើង ធ្វើសង្គមខ្លះទៅវាអាចជួយឲ្យយើងបាននិទ្ទេសល្អ ថាមិនត្រូវសង្គមហ្នឹងក៏អាចជួយឲ្យយើងជាប់បានដែរ

និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម កញ្ញា ទ្រី វិចិត្រមុន្នី

សិស្សថ្នាក់ទី១២ ម្នាក់ទៀត នៅវិទ្យាល័យ ជា ស៊ីម សាមគ្គី គឺកញ្ញា សេង ស៊ីនាង បានបា្រប់វីអូឌីថា មកដល់ពេលនេះ កញ្ញាមិនហ៊ានប្រាថ្នានិទ្ទេសខ្ពស់ៗ ដូចដែលធ្លាប់ប៉ងនោះទេ ពោលគឺសុំត្រឹមតែអាចឆ្លងផុតការប្រលងនេះប៉ុណ្ណោះ។

បើកាលមុនចូលទី១២ហ្នឹង មុនដំបូងមានគំរោងយកនិទ្ទេសB ប៉ុន្តែដល់រៀនយូរៗទៅ ដូចរបៀបថាមិនមែនស្រួលនេះទេ ចឹងរៀនថាចង់យកC ប៉ុន្តែដល់រៀនយូរៗទៅដល់ពេលជិតដល់ប្រឡង ថាយកមួយជាប់បានហើយ

កញ្ញា សេង ស៊ីនាង សិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ជា ស៊ីម សាមគ្គី

បន្ថែមពីនេះទៀតលោក ជ័យ ថាវី បានជូនពរទៅដល់សិស្សានុសិស្សដែលត្រូវប្រឡងនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ និងក្រើនរំលឹកនូវចំណុកមួយចំនួនទៀតដែលពួកគេត្រូវធ្វើផងដែរ។

[…]យើងតែងតែជូនពរឲ្យគាត់ប្រលងបានជាប់ដូចក្ដីប្រាថ្នា ប៉ុន្ដែនៅក្នុងនោះយើងក៏ប្រាប់វិធីសាស្ដ្រមួយចំនួនដែរ ឧទាហរណ៍គាត់ត្រូវរៀបចំខ្លួនប្រាណឲ្យមកដល់សាលាមុនកន្លះម៉ោង មានកាត មានអី សំរួលអារម្មណ៍សព្វបែបយ៉ាង តាំងពីមុនចាប់ផ្ដើមធ្វើលំហាត់សព្វបែបយ៉ាង យើងបានប្រាប់គាត់អស់ហើយ

លោក ជ័យ ថាវី នាយកសាលាបង្រៀនគួរជ័យថាវី និង ជាសាស្ត្រាចារ្យផ្នែកគីមីវិទ្យា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានឲ្យដឹងថា ប្រឡងមធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ដោយមានបេក្ខជនចូលយរួមប្រឡងជាង១០ម៉ឺននាក់។ ក្រសួងនឹងរឹតបន្តឹងការប្រឡង ដោយដាក់ពង្រាយអ្នកសង្កេតការណ៍ប្រមាណ៦ពាន់នាក់តាមមណ្ឌលប្រឡង មកពីអង្គភាពប្រឆាំងអំពើពុករលួយ។

បក្ខជនចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៧មានប្រមាណ១០១ ៤១៣នាក់ ហើយបក្ខជនប្រឡងជាប់មាន ៦៣ ៦៦៨នាក់ ស្មើនឹង ៦៣.៨៤%។


ដោយ ផេង សុភានាថ និង លឹម តូនីតា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ