ក្រសួងសុខាភិបាល​ព្រមាន​ពី​គ្រោះ​ថ្នាក់​នៃ​សេរ៉ូម Glutaone 600 និង​ហាម​ពលរដ្ឋ​ប្រើ​ប្រាស់

ស្លាកទីស្តីការក្រសួងសុខាភិបាល ដែលមានទីតាំងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ (VOD)

ក្រសួងសុខាភិបាល បានហាមឃាត់ការ​​នាំចូល ចែកចាយ​ និងផ្សព្វផ្សាយ​លក់​សេរ៉ូម Glutanone 600 ដោយ​ព្រមាន​ថា សេរ៉ូម​មួយ​ប្រភេទ​នេះ នឹង​បង្ក​មហន្តរាយ​ដល់​សុខភាព​រហូត​ដល់​ប្រឈម​នឹង​បង់​បង់​ជីវិត​ផង​ដែរ។

សេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី​១៤ បានឲ្យ​ដឹង​ថា សេរ៉ូម Glutaone 600 ជាប្រភេទ​ឱសថដែលផលិតនៅប្រទេសថៃ គ្មានអាស័យដ្ឋានច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជីការ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល​ឡើយ​។

ក្រសួង​នេះ បាន​លើក​ឡើង​ទៀត​ថា សេរ៉ូម​មួយ​ប្រភេទ​ថែមទាំងត្រូវ​បាន​ផ្សព្វផ្សាយបំផ្លើសទៀតផង ដោយថា វាធ្វើឲ្យស្បែកសបែប​ស៊ីជម្ពូ បំបាត់មុន ស្នាម​ជាំ​មុខ ជំនួយក្រចក និង​ធ្វើឲ្យស្អាតពីចុងសក់ដល់ចុងជើងជាដើម។

ក្រសួង​សុខាភិបាល​ បាន​ព្រមាន​ថា សេរ៉ូមមួយ​ប្រភេទ​​នេះ អាចបង្ក​មហន្តរាយ​ដល់សុខភាព​អ្នក​ប្រើ​ប្រាស់ ​ដោយវាអាចបណ្តាលឲ្យ​កើត​ជំងឺ​មហារីកស្បែក ឬអាចប៉ះពាល់ដល់អាយុជីវិត​ផងដែរ ដោយសារ​ប្រតិកម្មពីការព្យូរសេរ៉ូមមិនត្រឹមត្រូវ។​

ក្រសួង​បាន​​ណែនាំ​ទៅ​ពលរដ្ឋ កុំ​ឲ្យ​ប្រើ​ប្រាស់​សេរ៉ូម​ប្រភេទ​នេះ ដើម្បី​បញ្ចៀស​មហន្តរាយ​ដល់​សុខភាព។

​ក្រសួង​សុខាភិបាល​បាន​ហាម​ឃាត់​ការ​​ចែក​ចាយ និង​ប្រើ​ប្រាស់​ឱសថ ៧​ប្រភេទ​រួចម​ក​ហើយ​នៅ​ក្នុង​ខែ​សីហា​នេះ ដែល​ភាគ​ច្រើន​នៃ​ឱសថ​ទាំង​នោះ ត្រូវ​បានផ្សព្វផ្សាយ​លក់​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​៕

ឱសថ Glutanone 600 ដែលក្រសួងសុខាភិបាលហាមឃាត់
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ