សមត្ថកិច្ច​ខេត្ត​ក្រចេះ​ពុំ​ទាន់​រក​ឃើញ​អ្នក​​សម្លាប់​អ្នក​ភូមិ​មួយ​គ្រួសារ​នៅ​ស្រុក​ចិត្របុរី​នៅ​ឡើយ

ទីតាំងផ្ទះកន្លែងកើតហេតុ ដែលត្រូវបានដុតកម្ទេច ដើម្បីសម្លាប់មនុស្ស (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

នគរបាលខេត្តក្រចេះ នៅតែមិនទាន់បំបែកសំណុំរឿងឃាតកម្មសម្លាប់មនុស្ស​មួយ​គ្រួសារនៅ​ស្រុក​ចិត្របុរី​បាននៅឡើយ ទោះបីជានគរបាលព្រហ្មទណ្ឌខេត្ត​នេះ បាន​ឃាត់ខ្លួនមនុស្ស ៥​នាក់​ មកសាកសួរក៏ដោយ។

លោក ឆុំ ឈន និង​ភរិយា ព្រម​ទាំង​កូន ២​នាក់​ទៀត ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​ទាំង​គ្រួសារ នៅ​ឯ​ផ្ទះ​ចម្ការ​របស់​លោក​ ស្ថិត​នៅ​ភូមិ​ប្អៀរ ឃុំ​ថ្មី កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា​កន្លង​មក​នេះ។

គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាល​ជាតិ ចេញផ្សាយកាលពីម្សិលមិញ បានឲ្យដឹងថា ក្រោយការស៊ើបអង្កេតពីកម្លាំងនគរបាលជំនាញ​អស់រយៈពេលជាច្រើនថ្ងៃមក នគរបាលនៅមិនទាន់ស្រាវជ្រាវរកឃើញ​ជនល្មើសនៅ​ឡើយ ប៉ុន្ដែ នគរបាលខេត្តក្រចេះបានឃាត់ខ្លួនមនុស្សចំនួន ៥នាក់ មកសាកសួរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ។

បើ​តា​មគេហទំព័រដដែល​ ជនសង្ស័យទាំង ៥នាក់​នោះ​ សុទ្ធសឹងជា​ពលរដ្ឋ​រស់នៅក្បែរលំនៅដ្ឋានជនរងគ្រោះ។ ជាមួយគ្នានោះ នគរបាលបានចុះទៅរុករកវត្ថុតាង និងតម្រុយបទល្មើសបន្ថែមទៀត ដើម្បីឈានទៅដល់ការបំបែកសំណុំរឿងឃាតកម្ម​មួយនេះ។

ស្នងការ​រង​នគរបាល​ខេត្ត​ក្រចេះ លោក អ៊ុំ ភី បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​ជុំ​វិញ​ឃាតកម្ម​នេះ ដោយ​ថា សមត្ថកិច្ច​កំពុង​តែ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​មួយ​នេះ​នៅ​ឡើយ។

លោក ឆុំ ឈន និង​ក្រុម​គ្រួសារ​របស់​លោក ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​នេះ​សន្និដ្ឋាន​ថា ត្រូវ​បាន​ជន​ដៃ​ដល់​វាយ​សម្លាប់ ហើយ​ដុត​កម្ទេច​សព​ចោល ដើម្បី​បំភ័ន្ទ​ភ្នែក​សមត្ថកិច្ច​ជា​ករណី​ភ្លើង​ឆេះ​ផ្ទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ