អ្នកច្បាប់និងមន្ត្រីសង្គមស៊ីវិលលើកឡើងកំហុសនីតិវិធីសំណុំរឿងលោក គឹម សុខ​

អាជ្ញាធរនាំខ្លួន លោក កឹម សុខ មកកាន់សាលាដំបូងកាលពីពេលកន្លងទៅ (រូបភាព FN)

អ្នកច្បាប់និងមន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានលើកឡើងពីចំណុចខុសប្រក្រតីនៃនីតិវិធី ក្នុងការបំបែកសំណុំរឿងមួយផ្សេងទៀតរបស់លោក គឹម សុខ។​

អ្នកវិភាគបញ្ហាសង្គម​លោក គឹម សុខ  ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនា១៨ខែតាមបណ្តឹងរបស់រដ្ឋាភិបាល ហើយការអនុវត្តទោសនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១៧ខែសីហាស្អែកនេះ​។​ ប៉ុន្តែកាលពីថ្ងៃទី១៥ គឺមុនដល់ថ្ងៃដោះលែង២ថ្ងៃ តំណាង​អយ្យការសាលាដំបូងរាជធានីភ្នំពេញ ​លោក សៀង សុខចាប់ផ្តើមសាកសួរលោក កឹម សុខ ក្នុងសំណុំរឿងមួយទៀត ដែលប្តឹងដោយរដ្ឋាភិបាលដែរ ជុំវិញការវិភាគបញ្ហាសង្គម។​

មាត្រា១៣៧ និង១៣៨នៃក្រមព្រហ្មទណ្ឌ បានចែងពីទោសច្រើនមានប្រភេទដូចគ្នាត្រូវប្រ កាសតែមួយកំណត់ទោសអតិបរមា ឬទោសច្រើនខុសគ្នាកំណត់យកតែមួយនៃទោសខ្ពស់បំផុត។​

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ​ មានប្រសាសន៍ថា បើដល់ថ្ងៃដោះលែលោក កឹម សុខ ហើយតុលាការមិនដោះលែង ដោយបន្តឃុំខ្លួន ក្រោម​ហេតុផល​បើកការស៊ើបសួរសំណុំរឿង​ថ្មីមួយទៀតជា រឿងមិនត្រឹមត្រូវ ហើយនឹងធ្វើឲ្យ​មានការរិះគន់ពីមជ្ឈដ្ឋានជាតិ​ និងអន្តរជាតិ។

មេធាវី សុក សំអឿន ពន្យល់ជាទូទៅថា គោលការណ៍ច្បាប់អ្នកដែលប្រព្រឹត្តបទល្មើសព្រហទណ្ឌច្រើនករណី​ ដោយបទល្មើសនោះស៊ីសង្វាក់គ្នា​ តុលាការ​ត្រូវ​ធ្វើការស៊ើបអង្កេតលើសំណុំរឿង​ទាំងអស់ ហើយត្រូ​វកំណត់យកបទល្មើសធ្ងន់ធ្ងរបំផុតដាក់ទោសជននោះ ដើម្បីផ្តល់យុត្តិធម៌ដល់គូភាគីក្នុងរឿងក្តីនោះ។

ចំណែកមេធាវីប្រចាំនៅគណៈមេធាវី លោក យុង ផានិត បានពន្យល់ថា សំណុំរឿង​​ព្រហ្មទណ្ឌដែលជនល្មើសប្រព្រឹត្តបទល្មើសច្រើនករណី ហើយបទល្មើសនោះស្មុគស្មាញ តុលាការ​​​អាច​សម្រេចទុកសំណុំរឿង​ខ្លះស៊ើបអង្កេតបន្ត ខណៈសំណុំរឿង​ដែលមានភស្តតាងគ្រប់គ្រាន់តុលាការ​​ត្រូ​វកាត់សេចក្តីផ្តន្ទាទោសជននោះមួយដំណាក់កាលសិន ដូច​ករណីរឿង​ក្តីនៅសាលាក្តីខ្មែរក្រហម។

ប៉ុន្តែពេលសួរថា ករណីលោក គឹម សុខ ជាសំណុំរឿងស្មុគស្មាញត្រូវបំបែកដូចនៅសាលាក្តីខ្មែរក្រហមឬយ៉ាងម៉េចនោះ?  លោក ផានិត សុំមិនបកស្រាយបន្ថែមទេ។

វីអូឌី ព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និង គឹម សន្តិភាព ដើម្បីបកស្រាយករណីនេះ ប៉ុន្តែមិនមានអ្នកទទួលទូរសព្ទ។​ ​

លោកគឹម សុខ ធ្លាប់អត្ថាធិប្បាយចោទគណបក្សកាន់អំណាចថា នៅពីក្រោយករណីសម្លាប់លោក កែម ឡី និងថា បក្សកាន់អំណាចបានរៀបចំក្រុមដើម្បីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។ ក្រោយមក​នៅថ្ងៃ ខែសីហា ឆ្នាំ២០១៧ តុលាការបានចោទប្រកាន់លោក គឹម សុខ​ពី​បទ​ចោទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​បរិហារកេរ្ត៍​ជា​សាធារណៈ និងផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ