តំណាងសហគមន៍នៅខេត្តព្រះវិហារ​ហៅការចេញដីកាឱ្យចូលបំភ្លឺជាលើកទីពីរ ​ជារឿងអយុត្តិធម៌

សាលាដំបូងខេត្តព្រះវិហារ (រូបភាព៖ បណ្ដាញសង្គម)

តំណាងប្រជាសហគមន៍នៅឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ស្នើ​ទៅ​តុលាការ​ ឲ្យ​ទម្លាក់​ចោល​ការ​ប្រកាន់​ទៅ​លើ​ពួកគាត់ ដោយ​ពួកគាត់​ថា វិវាទ​ដី​ធ្លី​រវាង​ប្រជា​សហគមន៍ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច សិលា ដាម៉ិច កាល​ពី​ឆ្នាំ​មុន​នោះ ត្រូវ​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​ហើយ ហើយ​ពលរដ្ឋក៏បាន​បញ្ឈប់ការចូល​ទៅ​កាន់កាប់ដី​ដែលមានជម្លោះ​ជា​មួយក្រុមហ៊ុននោះហើយដែរ។

តំណាងប្រជាសហគមន៍មួយរូបក្នុងចំណោម ៤​រូប ដែលត្រូវបាន​តុលាការចេញ​ដីកា​បង្កាប់​ឱ្យ​ចូល​ខ្លួន លោក អ៊ុត គឹមហុង មានប្រសាសន៍ថា​​ពួកគាត់បីនាក់ ក្នុងចំណោម ៤នាក់ មិន​បាន​​ចូលទៅបំភ្លឺតាមដីកាបង្កាប់ឱ្យចូលខ្លួន​របស់តុលាការខេត្តព្រះវិហារទេ ដោយសារពួក​គាត់​មិន​ទទួល​បាន​ដីកានោះឡើយ។

លោកយល់ថា​ ការចេញដីកាបង្កាប់ឱ្យចូលខ្លួន​ជាលើកទីពីរនេះ ​ជារឿងមិនអាចទទួលយកបាន ម្យ៉ាងដីកានោះចេញតាំងពីថ្ងៃទី៧ ខែសីហា ប៉ុន្តែ ពួកលោក​បី​នាក់​​បែរជាមិនបានទទួលដោយផ្ទាល់​ពីសមត្ថកិច្ច​ទៅវិញ។

រឿង​ចំណុច​ហ្នឹង ខ្ញុំ​អត់​សូវបានគិតជ្រាលជ្រៅ​ទេ ប៉ុន្តែ ខ្ញុំចង់និយាយ​ថា ​តាមទឹកចិត្តរបស់ខ្ញុំ វាអត់​សមហេតុ​សម​ផល​ទាល់តែសោះ ព្រោះចង់និយាយថា ​នៅសុខៗរឿងដែលចប់ហើយ ដល់គេមករំម្លឹក​ចុច​សួរ​ឡើង​វិញ ខ្ញុំតែងតែភ័យខ្លាចដែរលោកគ្រូ

លោក អ៊ុត គឹមហុង តំណាងប្រជាសហគមន៍មួយរូបក្នុងចំណោម ៤​រូប

តំណាងប្រជាសហគមន៍​ទាំងបួននាក់ រួមមាន​លោក ឃិត ពាន់ លោក ជុំ ចាន់ លោក ជា សំណាង និងចុងក្រោយលោក អ៊ុត គឹមហុង។

ក្នុងដីកាបង្កាប់ឱ្យចូលខ្លួន​ដែលចេញដោយ​ចៅក្រមស៊ើបសួរ​នៃសាលាដំបូង​ខេត្តព្រះវិហារ លោក វែង មួយគី កាលពីថ្ងៃទី​៧ សីហា ហើយ​វីអូឌី ទើបទទួលបាន​នៅថ្ងៃទី១៦ សីហា​នេះ​ បាន​បញ្ជាក់ថា​ តុលាការ​បានចោទប្រកាន់​​ប្រជាសហគមន៍ទាំងបួននាក់ ពីបទ​រំលោភកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិតដែលប្រើហិង្សា និងប្រមូល​ផលអនុផលព្រៃឈើដោយគ្មាន​លិខិត​អនុញ្ញាត ដែល​បាន​ប្រព្រឹត្ត​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​​សិលា ដាម៉ិច នៅចំណុច​កុកអើត ចុងផ្លូវអូរបាក់មែក ក្នុងឃុំត្បែងពីរ ស្រុកគូលែន កាលពីថ្ងៃទី៨ សីហា ឆ្នាំ​២០១៧។

ដីកាដដែល តម្រូវឱ្យ​តំណាងប្រជាសហគមន៍​ទាំងបួននាក់ ​ចូល​ខ្លួន​ទៅ​សាលាដំបូងខេត្ត​ព្រះវិហារ​​នៅថ្ងៃទី​១៦ សីហា វេលាម៉ោង ៨​កន្លះព្រឹក។ ក្នុងករណីមិនចូលខ្លួន​ តុលាការ​នឹង​ចេញ​​ដីកាបង្កាប់ឱ្យចាប់ខ្លួនតែម្តង។

វីអូឌី មិនទាន់អាចទាក់ទង ចៅក្រមស៊ើបសួរ លោក វែង មួយគី បានទេនៅថ្ងៃទី១៦ សីហា។

យ៉ាងនេះក្តី លោក អ៊ុត គឹមហុង អះអាងថា​ ពួកគាត់​មិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ លោកឱ្យដឹងថា ​កាលពីឆ្នាំ២០១៧ តុលាការបាន​កោះហៅ​ប្រជាសហគមន៍​ចំនួន ៨​នាក់ ឱ្យ​ចូល​​បំភ្លឺជុំវិញ​វិវាទ​​ដីធ្លី​រវាងពលរដ្ឋ ​៥១​គ្រួសារ និង​ក្រុមហ៊ុន​សិលា ដាម៉ិច ជុំ​វិញ​ដី​ទំហំ​ជាង ២០០​ហិកតា។

អ្នកសម្របសម្រួល​កម្មវិធីកសាង​សមត្ថភាព​សហគមន៍​នៃអង្គការពន្លកខ្មែរ ដែលតាមដាន​ករណី​​នេះ លោក ប៉ឹក សោភណ្ឌ យល់ឃើញថា​ការមិនចូលខ្លួន​បំភ្លឺ​ទៅតុលាការ​ អាចធ្វើ​ទៅ​បាន​ ក្នុងករណីមួយចំនួន​ដូចជា​ ដីកាខុសឈ្មោះ ខុសទីកន្លែងកំណើត ថ្ងៃខែឆ្នាំ​កំណើត ឬ​ការ​ទទួល​បាន​ដីកាយឺតយ៉ាវពេកជាដើម។

លោកបន្ថែមថា ​​ការចេញដីកាឱ្យប្រជាសហគមន៍​ចូល​បំភ្លឺ​ អាចជាការបន្តនីតិវិធី​របស់តុលាការ ប៉ុន្តែ លោក​ស្នើឱ្យតុលាការគប្បីស៊ើប​អង្កេត​ករណី​នេះ​ឱ្យ​បាន​​ច្បាស់​លាស់ថា តើ​រវាងពលរដ្ឋ​ និងក្រុមហ៊ុន​មួយណា​ បាន​ចូលកាន់កាប់​ដីតំបន់​នោះមុន។

ហើយបើសិន​តុលាការ​មាន​ការ​សិក្សា​ស៊ើប​អង្កេត​ច្បាស់លាស់​ហើយ គួរតែកុំមាន​ការចោទ​ប្រកាន់​ទៅលើ​ប្រជាសហគមន៍​អី​ ព្រោះយើងដឹងហើយ​ សហគមន៍​នៅទីណាក៏ដោយ ​ក៏គាត់​​តែងមាន​ប្រើប្រាស់​ អាស្រ័យផល​ និង​​ពង្រីកក្បាលស្រែជាធម្មតា។ តាម​ប្រពៃណី​របស់​​គាត់។ ហើយវាដូចជាមិនមាន​បំផ្លិច​បំផ្លាញ​អចលនវត្ថុរបស់ក្រុមហ៊ុនអីវាធ្ងន់ធ្ងរទេ។ អញ្ចឹង គួរ​តែ​ទម្លាក់បទចោទហ្នឹងចោល​កុំឱ្យ​មានការ​ប្រកាន់ដល់ពួកគាត់​តទៅទៀត

លោក ប៉ឹក សោភណ្ឌ អ្នកសម្របសម្រួល​កម្មវិធីកសាង​សមត្ថភាព​សហគមន៍​នៃអង្គការពន្លកខ្មែរ

មន្ត្រីសង្គមស៊ីវិលដដែល អះអាងថា ​ក្រុមហ៊ុន សិលា ដាម៉ិច មានវត្តមាន​នៅតំបន់​នោះ​តាំង​ពី​ឆ្នាំ​២០០៩ បន្ទាប់​ពី​​ទទួល​បាន​ដី​ដំបូង​ជិត ១​ម៉ឺន​ហិកតា សម្រាប់​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម។

លោកបន្ថែម​ថា​ ក្រោយពេលមានផលប៉ះពាល់​ជាមួយ​ប្រជាសហគមន៍ ក្រុមហ៊ុននេះ និង​អាជ្ញាធរ​មូលដ្ឋាន ​​ក៏បានព្រមព្រៀងគ្នា​កាត់ផ្ទៃដីមួយចំនួន​ ហើយខាងក្រុមហ៊ុន​នៅសល់ផ្ទៃដី​ប្រមាណ ៦​ពាន់ហិកតា ប៉ុន្តែ បច្ចុប្បន្ន​ ទំហំផ្ទៃដីរបស់ក្រុមហ៊ុន មិនដឹងមានមានចំនួន​ប៉ុន្មានប្រាកដទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ