កម្ពុជា​ទទួល​បាន​កំណើន​​ទេសចរ​​អន្តរជាតិ​ជិត​១៣​ភាគរយ ​​នាំ​មុខ​ដោយ​ទេសចរ​​ចិន​​៦​ខែ​ដើម​ឆ្នាំ​នេះ

ភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍​ ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ សំណង់​បុរាណ​របស់​ប្រទេស​កម្ពុជា។

តួលេខ​របស់​រដ្ឋាភិបាល បានឲ្យដឹងថា ចំនួន​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា បាន​បន្ត​កើន​ឡើង​ជាង​ពីរ​ខ្ទង់​នៅ​ក្នុង​ឆមាស​ទី​១​ដើម​ឆ្នាំ​នេះ ដែល​នាំ​មុខ​ដោយ​កំណើន​ដ៏​ខ្ពស់​នៃ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​​។

តួលេខ​ក្រសួង​ទេសចរណ៍​ដែល​ចេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​សរុប​ជាង ៣​លាន​នាក់ បាន​ចូល​មក​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​២០១៨​នេះ ឬ​កើន​ឡើង​​ជិត ១៣​ភាគរយ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

តួលេខ​​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​មក​ដល់​កម្ពុជា បាន​កើន​ឡើង​ពី​ចំនួន​ជិត ៥៣​​ម៉ឺន​នាក់​កាល​ពី​ឆមាស​ទី​១​ឆ្នាំ​២០១៧ មក​ដល់​ចំនួន​​ជាង ៩៣​ម៉ឺន​នាក់​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​នេះ ឬ​មាន​កំណើន​ដល់​ទៅ​​ជិត ៧៦​ភាគរយ​ឯណោះ។

​តួលេខ​ដដែល​នេះ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ថា ភ្ញៀវ​ទេសចរ​ចិន​ដែល​ចូល​មក​ដល់​កម្ពុជា បន្ត​ឈរ​ទៅ​លំដាប់​ទី១ ខណៈ​ភ្ញៀវ​ទេសចរ​វៀតណាម​ស្ថិត​នៅ​លំដាប់​ទី​២ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ដែល​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​កម្ពុជា​ច្រើន​បំផុត។

បើ​តាម​តួលេខ​ក្រសួង​ទេសចរណ៍ ភ្ញៀវ​ជន​ជាតិ​ចិន​ដល់​ទៅ​ជាង ១៤​ម៉ឺន​នាក់ បាន​មក​ដល់​ប្រទេស​កម្ពុជា​ត្រឹម​តែ​ខែ​មិថុនា​កន្លង​មក​នេះ ឬ​ស្មើ​នឹង​ ៣២​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ចូល​មក​កម្ពុជា ឬ​មាន​កំណើន​ដល់ទៅ ៦១​ភាគរយ​ឯ​ណោះ បើធៀប​នឹង​ខែ​មិថុនា​ឆ្នាំ​២០១៧​កន្លង​មក។

ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​​ជាង ៥​លាន ៦​សែន​នាក់ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក ក្នុង​នោះ​ភ្ញៀវ​ជន​ជាតិ​មាន​ដល់​ទៅ​ជាង ១​លាន ២១​ម៉ឺន​នាក់ ឬ​ស្មើ​នឹង​ ២១.៦​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ដែល​បាន​មក​ដល់​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ