បក្សកាន់អំណាចថា នឹងដឹកនាំសភាឯកបក្ស​ស្របតាមគោលការណ៍​ប្រជាធិបតេយ្យ​

សន្និសីទសារព័ត៌មានស្ដីអំពីលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរសាស្ត្រ នីតិកាលទី៦ នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

គណបក្សកាន់អំណាច​ដែលទើបនឹងឈ្នះបាន​អាសនៈ​សភា​ទាំង​អស់​នៅ​ក្នុង​ការបោះឆ្នោតអាណត្តិនេះ អះអាងថា នឹងគ្រប់គ្រងសភាឯកបក្ស ហើយ​បម្រើ​ប្រជាពលរដ្ឋ​ស្រប​តាមគោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ។

បើតាមលទ្ធផលបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦នេះ គ.ជ.ប. ប្រកាសជាផ្លូវ​ការ​កាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសភា ១២៥ ខណៈគណបក្ស ១៩ផ្សេងទៀត មិនទទួលបានអាសនៈសូម្បី​តែ​មួយ​។

​ក្នុង​សន្និសីទសារព័ត៌មាននៅថ្ងៃនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ក្រោយពីអតីតបក្សប្រឆាំងត្រូវ​បានរំលាយ​នៅអាណត្តិនេះ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២៥អាសនៈ។

លោកបញ្ជាក់ថា កាលពីអាណត្តិមុន តំណាង​រាស្ត្រ​អតីតគណបក្សសង្គ្រោះជាតិដែលទទួលបាន ៥៥អាសនៈក្នុងសភា បាន​ចេញលិខិតអញ្ជើញ រដ្ឋមន្ត្រីមួយចំនួនសួរនាំពីចំណុចខ្វះខាត ប៉ុន្តែ លោកថា ក្នុងអាណត្តិនេះ ទោះបីជា​មិនមានអតីតបក្សប្រឆាំង​ក៏​ដោយ ក៏សភាឯកបក្សដឹកនាំដោយបក្សកាន់អំណាច​ នឹង​អញ្ជើញរដ្ឋមន្ត្រីមួយចំនួនសួរនាំពីចំណុចខ្វះខាត។

តួនាទី ភារៈកិច្ច​របស់អង្គនីតិប្បញ្ញត្តិរបស់យើង​ មានសិទ្ធិ​ដើម្បីអញ្ជើញរដ្ឋមន្ត្រី បានសេចក្តី​ថា សមាជិករដ្ឋាភិបាល​ មក​សួរ។ ខ្ញុំយល់ថា គណបក្សប្រជាជនកាន់តែមានការលើកទឹកចិត្តដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ​ទៅតាមខ្លឹមសារដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជា​ក្នុងបទបញ្ជាផ្ទៃក្នុង​របស់រដ្ឋសភា​​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស មានប្រសាសន៍ថា ប្រទេសលោកសេរីធំៗ​លើពិ​ភព​លោក នៅក្នុងសភាមានបក្សយ៉ាងតិច​ពីរ ដើម្បីងាយស្រួលកោះហៅរដ្ឋមន្ត្រីសួរនាំ និងអនុម័តច្បាប់មានភាពល្អប្រសើរ។

កាលណាមានតែ​ក្រុមមួយ អត់មានការវែកញែកក្នុង​ការជជែកគ្នាទេ កាលណាមានពីរ​[បក្ស​] មានការត្រួតពិនិត្យគ្នាទៅវិញទៅមក​ ទោះបីថា សំឡេង​ភាគតិចមិនត្រូវ​បានគេទទួលយក ហោចណាស់​ក៏បានដេញដោលគ្នា​ លើកហេតុផលជជែកក្នុងរដ្ឋសភា បង្ហាញពីសំឡេងការពារ ដែលគេចូលរួមជាសាធារណៈឲ្យម្ចាស់ឆ្នោតយល់ថា សំឡេង​​ខ្លួនត្រូវ​បានបង្ហាញ ក៏ប៉ុន្តែ សំឡេងភាគតិច​មិនត្រូវបានទទួល

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស

អ្វីដែលគួរឲ្យកត់សំគាល់ លោក សាវង្ស បញ្ជាក់ថា ​នៅកម្ពុជាអាណត្តិទី៦នេះ សភាដឹកនាំដោយបក្សតែមួយ មិនអាច​ធ្វើឲ្យកម្ពុជាមានការរីកចម្រើន​លឿនដូច​សភាពហុបក្សនោះទេ។

ទោះជាយ៉ាងណា ប្រទេសលោកសេរី ជាពិសេសសហភាព​អឺរ៉ុប និងអាមេរិក មិនបានចេញសេចក្តីថ្លែងការគាំទ្រគណបក្សប្រជាជនកម្ពុជា​ ដែលការបោះឆ្នោតអាណត្តិទី៦នេះទេ ដោយថា ការបោះឆ្នោតអាណត្តិនេះ​ ដើរប្រាស់ចាកពីគន្លងប្រជាធិបតេយ្យ ខណៈអតីតបក្សប្រឆាំងត្រូវ​បានរំលាយ និងមន្ត្រី ១១៨រូប ត្រូវ​បានដកសិទ្ធិធ្វើនយោបាយ​។

ប៉ុន្តែ ប្រទេសមហាអំណាច​ចិន ឡាវ និងវៀតណាមជាដើម បានផ្ញើលិខិត​គាំទ្របក្សកាន់អំណាច​ដែលឈ្នះឆ្នោតអាណត្តិនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ