ក្រសួងកសិកម្មគ្រោងបិតរូបសញ្ញាទទួលស្គាល់បន្លែសុវត្ថិភាពលក់ក្នុងស្រុក

សិក្ខាសាលាស្តីពីការគ្រប់គ្រងតាមដានការអនុវត្តកសិកម្មល្អ ថ្ងៃទី ១៦ សីហា ២០១៨

អគ្គនាយកដ្ឋានកសិកម្ម គ្រោងបិតរូបសញ្ញាលើបន្លែដែលផលិតបានតាមគោលការណ៍អនុវត្តកសិកម្មល្អ (GAP) ដើម្បីសម្គាល់ថា ជាបន្លែដែលមានសុវត្ថិភាពសម្រាប់ដាក់លក់តាមទីផ្សារក្នុងស្រុកនៅតំបន់មួយចំនួន។

ប្រាប់ VOD ផ្ទាល់នៅ​ព្រឹកនេះ នៅក្នុងសិក្ខាសាលាស្តីពីការគ្រប់គ្រងតាមដានការអនុវត្តកសិកម្មល្អ  អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម លោក ហេង ឈុនហ៊ី ឲ្យដឹងថា ស្ថាប័ន​លោក​កំពុងណែនាំឈ្មួញកណ្តាល អ្នកលក់ដុំ និងអ្នកពាក់ព័ន្ធ ឲ្យ​យល់អំពីការអនុវត្តកសិកម្មល្អ ដោយគ្រោងបិតស្លាកសំគាល់បន្លែសុវត្ថិភាពសម្រាប់លក់លើទីផ្សារនៅពេលខាងមុខ។

អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម លោក ហេង ឈុនហ៊ី
អ្នកចូលរួម អ្នកទិញមកពីខេត្តទាំង ៨ បាទ! នៅតាមខេត្តទិសដៅរបស់គម្រោងហ្នឹង គាត់បានមកទីនេះ ហើយនិងគាត់បកទៅវិញ គាត់នឹងធ្វើការផ្សព្វផ្សាយថា តើការអនុវត្តកសិកម្មល្អនេះ បន្លែហ្នឹង! បន្លែនេះខុសពីបន្លែធម្មតាដោយសារមានការទទួល Certify មានន័យថា ធ្វើការបញ្ជាក់ចេញវិញ្ញាបណ្ណបត្រ ហើយយើងនឹងបិត Logo ដែលមានឈ្មោះថា CamGAP។ នោះយើងបិត Logo លើបន្លែដែលមានសុវត្ថិភាព

លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម

មន្ត្រីតាមដាន និងត្រួតពិនិត្យគម្រោងអង្គការអ៊ីកូ (iCCO) អ្នកស្រី លាវ គីមណា ដែលមានវត្តមានក្នុងសិក្ខាសាលានេះ បានគាំទ្រ និងរីករាយសហការចូលរួមជួយគម្រោងបិតរូបសញ្ញាលើបន្លែសុវត្ថិភាព ដោយថា អ្នកស្រីកំពុងតែស្វែងរកអ្នកគាំទ្រ។

កន្លងមកយើងចង់ជំរុញការងារ GAP ក៏ប៉ុន្តែ អត់មានអង្គការ ឬក៏ស្ថាប័នណាមួយដែលអាចជួយ Support (គាំទ្រ) យើងដើម្បីឲ្យការងារនេះកើតឡើងបាន។ អញ្ចឹង នេះជាឱកាសល្អហើយ ដែលខាងយើងអាចរៀបចំផែនការ ក៏ដូចជារកនូវថវិកា ដើម្បីជំរុញការងារនេះឲ្យកើតឡើងនៅក្នុងប្រទេសកម្ពុជា

អ្នកស្រី លាវ គីមណា មន្ត្រីតាមដាន និងត្រួតពិនិត្យគម្រោងអង្គការអ៊ីកូ (iCCO)

អាជីវករទិញលក់ដុំបន្លែមកពីស្រុកសូតនិគម ខេត្តសៀមរាប អ្នកស្រី ម៉ន ជី បាន​ប្រាប់​ថា នឹងជួយជំរុញកសិករឲ្យផលិតបន្លែសុវត្ថិភាព ដោយថាបច្ចុប្បន្ន​នេះ មានតម្រូវការបន្លែប្រភេទនេះច្រើន។

អាជីវករទិញលក់ដុំបន្លែមកពីស្រុកសូតនិគម ខេត្តសៀមរាប អ្នកស្រី ម៉ន ជី (រូបពាក់អាវពណ៌ស្លែ)
ទេលោកគ្រូឲ្យតែមានដឹកតែទាំងអស់នោះឯង! លក់អាអត់ជាតិគីមីវាលស្រួល ចា៎! បន្លែក្នុងស្រុកយើងនុះ! វាលក់ស្រួល តែទៅគេរកអាបន្លែក្នុងស្រុកហើយ។ ស្រួលទៅទៅទៀតហើយលោកគ្រូ គេស្គាល់សញ្ញាទៅ គេកាន់តែចូលចិត្តទិញ

អ្នកស្រី ម៉ន ជី អាជីវករទិញលក់ដុំបន្លែមកពីស្រុកសូតនិគម ខេត្តសៀមរាប

បើតាម លោក ហេង ឈុនហ៊ី ខេត្តគោលដៅដែលគ្រោងអនុវត្តន៍ផលិតបន្លែសុវត្ថិភាពដោយមានបិតរូបសញ្ញាមានដូចជាខេត្តពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្តាល និងខេត្តព្រៃវែង។ លោកឲ្យដឹងទៀតថា គោលការណ៍សំខាន់ដែលអាចបញ្ជាក់មុននឹងបិតរូបសញ្ញាបន្លែមានសុវត្ថិភាពរបស់អគ្គនាយកដ្ឋានកសិកម្ម គឺផ្តោតទៅលើការវិភាគដី ទឹក និងថ្នាំពុលនៅក្នុងបន្លែ។

បញ្ហា​សុវត្ថិភាព​បន្លែ និង​អាហារ បាន​ក្លាយ​ទៅ​ជា​បញ្ហា​ចម្រូង​ចម្រាស់ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​ថ្លែង​ថា ​អ្ន​ក​ប្រើ​ប្រាស់គួ​រ​ស្វែង​យល់ដោយ​ខ្លួនឯង ជាជាងជេររដ្ឋាភិបាលថា ជាអ្នកបណ្តែ​តបណ្តោ​យឲ្យនាំចូ​ល​បន្លែ​គីមី​ទាំង​នោះ។

នាំគ្នាធ្វើពហិការ កុំទិញបន្លែ សាច់ដែលមានសារជាតិគីមីទៅវាចប់រឿងហើយ ចាំបាច់មកជេរ រដ្ឋាភិបាលធ្វើស្អី? តែខ្លួនឯងទៅទិញអាហ្នឹងយកមកស៊ី។ ស៊ីហើ​យមានជម្ងឺជេរ​រដ្ឋាភិបាល។ ស៊ីខ្លួនឯងសោះ មកជេរគ្នាដែរ ។ ជេរ ហ៊ុន សែន ម៉ង តែឆ្នាំ​ង​លោកខ្លួនឯង ស៊ីខ្លួនឯង ទៅទិ​ញខ្លួនឯង ម៉េចមិនរើស?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាបានចំណាយថ​វិកា​ខ្ទង់​ ២០០​លានដុ​ល្លា​រ​អាមេរិក​ក្នុង ១ឆ្នាំៗ សម្រាប់នាំចូលបន្លែពីបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្រសួងថា បន្លែនាំចូលទាំងនោះ ភាគ​ច្រើ​​ននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ