លោក គឹម សុខ ​ថានៅតែបន្តវិភាគបញ្ហាសង្គម ទោះបីលោកកំពុងជាប់បណ្តឹងមួយទៀតក៏ដោយ​

អ្នកវិភាគនយោបាយ និងបញ្ហាសង្គម លោក គឹម សុខ ក្រោយត្រូវបានតុលាការដោះលែង

អ្នកវិភាគនយោបាយ និងបញ្ហាសង្គម លោក គឹម សុខ អះអាងក្រោយចេញ​ពីពន្ធនាគារនៅថ្ងៃនេះថា លោកនៅតែបន្តវិភាគ និងនិយាយពីបញ្ហានានាក្នុងសង្គម ខណៈរូបគាត់ពេលនេះក៏កំពុងជាប់បណ្តឹងមួយទៀតដែលប្តឹងដោយរដ្ឋាភិបាលដែរជុំវិញការវិភាគរបស់លោក។​ ​

លោក គឹម សុខ  ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញហើយនៅថ្ងៃនេះ​ ក្រោយពីរូបគាត់បាន​អនុវត្តន៍ទោស​ជាប់​ពន្ធនាគាររួចរាល់។

អ្នកវិភាគនយោបាយ និងបញ្ហាសង្គមរូបនេះ ប្រាប់អ្នកសារព័ត៌មានមុខពន្ធនាគារព្រៃសថា បន្ទាប់ពីចេញពីពន្ធនាគារលើកនេះរូបគាត់នឹងបន្តនិយាយពីបញ្ហាសង្គមតទៅទៀត ដើម្បី​ជំរុញឲ្យមានយុត្តិធម៌ និងមានប្រជាធិបតេយ្យនៅក្នុងសង្គម​ ប៉ុន្តែការអត្ថាធិប្បាយទាំងនោះ​ត្រូវធ្វើ​ឡើង​ស្រប​តាម​ច្បាប់ដែលចែងក្នុងរដ្ឋធម្មនុញ្ញ។

ខ្ញុំមានការព្រួយបារម្ភ។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំនៅតែបន្តការងាររបស់ខ្ញុំ ហើយវាគ្មានមូលហេតុណាមួយ ធ្វើឲ្យខ្ញុំបោះបង់ការងារខ្ញុំហ្នឹងចោលទេ។ ដូចខ្ញុំបញ្ជាក់អញ្ចឹងពីដំបូងខ្ញុំថា ខ្ញុំចូលគុកធ្វើប៉ុណ្ណឹង ខ្ញុំចេញពីគុក ខ្ញុំធ្វើលើសដើម។ ប៉ុន្តែមិនមែនមានន័យថា ជារឿងដែលត្រូវធ្វើក្នុងការប្រទូសរ៉ាយជាមួយអ្នកណាម្នាក់ទេ ប៉ុន្តែក្នុងហេតុផលយុត្តិធម៌ ប្រជាធិបតេយ្យក្នុងក្របខណ្ឌច្បាប់ទំលាប់ដែលផ្តល់សិទ្ធិឲ្យខ្ញុំធ្វើ ដែលចែងក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះខ្ញុំនឹងធ្វើបន្តទៀត ដោយមិនមែនជារឿងញុះញង់រឿង ឬ បរិហាអ្នកណាទេ ប៉ុន្តែវាកាតព្វកិច្ចរបស់ខ្ញុំត្រូវតែធ្វើ

កាលពីថ្ងៃទី១៥ ខែសីហា មុនថ្ងៃដោះលែងនេះ២ថ្ងៃ តំណាង​អយ្យការសាលាដំបូងរាជធានីភ្នំពេញ ​លោក សៀង សុខ ចាប់ផ្តើមសាកសួរលោក គឹម សុខ ក្នុងសំណុំរឿងមួយទៀតដែលប្តឹងដោយរដ្ឋាភិបាលដែរជុំវិញការវិភាគរបស់លោក ដែល​ថា​រដ្ឋាភិបាលបានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្សនិងវែក​មុខរក​ឃាតករ​មិនឃើញ។​

​លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា បើការនិយាយរបស់លោក គឹម សុខ ស្របតាមច្បាប់នោះគេមិនចោទប្រកាន់ឬចាប់ខ្លួនម្តងទៀតឡើយ។

សំខាន់គាត់និយាយកុំឲ្យខុសច្បាប់។ បើគាត់និយាយអ្វីមួយឲ្យខុសច្បាប់គេអាចនឹងចាត់ការគាត់​ម្តងទៀត តែខុសច្បាប់ហើយគេចាត់ការគាត់ទៀតហើយ

​លោកមេធាវី សុក សំអឿន

ចំណែកអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថា ការវិភាគរបស់លោក គឹម សុខ ត្រូវបានគេចាប់ខ្លួន ឬមិនចាប់ខ្លួន វាអាស្រ័យលើស្ថានភាពនយោបាយ ព្រោះ​ប្រសិនបើលោក គឹម សុខ បន្តនិយាយបញ្ហាសង្គមខ្លាំងៗ ក្នុងស្ថានភាពនយោបាយឡើងកំដៅខ្លាំងនោះ គេនឹងចាប់ខ្លួនម្តងទៀត។

លោកបន្តថា ករណីតុលាការចាប់ផ្តើមសាកសួរក្នុងសុំណុំរឿងមួយផ្សេងទៀតនោះ វាជាសញ្ញាគំរាមកំហែងទៅលោក គឹម សុខ កុំឲ្យបន្តនិយាយបញ្ហាសង្គមខ្លាំងៗទៀតតែប៉ុណ្ណោះ។

កាលណាយើងឃុំទុកអត់មានកំណត់អីច្បាស់លាស់ នោះហើយគេហៅថា យើងជាប់ខ្លួនដោយសារតែទិដ្ឋភាពនយោបាយ។ ហើយការចាប់ខ្លួនដោយសារទិដ្ឋភាពនយោបាយនេះ គឺថាពេលណានយោបាយធូរទៅដោះលែងទៅ ពេលណានយោបាយតឹងយើងជាប់នៅហ្នឹងរហូត។ នេះជារឿងមួយដែលខ្ញុំឃើញ។ ហើយទី២ទៀត មានករណីមួយចំនួនធំនោះពេលដោះលែងមកហើយនោះក៏នៅតែដាក់គ្នាស្ថិតនៅក្រោមការតាមដានវាសុទ្ធតែជាផ្នែកមួយ នៃការជ្រៀតជ្រែកពីនយោបាយដើម្បីដាក់ទៅកុំឲ្យមនុស្សនោះចេញមកវិញហ៊ានធ្វើអី ហ៊ាននិយាយអីច្រើនទៀត

លោក គឹម សុខ ធ្លាប់អត្ថាធិប្បាយចោទគណបក្សកាន់អំណាចថា នៅពីក្រោយករណីសម្លាប់ លោក កែម ឡី និងថាបក្សកាន់អំណាចបានរៀបចំក្រុមដើម្បីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ