មូលនិធិ​អន្តរជាតិមួយជំរុញឲ្យទម្លាក់​ការចោទប្រកាន់លើមន្រ្តីនិងអតីតមន្រ្តី​អង្គការ​អាដហុក

សមាគមអាដហុក

មូលនិធិការពារសិទ្ធិមនុស្សអន្តរជាតិមួយ បានថ្កោលទោសចំពោះការចោទប្រកាន់ប្រឆាំងនឹងមន្រ្តីនិងអតីតមន្រ្តី​អង្គការ​អាដហុក ហើយក៏ជម្រុញឲ្យកម្ពុជា​ទម្លាក់ការចោទប្រកាន់ទៅលើអ្នកការពារសិទិ្ធមនុស្សទាំងនោះផងដែរ​។

មូលនិធិការពារ​សិទ្ធិមនុស្ស​ឈានមុខ(Front Line Defenders) ដែលការពារក្រុមអ្នកការពារ​សិទ្ធិមនុស្ស​បានជំរុញឲ្យកម្ពុជាទម្លាក់​ចោលការចោទប្រកាន់​ទាំងអស់ប្រឆាំង​​នឹង លោក ណៃ វ៉ង់ដា លោកនី សុខា លោកយី សុខសាន្ត អ្នកស្រី លឹម មុន្នី និង​លោក នី ចរិយា ដោយគ្មានលក្ខខណ្ឌ។​

Front Line Defenders ក៏ស្នើឲ្យកម្ពុជាធានាថាការជំនុំជម្រះត្រូវធ្វើឡើង​ដោយយុត្តិធម៌ស្របតាមស្តង់ដារអន្តរជាតិ និង​ ធានាថា​គ្រប់កាលៈទេសៈទាំងអស់ដែលអ្នកការពារសិទិ្ធមនុស្សនៅកម្ពុជាអនុវត្តន៍សកម្មភាពសិទិ្ធមនុស្សរបស់ពួកគេដោយគ្មានការភ័យខ្លាចចំពោះ​ការសងសឹកនិងមិនមានការរឹតត្បិត។

កាលពីថ្ងៃទី១២ សីហា ២០១៨នេះ អ្នកការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានទទួលដីកាកោះ ដែលចុះថ្ងៃទី៩ សីហា ចេញដោយព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ដោយកោះហៅទៅចូលរួមសវនាការនៅព្រឹកថ្ងៃទី ២៧ សីហា ២០១៨ នៅសាលាដំបូងរាជធានីភ្នំពេញ ។ បន្ទាប់មក លោក នី ចរិយា ក៏ទទួលបានដីកាកោះហៅដូចគ្នាផងដែរ។

គួររំលឹកដែរថាមន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក៤​រូប និង​អគ្គ​លេខាធិការ​រង គ.ជ.ប. លោក នី ចរិយា ដែល​ជាអតីតមន្រ្តី ​អាដហុក​ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ២០១៧ បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ ក្រោម​​ការ​ចោទប្រកាន់​ថា បាន​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​ក្នុង​រឿង​សូក​ប៉ាន់​សាក្សី ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ស្នេហា​ចម្រូង​ចម្រាស​ជាមួយ​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ