រដ្ឋមន្រ្ដីចក្រភពអង់គ្លេស គ្រោងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជានាចុងខែសីហានេះ

រដ្ឋមន្ដ្រីក្រសួងការបរទេសអង់គ្លេស លោក Mark Field (រូបភាព៖ ហ្វេសប៊ុក Mark Field MP / Screenshot)

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស នឹងមកទស្សនកិច្ចនៅកម្ពុជានាចុងខែនេះ  ដើម្បីជួបពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាដែលចេញកាល​ពីថ្ងៃទី១៥ខែសីហា​ បានឲ្យដឹងថា លោក Mark Field រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស​ នឹងធ្វើទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២២ដល់​២៣សីហា។ លោក Mark Field ក៏នឹងជជែកជាមួយកម្ពុជាអំពីការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដាកន្លងទៅ និងចំណងសម្ព័ន្ធភាពរវាងចក្រភពអង់គ្លេសនិងកម្ពុជា នៅក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្ដី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីក្រសួងអប់រំ។

សេចក្ដីប្រកាសព័ត៌មានដដែលបានអះអាងថា លោក Mark Field ធ្លាប់​បង្ហាញជំហរក្នុងនាម​ចក្រភពអង់គ្លេសចំពោះការបោះឆ្នោតនៅកម្ពុជាថា មិនមានយុត្តិធម៌ និងមិនគួរឲ្យទុកចិត្តឡើយ។ ហើយលោកក៏បានលើកឡើងថាលោកនឹងគ្រោងពិភាក្សាជាមួយនាយករដ្ឋមន្រ្ដីនៅប្រទេសកម្ពុជា ដើម្បីជម្រុញឲ្យ   រដ្ឋាភិបាលកម្ពុជាឲ្យ​បើកចំហរការពិភាក្សានយោបាយ សេរីភាពសារព័ត៌មាន និងធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យមានដំណើរការ​ឡើងវិញ។

លោក Mark Field ក៏ទៅធ្វើការទស្សនកិច្ចនៅស្នាក់​របស់ HALO Trust ដែលជាជំនួយរបស់ចក្រភពអង់គ្លេសនៅខេត្តសៀមរាបផងដែរ ដើម្បីចុះជួបជាមួយក្រុមដោះមីននៅទីនោះ។​

ដំណើរទស្សកិច្ចរបស់លោក​ Mark Field មកកម្ពុជាជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់​មកកាន់​ប្រទេស​ចំនួន​៦នៅតំបន់​អាស៊ីអាគ្នេយ៍ដែលក្នុងនោះ រួមមាន ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រ៊ុយណេ ថៃ កម្ពុជានិងឡាវ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ