អាជ្ញាធររឹបអូសបានឪសថក្លែងក្លាយជាច្រើនមុខនៅរាជធានីភ្នំពេញ

​សកម្មភាពកម្ទេចបំផ្លាញគ្រឿងសម្អាងក្លែងក្លាយ

អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្រ្កាបទីតាំងចែកចាយឪសថក្លែងក្លាយ និងខូចគុណភាពមួយកន្លែងនៅរាជធានីភ្នំពេញ ដោយរឹបអូសបានឪសថចំនួន ៣៥មុខ ដែលសមត្ថកិច្ច​ថា សុទ្ធសឹងគ្មានច្បាប់អនុញ្ញាត និងខុសស្ដង់ដារ។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយឲ្យដឹងថា កាលពីថ្ងៃទី១៦សីហាឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចចម្រុះ និងមូលដ្ឋាន បានចុះបង្ក្រាបទីតាំងនាំចូល និងចែកចាយឪសថមួយកន្លែងឈ្មោះ «រស្មី សួគ៌» ដែលមានទីតាំងនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានម្ចាស់ឈ្មោះ ហោ ឈុន ជាជនជាតិខ្មែរ។ នេះដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨សីហាម្សិលមិញ។

បើតាមសេចក្ដីប្រកាសព័ត៌មាន អាជ្ញាធរអះអាងថា រឹបអូសបានឪសថចំនួន ២៣មុខ សរុបចំនួន ៥០០កេស ស្មើនឹងជាង ១៣ម៉ឺនគ្រាប់ និងជិត ៧ម៉ឺនកញ្ចប់ ព្រមទាំងឪសថផុតសុពលភាពចំនួន ១២មុខទៀត សរុប ២០កេស។

ករណីនេះ គណៈកម្មាធិការចម្រុះសន្និដ្ឋានថា នេះអាចជាទីតាំងវេបខ្ចប់ និងកែសុពលភាពឪសថ រក្សាទុក និងចែកចាយផលិតផលក្លែងក្លាយ និងដំណើរការក្រុមហ៊ុនមិនអនុឡោមតាមច្បាប់។

ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៦ ខែសីហាឆ្នាំ២០១៨ ​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក មៀ​ជ​ សុ​ផា​ន់​ណា មានប្រសាសន៍ថា ការកើនឡើងនៃផលិតផលក្លែងក្លាយ គឺស្របពេលដែលកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន ដែលបណ្ដាលឲ្យមានកំណើនតម្រូវការខ្ពស់ ជាហេតុ​ធ្វើ​ឲ្យ​ជនខិលខូចមួយចំនួនឆ្លៀតកេងចំណេញ និងលួចផ​លិត​ផលិតផល​ក្លែងក្លាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ