GDP ប្រកាស​ថា នឹងពិចារណា​ចូល​រួម​វេទិកា​ពិគ្រោះ​យោបល់​រៀបចំ​ដោយ​​រដ្ឋាភិបាល

នាព្រឹកថ្ងៃទី ១០ កក្កដា ២០១៨ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឃោសនាបក្សនៅស្តុបបូកគោ កន្លែងដែលលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសថា ពួកគេ​នឹង​ពិចារណា​ចូល​រួម​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​មួយ​ ដែល​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្នុងពិធីមួយកាលពីថ្ងៃ​ទី​១៥ សីហា លោក​ ​ហ៊ុន សែន​ បាន​​​ប្រកាសថា​​ នឹងបង្កើតឲ្យមានវេទិកា​ពិ​​គ្រោះ​​​​​យោ​បល់ជា​មួ​យ​​​​​គ​ណ​​​​​​​ប​ក្សដែ​លមិន​ទទួល​បាន​អាសនៈក្នុងរដ្ឋភា នៅមុនបង្កើតរដ្ឋាភិបាលថ្មី ដើម្បីប្រមូលគំនិត​ជំរុញ​ដល់​​​កា​​​រ​​អ​​​​ភិ​​វឌ្ឍ​តាមបែ​ប​​ប្រ​ជាធិ​ប​តេ​យ្យ​សេ​រីពហុប​ក្ស។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​និយាយ​ថា ខ្លួន​ស្វាគមន៍​នូវ​វេទិកា​បែប​នេះ ដែល​ជា​កិច្ច​ពិភាក្សា​រវាង​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​នានា។

គណបក្ស​នេះ បាន​ចាត់​ទុក​វេទិកា​បែប​នេះ​ថា ជា​ទម្រង់​មួយ​ស្រប​តាម​គោល​នយោបាយ​បង្រួប​បង្រួម​ជាតិ ដូច​មាន​ចែង​ក្នុង​គោល​នយោបាយ​របស់​ខ្លួន។

គណបក្ស​មួយ​នេះ បាន​ប្រកាស​ថា នឹង​ពិចារណា​ចូល​រួម​ក្នុង​វេទិកា​នេះ នៅ​ក្រោយ​ការ​បង្កើត​រដ្ឋ​សភា និង​រដ្ឋាភិបាល។

ប៉ុន្តែ គណបក្ស​នេះ​ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​បង្ហាញ​នូវ​គោល​បំណង​ជាក់​លាក់ យន្តការ​លម្អិត និង​ភាព​ទៀង​ទាត់​នៃ​វេទិកា​នេះ ដោយ​ថា ដើម្បី​ឲ្យ​ខ្លួន​មាន​មូលដ្ឋាន​សម្រាប់​ការ​ពិចារណា​ចូល​រួម​ប្រកប​ដោយ​ប្រសិទ្ធភាព។

ទោះជាយ៉ាងណា បណ្ឌិត យ៉ង សាំងកុមារ ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋ​មន្ត្រី​សម្រាប់​គណបក្ស​មួយ​នេះ​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​នោះ បាន​ប្រកាស​នៅ​លើ​គណនី Twitter របស់​លោក​​នៅ​ព្រឹក​នេះ​ថា គណបក្ស​លោក​សម្រេច​ចិត្ត​មិន​ចូល​រួម​ក្នុង​វេទិកា​មួយ​នេះ ដែលនឹង​ត្រូវ​រដ្ឋាភិបាល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា​នេះ​នោះ​ទេ។

ខុសពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រធាន​គណបក្ស​​សម្ព័ន្ធ​ដើម្បីប្រជា​ធិបតេយ្យ​ លោក ខឹម វាសនា​ បាន​​ប្រាប់ ​VODថា គណបក្សលោក​​នឹងមិន​ចូល​រួម​​វេទិកា​ពិគ្រោះ​​យោ​បល់​​រវាង​រដ្ឋាភិបាល​ និង​គណបក្ស​នយោបាយ​ទាំង១៩ ដែល​នឹងធ្វើឡើង​នៅ​ថ្ងៃ​ទី២១ខែសីហា​​នោះ​ទេ ដោយ​ថា គ្មានប្រយោជន៍ និង​គ្រាន់​តែ​ជា​រូប​ភាព​បិទ​បាំង​រឿងអាក្រក់​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ