កម្ពុជាឆ្លើយតប UN ថា ការសុំឲ្យដោះលែងអ្នកទោសកំពុងជាប់ឃុំ គឺជ្រៀតជ្រែកស្ថាប័នតុលាការឯករាជ្យ

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

រដ្ឋាភិបាលកម្ពុជាបានច្រានចោលការទទូចរបស់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani ដែលបានជំរុញជាថ្មី ឲ្យមានការដោះលែង​អ្នកទោសនយោបាយ​ អ្នកសារព័ត៌មាន និង​អ្នកការពារសិទ្ធិមនុស្សទាំងអស់កំពុងជាប់ឃុំ។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៨សីហា ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានច្រានចោលការរិះគន់របស់លោកស្រី Ravina Shamdasani ថា មិនអាចទទួលយកបាន និងចាត់ទុកការអំពាវនាវនេះថា គឺមិនខុសពីធ្វើឲ្យរដ្ឋាភិបាលជ្រៀតជ្រែកអំណាចតុលាការ ដែលថា ជាស្ថាប័នឯករាជ្យ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិក៏ឆ្លើយតបចំពោះការរិះគន់ទាំងឡាយ ដោយថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា គឺស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស មានពលរដ្ឋចេញទៅបោះឆ្នោតប្រមាណ ៨៣ភាគរយ និងដំណើរការដោយរលូន និងគ្មានអំពើហិង្សា។

ឆ្លើយតបចំពោះការអំពាវនាវឲ្យធានាបរិយាកាលនយោបាយល្អប្រសើរ និងមានការចូលរួមពីភាគីសង្គមស៊ីវិល ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា អះអាងថា រដ្ឋាភិបាលកំពុងរៀបចំវេទិកាពិគ្រោះយោបល់មួយហើយ ដែលថា នឹងមានការចូលរួមពីគណបក្សនយោបាយចូលរួមប្រកួតប្រជែងបោះឆ្នោត។

កាលពីដើម​ខែមីនាកន្លងទៅ មន្ដ្រីជាន់ខ្ពស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein ក៏ធ្លាប់​បាន​អំពាវនាវឲ្យដោះលែងអ្នកទោសនយោបាយ ​និង​អ្នកការពារសិទ្ធិមនុស្សនៅក្នុងកិច្ចប្រជុំកិច្ចមួយដែលផ្ដោតសំខាន់លើរបាយការណ៍ប្រចាំឆ្នាំស្ដីពីបញ្ហាសិទ្ធិមនុស្សលើសកលលោក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ