អតីតអគ្គមេបញ្ជាការរងកងទ័ពជើងគោក លោក មាស សុភា បានលាឈប់ពីបេក្ខជនតំណាងរាស្ត្របក្សកាន់អំណាច ហើយវិលត្រឡប់ទៅកាន់តំណែងដើមរបស់លោកវិញ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃនេះថា លោក មាស សុភា ដែលបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាប្រចាំនៅមណ្ឌលខេត្តព្រះវិហារនោះ នឹងវិលត្រឡប់ទៅកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោកវិញ បន្ទាប់ពីលោកលាលែងពីតំណែងតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់វីអូឌីថា តំណែងតំណាងរាស្ត្រតែមួយគត់របស់មណ្ឌលខេត្តព្រះវិហារ នឹងត្រូវប្រគល់ទៅបេក្ខជនម្នាក់ទៀតដែលឈរនៅលេខរៀងបន្ទាប់ពីលោក មាស សុភា។
លោក មាស សុភា និងថ្នាក់ដឹកនាំជាន់ខ្ពស់យោធា ២រូបទៀត មានលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងទ័ព និងលោក គន់ គីម អគ្គមេបញ្ជាការរងកងទ័ព និងជានាយសេនាធិការចម្រុះនៃកងទ័ពផងនោះ បានដាក់ពាក្យព្យួរតំណែងរបស់ខ្លួន ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតកាលពីចុងខែកក្កដាកន្លងមកនេះ៕