ជនជាតិដើមភាគតិច​ពូនង​នៅ​មណ្ឌលគិរីអំពាវនាវទៅរដ្ឋាភិបាលឲ្យទប់ស្កាត់បទល្មើសព្រៃឈើ

កម្លាំងជំនាញបានប្រទះឃើញគំនរឈើ ប្រភេទឈើស្រឡៅចំនួន៥៧កំណាត់ ដែលក្រុមជនល្មើសយកលាក់ទុកនៅចំនុចភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំឡុងថ្ងៃទី ១៤ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Khlei Khloem Daily)

ប្រជាសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី អំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធចាត់វិធានការ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ នៅតំបន់ដែនជម្រកសត្វព្រៃមួយស្ថិតនៅ ស្រុកពេជ្រាដា ដោយ​ថា បទល្មើស​នេះ កំពុងកើតឡើងយ៉ាងគ្រឹកគ្រើងនាពេលបច្ចុប្បន្ន។

ប្រជាសហគមន៍​ជនជាតិដើមភាគតិចពូនង នៅ​ឃុំប៊ូស្រា លោក ស្រើម ចូញ ប្រាប់វិអូឌីនៅថ្ងៃនេះថា ​ការកាប់បំផ្លាញព្រៃ​ឈើនៅតំបន់ដែនជម្រកសត្វភ្នំណាំលៀ ស្ថិតក្នុងភូមិពូលុ ពីសំណាក់ក្រុមឈ្នួញ និងប្រជាពលរដ្ឋ កំពុងតែកើតមានឡើងដោយគ្មានការទប់ស្កាត់នោះឡើយ។

បើម្ចាស់ស្រុកមិនបើកដៃ ម្ចាស់ព្រៃគេមិនចូលទៅទេ​ អញ្ចឹងមានន័យថា ទាំងប្រជាពលរដ្ឋទាំងអាជ្ញាធរ វាទាំងអស់គ្នាហ្នឹង។ ប្រជាពលរដ្ឋជាអ្នកស៊ីឈ្នួល ហើយអាជ្ញាធរនោះ គាត់ជាអ្នកមើលការខុសត្រូវ គាត់ជាអ្នកមើលផ្លូវមើលអីអញ្ចឹងទៅ ទាក់ឈ្នួញអញ្ចឹងទៅ។ អញ្ចឹង បទល្មើសវាក៏រលូនទៅតាមហ្នឹងទៅ។ នៅតំបន់ណាំលៀហ្នឹង វាអស់ហើយ

ប្រជាសហគមន៍​ជនជាតិដើមភាគតិចពូនង នៅ​ឃុំប៊ូស្រា លោក ស្រើម ចូញ

អ្នកប្រឹក្សាយោបល់សម្រាប់សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី លោក គ្រើង តុលា  មានប្រសាសន៍ថា ចាប់​តាំងពីចុងឆ្នាំ២០១៧ ការកាប់បំផ្លាញ់ព្រៃឈើ ជាពិសេសនៅក្នុងតំបន់ដែនជម្រកមួយ​នេះ បានកក្រើកឡើងខ្លាំងវិញ។ លោកបន្ថែម​ថា អ្នកដែលកាប់បំផ្លាញ និងការដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាមនៅក្នុងខេត្តនេះ មានងារជាឧកញ៉ាដែលមានអំណាច។

ភាគច្រើន គឺនៅតំបន់ខេត្តមណ្ឌលគិរីនេះ គឺមានផ្លាកលេខ ០០០៧ ហើយ ០០៧៧ ហើយបានប្រភព[ប្រជាពលរដ្ឋ] ជារបស់ឧកញ៉ា ហ៊ុន ជា នេះជាព័ត៌មានដែលរាយការណ៍មកខ្ញុំ។ យើងមិនដឹងទេ យើងដឹងថា គាត់ជាឧកញ៉ា ហើយឡានរបស់គាត់មានអត្តសញ្ញណ ក្រៅពីផ្លាកឡាន ០០០៧ ហើយ០០៧៧ ហ្នឹង ជាមួយនឹងឡានឡង់គ្រីហ្ស៊ហ្នឹង​ មិនមែនជាឡានរបស់គាត់ទេ

លោក គ្រើង តុលា អ្នកប្រឹក្សាយោបល់សម្រាប់សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី

លោកអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យចុះបង្រ្កាបបទល្មើសព្រៃឈើនៅក្នុងខេត្តនេះ បើមិនដូច្នេះ ព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃនៅតំបន់នោះ នឹងត្រូវវិនាស​នាពេលខាងមុខនេះមិនខានឡើយ។

កាល​ថ្ងៃទី​១៥ មករា ឆ្នាំ​២០១៦​ រដ្ឋាភិបាល​បានសម្រេច​បង្កើត​គណៈកម្មកា​រ​ជាតិមួយ ដឹកនាំ​ដោយ​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បីធ្វើទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ដែលកំពុងកើតឡើង។

ដែន​ជម្រក​សត្វ​ព្រៃ​ណាំលៀត្រូវ​រដ្ឋាភិបាល បាន​ដាក់​បញ្ចូល​ជា​ដែន​ជម្រក​សត្វ​ព្រៃ កាល​ពី​ឆ្នាំ​២០១៦ ដោយស្ថិតនៅក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថានដែលមាន​ផ្ទៃ​ដី​ជាង ២​ម៉ឺន​ហិកតារ (២១.៩៣៣)។

វីអូឌីមិនអាចសុំអត្ថាធិប្បាយពី​​នាយកដែនជម្រកសត្វព្រៃណាំលៀ លោក វុធ សារុំ និង​អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បានទេ នៅ​ថ្ងៃ​នេះ។

ទិន្នន័យ​នៅ​លើ​គេហទំព័រ​អង្គការ​ទិន្នន័យ​កម្ពុជា បង្ហាញថា នៅឆ្នាំ១៩៧៣ កម្ពុជាមានព្រៃឈើសរុប ១៣,១លានហិកតា ប៉ុន្ដែ រហូតដល់ឆ្នាំ២០១៤ អត្រានេះបានធ្លាក់ចុះមកត្រឹម ៨,៧លានហិកតាប៉ុណ្ណោះ។

របាយការណ៍ឆ្នាំ២០១៧របស់អង្គការឃ្លាំមើលព្រៃឈើ Forest Trends បង្ហាញថា ការនាំឈើហុប និងឈើអារពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម មាន​ទំហំ ១៦ ៣០៧១​ម៉ែត្រ​គូប ឬ​មាន​តម្លៃ​ប្រហែល ៤០​លាន​ដុល្លារ ដោយ​បាន​កើន​ឡើង​ដល់​ទៅ ១៧​ភាគរយ បើធៀប​នឹង​តួលេខ​នៃ​ការ​នាំ​ចេញ​ឈើ​ពី​កម្ពុជា​នៅ​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ