វិភាគ៖​ ហេតុ​អ្វីលោក​ ហ៊ុន ​សែន​ បង្កើត​វប្បធ​ម៌​សន្ទ​នាជា​មួយ​បក្ស​មិន​ឈ្នះឆ្នោត​?

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស មិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហុយ ព្រឹកថ្ងៃទី ០២ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានលើកឡើងថា រដ្ឋាភិបាលថ្មីនឹងបង្កើត​វេ​​ទិ​​​​កា​ពិ​គ្រោះ​យោបល់​ជាមួយ​គណបក្ស ដែលមិនបានឈ្នះឆ្នោត ដើម្បីប្រមូលគំនិតស​ម្រាប់​ដឹក​​នាំ​ប្រ​ទេ​ស​ កុំ​ឲ្យ​បក្ស​កាន់​អំណាចជិះសេះលែ​ងដៃ បើទោះបី​ជាបក្ស​របស់លោកឈ្នះឆ្នោត​ក្រោមសំ​ឡង​រិះគ​ន់ក៏​ដោយ។

ក្រោយបោះឆ្នោត ប្រទេសលោកសេរី មានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន រួម​ទាំងប្រ​ទេសមួយចំនួនទៀត បាន​ប្រកាស​មិន​ទទួលស្គាល់ការបោះឆ្នោតនេះ និងបានជំរុញឲ្យគ​ណបក្សកា​ន់​​អំ​​ណាច ​ស្វែង​រកដំណោះស្រាយនយោ​បាយ​ជាមួយអ​​តី​ត​​ប​ក្ស​​ប្រឆាំង ដែល​ត្រូវ​បាន​រំលាយ​ទៅ​ហើយ​នោះ ដើម្បី​ស្តារ​ប្រជាធិបតេយ្យឡើងវិញ។

ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បានគំរាមភ្លា​មៗពីលទ្ធភាពពង្រីកវិធានកា​រដាក់ទណ្ឌកម្មទិដ្ឋាការរបស់ខ្លួន​មក​​លើ​​​​​ម​ន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាលកម្ពុជា ខណៈ​ដែល​សហភាពអឺរ៉ុបវិញ ក៏បានគំរាមផ្តាច់ប្រព័ន្ធអ​នុគ្រោះពន្ធ ដែលកម្ពុ​ជា​រក​បាន​ប្រាក់​រាប់ពាន់លា​នដុ​ល្លា​​​​រ​​ក្នុងមួយ​ឆ្នាំៗផងដែរ។​

ប៉ុន្តែ ប្រទេសកុម្មុយនីស្តមួយចំនួន ចិន រុស្ស៊ី វៀ​​ត​​​ណា​ម​ និងឡាវ ជាដើម បានប្រ​កាសគាំទ្រលទ្ធ​ផលបោះ​ឆ្នោតដ៏ចម្រូង​​ច​ម្រា​​សនេះ។

​​ម​ហា​​អំណាចចិន មិនត្រឹមតែប្រកាសគាំទ្រទៅលើជ័យជម្នះ​របស់គណ​បក្ស​ប្រ​ជាជនកម្ពុជាប៉ុណ្ណោះទេ ម​ហា​​អំ​​​ណា​​ច​ក​ម្មុយនីស្ត​ចិន ថែមទាំងប្រកាសថា ខ្លួននឹ​ងចែករំលែកប​ទពិសោធ​ន៍ផ្នែក​ដឹក​នាំ​​ប្រ​ទេ​​ស ដឹក​នាំ​​បក្ស និង​ជំរុញ​ការអភិវឌ្ឃ និង​ស្ថេរភាព​នយោបាយ​ដល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា។

ប៉ុន្តែ ក្រោយ គ.ជ.ប ប្រកាសថា គណបក្សប្រជាជនកម្ពុជាដណ្តើម​បានអាសនៈទាំងអ​ស់ក្នុងស​ភាទាំ​ង១​២​៥ម​​ក​នោះ លោក​នាយករដ្ឋមន្ត្រី បានប្រកាសបើក​វេទិកាពិគ្រោះ​យោបលជា​មួយគណ​បក្សដែល​មិនជា​ប់​ឆ្នោ​ត មុន​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​អាណត្តិ​ទី​៦នេះ។

តើអ្វីនៅពីក្រោយការបង្កើតវប្បធម៌សន្ទនារបស់ លោក ហ៊ុន សែន នៅពេលនេះ?

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា ការបង្កើតវេទិការនេះ អាចគ្រាន់តែ​ជារូប​ភា​ព​បិទ​បាំ​ង​ថា ក្បាល​ម៉ាស៊ីន​ដឹកនាំថ្មី ដំណើរការទៅតាមយន្តការបង្រួ​បបង្រួមជាតិ ពហុបក្ស ក្រោយ​ពីរំលាយ​គ​ណ​បក្សប្រឆាំង។

អ្នកវិ​ភា​គវ័យក្មេងរូបនេះ យល់ថា កូនសោរ​នៃការធ្វើកំណែទម្រង់ស្ថិតក្នុងកណ្តាប់ដៃ លោក ហ៊ុន សែន មិន​មែននៅ​លើដៃគ​ណ​ប​ក្សទាំង ១៩នោះទេ។

ពីអាណត្តិមុន សូម្បីគណបក្សសង្គ្រោះជាតិ មានដល់ ៥៥កៅអី យើងឃើញថា គណ​បក្សប្រ​ជាជ​ន ​នៅតែ​ធ្វើអី​តាម​ចិត្ត​គាត់ហ្នឹង ដូចគ្មានបានស្ដាប់សំ​ឡេងភាគតិចអីផងហ្នឹ​ង។ ចុះទម្រាំ​​គ​ណ​ប​ក្ស​ទាំង​១៩​​នៅ​​ក្រៅ​រដ្ឋាភិបាល​ហ្នឹង អាច​ជួយ​ផ្តល់​ជា​យោបល់ ឬមួយជាសំឡេងតាមរបៀបយ៉ាងមេចទៅ?

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ

នាយកប្រតិបត្តិសម័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ វិភាគថា គេពិបាកជឿថា បក្សកាន់អំ​ណាច​ដដែលនេះ យ​ក​យោបល់​ពីគណបក្សតូចៗទាំង១៩ ទៅរួមបញ្ចូល ដើម្បីដោះស្រាយបញ្ហាជាតិ បើ​គេ​​ក្រឡេក​​មើលភាព​មិន​ចុះ​សម្រុង​គ្នា​ជាមួយ​អតីតបក្សប្រឆាំង ដែលមានអ្នកគាំទ្រជា​ង៣​លា​ន​នាក់​នោះ​។

អ្នកជំនាញផ្នែកអភិបាលកិច្ចរូបនេះ យល់ថា ការបង្កើតវេទិកា​សន្ទនា ដើម្បីប្រមូល​មតិពីគ​ណប​ក្សតូ​ចៗ​នេះ អាច​គ្រាន់​តែ​ជាការ​លុប​លាងក្បាលម៉ាស៊ីន​ដឹកនាំថ្មីបែបឯកបក្ស​ ច្រើនជាង​ការ​ជំ​រុញយន្តការ​ប្រ​ជា​ធិ​ប​​តេយ្យឈរលើស្មារតីបង្រួបបង្រួមជាតិ។

ការទាក់ទាញគណបក្សទាំង១៩ទៀតមកសន្ទនាហ្នឹង គ្រាន់តែជារូបភាពមួយ បើកឆាកមុន​នឹងកា​រឈា​​ន​មក​ដល់​នៃ​ក្បាលម៉ាស៊ីនដឹកនាំបែបឯកបក្ស​នៅក្នុងសភាចូលមកដល់ ក៏ដូចជារដ្ឋាភិបាល

នាយកប្រតិបត្តិសម័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ

អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា ការប្រកាសបង្កើតវេទិកាពិគ្រោះយោបល​រប​ស់​បក្សកាន់អំណាច អាច​ជា​យុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វ​បី។

បើតាមលោក ឯម ​សុវណ្ណារ៉ា ទី១ ទប់​ស្កា​ត់​កុំ​ឲ្យ​គណបក្ស​ណា​មួយ​នៅក្រៅរដ្ឋាភិបាលនេះក្លាយជាបក្សប្រឆាំងធំទៅថ្ងៃអនាគត ទប់កុំឲ្យគណ​បក្សទាំង​នោះ ទៅ​ចង​សម័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំង​នៅក្រៅប្រទេស និងចង់ប​ង្ហាញទៅសហ​គមន៍អ​ន្តរ​ជា​តិថា គ្មានគណបក្សប្រឆាំង ក៏គណបក្សកាន់អំណាច អាច​បង្រួប​បង្រួ​មជាតិបានដែរ។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បើរដ្ឋាភិបាលត្រូវការប្រមូលគំនិត គេប្រើតែស្ថាប័នរា​ជ្យបណ្ឌិត្យស​ភាកម្ពុជា និង​ស្ថាប័ន​ស្រាវជ្រាវ​មួយចំនួនទៀត​គ្រប់គ្រាន់​ហើយ ដោយមិនចាំបាច់ ស្វែងរងកធន​ធានផ្សេ​ងនាំ​ឲ្យ​ពិបាក​បង្កើន​ការចំណាយ​ថវិកា​ជាតិ​នោះទេ។

ទោះជាយ៉ាងណា អ្នកវិភាគរូបនេះយល់ថា យុទ្ធសាសាស្ត្រនយោបាយនេះ មិនអាចប​ញ្ចៀសកម្ពុ​ជាចេ​ញពី​វិធា​ន​កា​រដា​ក់​ទ​​ណ្ឌ​កម្ម​របស់លោ​កសេរីបានទេ បើក្បាល​ម៉ាស៊ីនដឹកនាំនៅអាណត្តិថ្មីនេះ មិនអាច​ស្តារ​ប​ញ្ហា​​សិទ្ធិមនុ​ស្ស លទ្ធិ​ប្រ​ជាធិបតេយ្យ ដូច​ដែល​លោក​សេរីចង់បាន ទោះរដ្ឋាភិបាល មានមហាអំណាចិន ធ្វើជាខ្នងបង្អែកក៏ដោយ។

បើសិនជាមិនរៀបចំយន្តការឲ្យមានលំហរ​សេរីភាព ឬហៅថាបើកចំហរ​ឲ្យមានគណបក្សប្រឆាំង ម​តិ​ប្រ​ឆាំង​គ្រប់​និន្នាការ​ដែលគេចង់បានទេ ខ្ញុំគិតថា កម្ពុជាអាចជួបវិបត្តិ និង​ការដកទម្រង់ពាណិជ្ជកម្មសេរី EBA រប​ស់សហភាពអឺរ៉ុប និង GSP របស់អាមេរិកហើយ

អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា

សរុ​បទៅ អ្នកវិភាគថា ការបង្កើតវេទិកាពិគ្រោះយោល់​រវាងបក្សកាន់អំណាច និងគណប​ក្សដែលមិ​នឈ្នះ​ឆ្នោត​នេះ អាច​ឈាន​ទៅ​ស្តារ​ប្រជាធិបតេយ្យនៅកម្ពុជាវិញបាន អាស្រ័យលើការសម្រេចចិត្ត​របស់លោក ហ៊ុន សែន។

ប៉ុន្តែ ការបង្កើតវប្បធម៌សន្ទនានេះ នឹងក្លាយឧបករណ៍នយោបាយ​សម្រាប់ទាក់ទាញការ​គាំ​​​ទ្រ​​​​លើក្បា​ល​​​ម៉ាស៊ីនដឹកនាំថ្មី បើអ្នក​នយោបាយ​កាន់អំណា​ច គ្មា​នឆ​ន្ទៈពិតប្រាកដនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ