បទយកការណ៍៖ រថយន្តធំៗបន្តចូលទីក្រុងដោយបំពានបម្រាម​​របស់សាលាក្រុងភ្នំពេញ

ប្រភេទរថយន្តធុនធ្ងន់មួយគ្រោះបើកបរដឹកទំនិញចូលមកក្នុងទីប្រជុំជនក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សាលារាជធានីភ្នំពេញ បានចេញបំរាមជាបន្តបន្ទាប់ដោយមិនអនុញ្ញាតឲ្យរថយន្តធំៗធ្វើចរាចរណ៍ពេលថ្ងៃក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែរថយន្តធំៗនៅតែបន្តចូលទីក្រុងដ៏មមាញឹកមួយនេះដែល។

តំបន់បឹងទំពន់ ខណ្ឌមានជ័យ គឺជាឧទាហរណ៍នៃបញ្ហាដែលប្រជាពលរដ្ឋកំពុងតែព្រួយបារម្ភ​​​នៅឡើយដោយរថយន្តដឹកដី ដឹកខ្សាច់ ដឹកដែក និង​​​ដឹកសម្ភារផ្សេងៗទៀត​​​បន្តចូលក្នុងទីក្រុងនាពេលថ្ងៃ។ ប្រជាពលរដ្ឋ និងអ្នក​ដែលធ្វើដំណើរតាមផ្លូវនាៗ​​​ក្នុងតំបន់នោះ និងជាពិសេសផ្លូវ៣៧១ មានការព្រួយបារម្ភជាខ្លាំង ដោយសារតែរថយន្តធំៗមួយចំនួន បានបង្កគ្រោះថ្នាក់ និងការកកស្ទះ​យ៉ាងខ្លាំង។ ក្រៅពីនេះពលរដ្ឋអះអាងថា មានការរំខានយ៉ាង​ខ្លាំងពី​សំឡេងរបស់រថយន្តធំៗទាំងនោះ។

កំពុងលក់កាហ្វេជូនភ្ញៀវ លោកស្រី ថុល្លី បានឲ្យដឹងថា នៅពេលដែលលោកស្រីជិះនៅពីក្រោយរថយន្តធំៗម្តងៗ លោកស្រីតែងតែ​បិទច្រមុះ និងនៅឲ្យឆ្ងាយពីរថយន្តទាំងនោះ ដោយសារតែខ្លាចមានគ្រោះថ្នាក់ និងមិនចង់ហិតផ្សែងហុយដែលចេញពីឡាន។

ដោយសារវាធំ ហើយបើវាបើកតិចៗអត់អីទេ តែបើវាបើកលឿន វាហុយក៏ហុយ ហើយបើការចាប់ហ្វ្រាំងរបស់វាមិនទាន់ វាអាចនឹងហានិភ័យដែរ ហើយពួកយើងមិនអាចវ៉ាវាបានទេ ព្រោះអីវានៅកណ្តាលផ្លូវ ចឹងត្រូវនៅពីក្រោយវា ទាំងផ្សែង ទាំងហុយ​នឹង នៅមួយគ្នាទាំងអស់

លោកស្រី ថុល្លី អ្នកលក់ដូរនៅម្ដុំបឹងទំពន់

ជុំវិញបញ្ហានេះ លោកស្រី ថុល្លី ក៏បានសំណូមពរដល់រដ្ឋាភិបាលក៏ដូចជាសាលារាជធានីភ្នំពេញ​​​ឲ្យមានវិធានការច្បាស់លាស់ដើម្បីកុំឲ្យរថយន្តធំៗបើកបរនៅពេលថ្ងៃក្នុងទីក្រុង។

ចំពោះរាជរដ្ឋាភិបាល ឡានហ្នឹង បើសំណូមពរឲ្យបើកតែពេលយប់អញ្ចឹងទៅ អត់ចង់ឲ្យបើកពេលថ្ងៃហេ៎ ហើយ​ប្រសិនជាអាចគាត់អាចធ្វើផ្លូវពីរជាន់អញ្ចឹងទៅ សម្រាប់តែគាត់ម្នាក់ឯងអញ្ចឹង បើកទៅ

លោកស្រី ថុល្លី អ្នកលក់ដូរនៅម្ដុំបឹងទំពន់

កំពុងនិយាយគ្នាជាមួយអ្នកជិតខាង លោកស្រី លី ម៉ា ដែលរស់នៅតាមបណ្តោយ ផ្លូវ៣៧១ បានប្រាប់ឲ្យដឹងថា ចំពោះគ្រោះថ្នាក់គឺមានច្រើនរាប់មិនអស់ ហើយសម្លេងគឺលាន់ឮខ្លាំង ព្រោះតែផ្លូវរលាក់ដែលធ្វើឲ្យលោកស្រីពិបាកក្នុងការសម្រាន្ត។

ពេលណាយប់ឡើង យើងកំពុងគេងចឹងទៅ វាលាន់ចឹងទៅ វាឮសូរភ្ញាក់អញ្ចឹងទៅណា។ ហើយអាខ្លះវាពិបាក អ្នកធ្វើ​ចរាចរណ៍ វាអត់មានចេះយោគយល់គ្នា ជួនកាលផ្ទះខ្ញុំប៉ុណ្ណឹងដែរ វាវ៉េវចូលមកដល់ក្នុងនេះក៏មានដែរ […]។ ដូចជាគ្មាន​ម៉ោងទេ ដូចជា២៤ម៉ោងហ្មង

លោកស្រី លី ម៉ា ដែលរស់នៅតាមបណ្តោយ ផ្លូវ៣៧១

លោកស្រី លី ម៉ា បន្តថា ផ្លូវក្នុងតំបន់នេះមានរថយន្តធុនធ្ងន់បើកបករឆ្លងកាត់ជាប្រចាំដែលធ្វើឲ្យផ្លូវរងនូវការខូចខាត​​​ និង រលាក់ដែលបង្កជាសំឡេងរំខានដល់ប្រជាពលរដ្ឋផងដែរ។ លោកស្រីសំណូមពរឲ្យសាលាក្រុងជួយ​សម្រួលផ្លូវ ដោយសារតែមានការរំខានពីសម្លេងលាន់ឮខ្លាំងពេលដែល​ឡានធំៗធ្វើដំណើរនៅលើផ្លូវនេះ។

ចង់សំណូមពរទៅគាត់ ឲ្យគាត់សម្រួលលើផ្លូវឲ្យបានស្រួលតិចទៅ កុំឲ្យវារលាក់ កុំឲ្យវាខូច មើលៗមិនទាន់បាន​ប៉ុន្មានផង រលាក់ ឡានធំៗមក រលាក់ឮសូរលាន់ខ្លាំងៗមកហ៎ា ដេកអត់បានទេយប់ឡើង

លោកស្រី លី ម៉ា ដែលរស់នៅតាមបណ្តោយ ផ្លូវ៣៧១

លោក សុផល ដែលកំពុងគេងលើរ៉ឺម៉ក់កង់បី ដោយដៃកំពុងចុចទូរសព្ទបណ្តើរ និងកំពុងរងចាំភ្ញៀវបណ្តើរនោះ បានប្រាប់​អ្នកសារព័ត៌មានវីអូឌីថា លោកបានឃើញគ្រោះថ្នាក់ដោយផ្ទាល់ជាច្រើនដងមកហើយដែលបង្កឡើងដោយរថយន្តធុនធំនៅលើផ្លូវ៣៧១​​​ខណៈដែលលោកមានការព្រួយបារម្ភជាខ្លាំង​ពីបញ្ហានេះ។

អារឿងឡានធំៗនឹង វារាល់តែថ្ងៃ វាស្ទះវាអញ្ចឹង ហើយសាលាក្រុងគាត់ថាបិទៗ ប៉ុន្តែឃើញនូវតែរត់​ប្រុយៗតែរហូតនឹង។ មិនដឹងគាត់គិតម៉េច? អីម៉េចទេ? […] ជួបកាលមុនហ្នឹងនៅម្តុំខាងមុខនោះ ឃើញខ្ញុំឃើញប៉ុន្មានដងហើយផ្លូវនេះ ឃើញ​ផ្ទាល់ៗដែរហ្នឹង

លោក សុផល អ្នករត់រ៉ឺម៉កកង់បី

លោក សុផល បានបង្ហាញការងឿងឆ្ងល់ចំពោះចំណាត់ការរបស់សាលារាជធានីភ្នំពេញ ក្នុងការទប់ស្កាត់រថយន្តធន់ធំចូលក្នុងក្រុង។

ខ្ញុំគ្រាន់តែចង់ឲ្យមើលឡានធំៗនឹង បើថាបិទបិទទៅ ប៉ុន្តែដូចជាបិទតែមាត់ម៉េចមិនដឹងទេ ឃើញរត់ពេញតែហ្នឹងដដែល

លោក សុផល អ្នករត់រ៉ឺម៉កកង់បី

លោក សេង ហុង រស់នៅម្តុំបឹងទំពន់​​​ និង ជាអ្នកធ្វើដំណើរតាម ផ្លូវ៣៧១ ជារៀងរាល់ថ្ងៃ បានប្រាប់វីអូឌីដែរថា លោកមានការបារម្ភជាខ្លាំងនៅពេល​ដែលរថយន្តធំៗបើកនៅក្បែរ ដោយសារតែខ្លាចធ្លាក់ថ្ម ដី ឬដែក មកលើគាត់។

ឡានដឹកដីជួនកាលឃើញថ្មធ្លាក់លើយើង ដីខ្សាច់អី បើគាត់គ្របធ្លាក់តិចតួច តែបើគាត់អត់គ្រប​ធ្លាក់ម៉ាស្រលាញ់ពេលខ្លះ ហើយបើឡានកុងទីន័រ ឡានដឹកដែក ដឹកអីច្រង៉េងច្រង៉ាងអី យើងបារម្ភបំផុត។ យើងខ្លាចរបស់ហ្នឹង​ធ្លាក់លើយើង ព្រោះធ្លាប់ឃើញមានធ្លាក់ខ្លះ។ ក្នុងករណីពួកគេប្រហែស អត់ចាប់វីស ធ្លាក់មកគ្រោះថ្នាក់ណាស់ហ្នឹង ហើយយើងអត់ហ៊ានទៅ​ជិតគាត់ទេ ខ្លាច

លោក សេង ហុង រស់នៅម្តុំបឹងទំពន់​​​

ដោយសារតែធ្លាប់បានឃើញគ្រោះថ្នាក់បណ្តាលមកពីរថយន្តធំៗនៅក្នុងលើទំព័រសារព័ត៌មានជាច្រើន ទើបលោក សេង​​​ ហុង មានការប្រុង​ប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរជិតរថយន្តធំៗទាំងនោះ។ លោកក៏បានសំណូមពរទៅសាលារាជធានីភ្នំពេញជួយពង្រឹងច្បាប់និងបទញ្ជាដែលខ្លួនបានដាក់ចេញជាបន្តបន្ទាប់នាពេលកន្លងមក ដើម្បីទប់ស្កាត់រថយន្តធំៗទាំងនោះចូលក្នុងក្រុង។

ច្បាប់មាន ពង្រឹងច្បាប់ហ្នឹងទៅ ឥឡូវថាម៉ោងប៉ុន្មាន ឡានធំគួរចេញចូល ឆ្លងកាត់ទីក្រុង ទីប្រជុំជនគួរតែរឹតត្បិត ព្រោះទីប្រជុំជនមនុស្សកុះករ។ បើពួកគាត់ចូលមកកាន់តែធ្វើឲ្យស្ទះ ហើយពេលវេលាពេលយប់នឹងត្រូវលៃដែរ។ បើថាយើងទីប្រជុំជន វាអាចស្ទះដល់ម៉ោង៧ ចឹងឡានធំៗនឹងមិនគួរបរកាត់មុនម៉ោង៧អីចឹងទៅ

លោក សេង ហុង រស់នៅម្តុំបឹងទំពន់​​​

ឆ្លើយតបនឹងក្តីបារម្ភរបស់ប្រជាពលរដ្ឋ អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់វីអូឌីតាមទូរស័ព្ទ​ថា ខាងសាលារាជធានីភ្នំពេញកំពុងតែមានចំណាត់ការលើការខ្វះខាតទៅលើការអនុវត្តរបស់បុគ្គល ឬមន្រ្តីមួយចំនួន និងពង្រឹង​ការអនុវត្តឲ្យស្របតាមគោលការណ៍របស់សាលាក្រុង។

[…] ជាយន្តការណ៍ យើងមានការចាត់វិធានការណ៍ហើយ គ្រាន់តែការអនុវត្តរបស់បុគ្គល របស់មន្រ្តីរបស់យើងមួយចំនួនដែលនៅខ្វះខាតក្នុងការអនុវត្តទីតាំងដែលនេះហ្នឹង គឺយើងពង្រឹងការអនុវត្តឲ្យស្របតាម ផែនការ ស្របតាម​គោលការណ៍ ឬក៏ពេលវេលាដែលយើងអនុញ្ញាត្តិ និងមិនអនុញ្ញាត្តិឲ្យធ្វើចរាចរណ៍នោះ […]

អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី

គួរបញ្ជាក់ថា កាលពីខែ​វិច្ឆិកា ឆ្នាំ​២០១៣ សាលារាជធានី​ភ្នំពេញធ្លាប់បានចេញ​បម្រាម​ដែល​ហាម​មិន​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធុនធ្ងន់ឆ្លងកាត់ទីក្រុងភ្នំពេញពេលថ្ងៃ​​​​។ ហើយបានចេញបទបញ្ជាម្តងទៀត​​​កាលពីខែមីនា ឆ្នាំ២០១៦ ដោយអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ឆ្លងកាត់ក្នុងទីក្រុងចាប់ពីម៉ោង៨ៈ០០នាទីយប់ដល់ម៉ោង៦ព្រឹកតែប៉ុណ្ណោះ។

កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង បានធ្វើកិច្ចប្រជំុត្រួតពិនិត្យចរាចរណ៍ចេញ-ចូល​របស់រថយន្តធុនធ្ងន់ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាត់បន្ថយឲ្យបានខ្ពស់បំផុតនូវការកកស្ទះចរាចរណ៍។ នៅក្នុងកិច្ចប្រជុំ លោក ឃួង ស្រេង បានព្រមានចាត់វិធានការតឹងរ៉ឹងចំពោះរថយន្តទាំងឡាយណាមិនគោរពបទដ្ឋានបច្ចេកទេស។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០១៨ មានគ្រោះ​ថ្នាក់​ចរាចរណ៍​ ​កើត​ឡើង​ចំនួន ១៩៦៣​​លើក​នៅ​ទូទាំង​ប្រទេស ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៩៣០នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ២៣៩៩​នាក់​រង​របួស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ