សង្គ្រាម​ពាណិជ្ជកម្មរវាង​​អាមេរិកនិង​ចិន ផ្តល់ផល​ប្រយោជន៍​ដល់​កម្ពុជា

លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីងពីង

កម្ពុជាកំពុង​ទទួល​​ប្រយោជន៍​​ពី​​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និង​ចិន ខណៈ​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ចំនួន​ងាកមក​​បញ្ជារ​ទិញ​ពី​ក​ម្ពុជា។

អគ្គលេខា​ធិការ​រងសមាគមរោង​ចក្រ​កាត់​ដេរ​កម្ពុជា​លោក កាំ​ង មូលីកា បាន​ឲ្យ​VOD ដឹងថា​ចាប់​ពី​ដើម​ឆ្នាំ​នេះ​ទំ​ហំ​នៃ​ការ​បញ្ជា​​ទិញ​របស់​​ម្ចាស់​ម៉ាកពី​កម្ពុជា​ទៅកាន់​​សហរដ្ឋ​អាមេរិក​មាន​ការ​កើន​ឡើង​ច្រើន​ ខណៈ​អ្នក​វិនិយោគវិស័យ​កាត់​ដេរ​ចិនមួយ​ចំនួន​​​បាន​មក​ពិភាក្សា​ជា​មួយ​សមាគម​ក្នុង​ការ​បើ​ក​ដំណើរ​ការ​រោង​ចក្រ​នៅ​កម្ពុជា​ផង​ដែរ។

តាំង​ពី​ដើមឆ្នាំ​មក​ តាំង​ពីមុន​មាន​ជម្លោះ​ពាណិជ្ជកម្ម​មក​យើង​ឃើញ​ថា​ការ​កម្មង់​ទិញ​ផលិត​ផល​កាបូប និង​ស្បែក​ជើង​គឺ​មាន​ការ​កើន​ឡើង​ច្រើន

អគ្គលេខា​ធិការ​រងសមាគមរោង​ចក្រ​កាត់​ដេរ​កម្ពុជា​លោក កាំ​ង មូលីកា

លោកកាំ​ង ម៉ូលីកា មាន​ជំនឿថាចាប់​ពី​ឆ្នាំ​​នេះ​តទៅផលិត​ផល​ពី​កម្ពុជា​អាច​មាន​នៅ​លើទីផ្សារ​សហ​រដ្ឋ​អាមេរិក​ច្រើនជា​ពិសេស​​ផលិត​ផល​កា​បូប​ធ្វើ​ដំណើរ។

សង្គ្រាម​ពាណិជ្ជកម្ម​រវាងអាមេរិក​ និង​ចិន ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​៦ កក្កដា បន្ទាប់​ពីអាមេរិកបាន​សម្រេច​ដំឡើង​ពន្ធលើ​ទំនិញ​នាំចូលពីចិន ហើយចិន​ក៏បាន​ធ្វើ​ការសងសឹកវិញភ្លាម​ៗដោយដំឡើងពន្ធនាំចូល​លើ​ទំនិញ​របស់​អាមេរិក​ដូចគ្នា។

​ឥទ្ធិ​ពល​នៃ​សង្គ្រាម​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មួយ​ចំនួន​​កំពុង​សិក្សា​ពី​ការ​សម្រេច​ផ្លាស់​ប្តូរ​ទី​តាំង​ផលិត​របស់​ពួកគេ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ការសែត​Bloomberg ដែល​បាន​ដក​ស្រង់​ប្រសាសន៍​របស់​អនុប្រធានប្រតិបត្តិ​នៃ​សមា​គម​សំលៀកបំពាក់​និង​ស្បែក​ជើងអាមេរិកលោក Steve Lamar។

Bloomberg ក៏​បាន​ដក​ស្រង់​ប្រសាសន៍​របស់​ប្រធាន​ក្រុម​ហ៊ុន Steven Madden លោក Edward Rosenfeld ថាថ្មី​ៗ​នេះក្រុម​ហ៊ុន​កំពុង​ពិចារណាផ្លាស់​ប្តូរ​ផលិត​កម្ម​​កាបូប​របស់​ខ្លួនពី​ប្រទេស​ចិន​ទៅ​កាន់​កម្ពុជា​ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ាង ថៃ ថា​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់​លាក់​នៅ​ឡើយ​ទេ​ពី​ការ​ផ្លាស់​ប្តូរទីតាំង​រោង​ចក្រ​ទាំង​នោះ​មក​កម្ពុជា​នោះ តែ​ប្រសិនបើមាន​​ការ​ផ្លាស់​ប្តូរ​មក​កម្ពុជា​ពិត​មែន​នេះ​ជា​រឿង​ល្អ។

យើង​ឃើញ​ថា​ក្រុម​ហ៊ុន​ដែល​មក​វិនិយោគ នៅ​កម្ពុជា​ធ្វើ​កាបូប​ហ្នឹង​ប្រហែល​ជា​៦០បន្តិច​បន្តួច ដែល​មក​មុន​ សង្គ្រាម​ពាណិជ្ជកម្មទៅ​ទៀត ហើយ​ឥឡូវ​ប្រសិន​ជា​សង្គ្រាម​ពាណិជ្ជកម្ម ហើយ​អ្វី​ទាក់​ទង​នឹង​ពាណិជ្ជកម្ម​ចិន​ដែល​នាំ​ទៅ​(អាមេរិក​)មិន​បាន​ ហើយ​វា​ហៀរ​មក​យើងបន្ថែម​ទៀតយើង​នឹង​ចំណេញ​ច្រើន

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ាង ថៃ

កាលពី​ខែ​កក្ក​ដា ​ឆ្នាំ​២០១៦ សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធGSP ដល់​កម្ពុជាដែលអនុគ្រោះ​ពន្ធ​ទៅលើ​ផលិត​ផល​​សម្រាប់ធ្វើដំណើរដែលមានដូចជាវ៉ាលី កាបូបស្ពាយ កាបូបដៃ និងកាបូបលុយជាង២៨ប្រភេទ ចូលទៅ​សហរដ្ឋ​អាមេរិក​ដោយ​មិន​បាច់បង់ពន្ធ។

យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​សហ​រដ្ឋ​អាមេរិកឲ្យ​ដឹងថា​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៨​នេះ​កម្ពុជា​បាន​នាំ​ទំនិញ​ចូល​ទៅ​កាន់​ទីផ្សារ​សហ​រដ្ឋ​មាន​តម្លៃជាង ១ ៧១៧លាន​ដុល្លារ កើន​ឡើង​ជាង​ ៣៥០លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៧( ១ ៣៦២,២លាន​ដុល្លារ)។

កាលពីថ្ងៃទី២៣ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថ​​លេខាឲ្យ​​បន្ត​​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធទូទៅ ហៅកាត់ថា GSP ដល់​កម្ពុជា​ដោយមានសុពលភាពរហូតដល់ចុងឆ្នាំ២០២០ បើ​ទោះ​បី​បញ្ហា​នយោ​បាយ​​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិកមួយ​រយៈ​ចុង​ក្រោយ​នេះហាក់​មាន​ការ​រកាំ​រកូស​ជា​មួយគ្នា​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ