តុលាការខេត្តកោះកុងកាត់ទោសតំណាងពលរដ្ឋម្នាក់​ឲ្យជាប់ពន្ធនាគារជុំវិញជម្លោះដីធ្លីជាមួយលោក លី យ៉ុងផាត់

តំណាងសហគមន៍ដែលជាប់ឃុំឃាំងពីបទបោះបង្គោលព្រំលើដីមានជម្លោះ (រូបភាព៖ តំណាងសហគមន៍ព្រែកខ្សាច់ក្នុងខេត្តកោះកុង)

តំណាងសហគមន៍ព្រែកខ្សាច់ក្នុងខេត្តកោះកុងដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ ត្រូវបានតុលាការខេត្តនេះ កាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះក្រោមការចោទថា បានទៅបោះបង្គោលព្រំលើ​ដី​អ្នក​ដទៃ​ដោយ​ខុស​ច្បាប់។

តុលាការខេត្តកោះកុងនៅថ្ងៃនេះ បានប្រកាសសាលក្រមសុំណុំរឿងរបស់តំណាងសហគមន៍ព្រែកខ្សាច់គឺ លោក ហេង សុខ ដោយតុលាការមួយនេះសម្រេចឲ្យជាប់ពន្ធនាគារ១ឆ្នាំ ៦ខែ និងផាកពិន័យជាង២លានរៀល ខណៈតំណាងរូបនេះត្រូវបានឃុំខ្លួនរយៈ៦ខែរួចមកហើយ។​ នេះបើតាមមន្រ្តីសម្របសម្រួលអង្គការលីកាដូខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន។

លោក ហ៊ួរ អ៊ីន បានចាត់ទុកការសម្រេចរបស់តុលាការខេត្តកោះនេះថា ជារឿងមិនត្រឹមត្រូវ គួរតែដោះស្រាយតាមគណៈកម្មាការដោះស្រាយវិវាទដីធ្លីវិញ និងម្យ៉ាងទៀតផ្ទុយពីប្រសាសន៍របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្លាប់និយាយថា គ្មានពលរដ្ឋណាម្នាក់ជាប់ពន្ធនាគារដោយសារជម្លោះដីធ្លីនោះដែរ។

អំពើដែលគាត់ [លោក ហេង សុខ] ដែលគាត់បានធ្វើហ្នឹងវាមិនមានលក្ខណៈធ្ងន់ធ្ងរអ្វីដែលត្រូវដាក់ទោសដល់ប៉ុណ្ណឹងទេ អញ្ចឹងបើយើងមើលទៅលើសកម្មភាពដីដែលកំពុងតែទំនាស់ក្រុមហ៊ុនអាចឈួសឆាយបាន។ តែពលរដ្ឋដែលទៅ បោះរបងលើដីនោះបន្ទាប់ពីក្រុមហ៊ុនឈួសឆាយ បែរជាត្រូវបានតុលាការចោទប្រកាន់១ឆ្នាំ៦ខែ អញ្ចឹងវាអយុត្តិធម៌ណាស់ សម្រាប់គាត់។ ណាមួយវាផ្ទុយពីអនុសាសន៍របស់សម្តេចដែលថាមិនឲ្យជនណាជាប់គុកដោយសារដីធ្លីហ្នឹង

មន្រ្តីសម្របសម្រួលអង្គការលីកាដូខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន

ម្តាយលោក ហេង​ សុខ គឺអ្នកស្រី ទិត្យ តេន និយាយថាការ​សម្រេចឲ្យកូនគាត់ជាប់ឃុំ១ឆ្នាំកន្លះជារឿងអយុត្តិធម៌ ដោយថា គ្រួសារគាត់ត្រូវបានក្រុមហ៊ុនលោក លី យ៉ុងផាត់ រំលោភយកដីធ្លីហើយប្តឹងម្ចាស់ដីដាក់ពន្ធនាគារ​ទៀត។

អ្នកស្រីបានអំពាវនាវទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យអន្តរាគមន៍ និងស្នើទៅលោក លី យ៉ុងផាត់ បញ្ឈប់រំលោភបំពាន យកដីធ្លីរបស់ពួកគាត់ទៀត។

ខ្ញុំសូមអំពាវនាវទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី យ៉ុងផាត់ សុំឲ្យគាត់ជួយដោះលែងសកម្មជនដី ធ្លីហ្នឹងផង ព្រោះអីតុលាការសម្រេចនោះជារឿងអយុត្តិធម៌បំផុតចំពោះពលរដ្ឋ។ ចុះហេតុអីក្រុមហ៊ុនដែលរំលោភបំពានយកដី របស់ពលរដ្ឋ ចុះហេតុអីបានជាគាត់មិនកោះហៅក្រុមហ៊ុននោះទៅសួរថា ក្រុមហ៊ុននោះកាន់កាប់ដីពីឆ្នាំណា? ហើយពលរដ្ឋទៅ រដ្ឋនៅពីកាលណា? ហេតុអីមកចាប់ពលរដ្ឋដាក់ពន្ធនាគារអញ្ចឹង?

អ្នកស្រី ទិត្យ តេន ម្តាយលោក ហេង​ សុខ

វីអូឌីមិនអាច​សុំការឆ្លើយតបពីតំណាងក្រុមហ៊ុនស្ក​រអំពៅរបស់លោក លី យ៉ុងផាត់ បានទេជុំវិញបញ្ហាវិវាទដីធ្លីនេះ។

តំណាងសហគមន៍ព្រែកខ្សាច់លោក ហេង សុខ ត្រូវបានសមត្ថកិច្ចខេត្តកោះកុងចាប់ខ្លួនកាលពីថ្ងៃទី២២កុម្ភៈ ក្រោយពីតំណាងសហគមន៍រូបនេះ ចូលទៅបោះបង្គោលព្រំលើដីដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ ស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ