មន្រ្តីអាដហុកពីររូបនិង​អគ្គ​លេខាធិការ​រង គ.ជ.ប ម្នាក់​ត្រូវតុលាការចេញដីការឲ្យចូលឆ្លើយដោះបន្ទុក

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក ណៃ វ៉ង់ដា (ស្ដាំ)

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា មកទល់ពេលនេះ តុលាការបានចេញដីការកោះហៅមន្ត្រីរបស់ខ្លួន២នាក់​និងអតីតមន្រ្តីម្នាក់របស់​អង្គការនេះ​ឲ្យចូលទៅដោះបន្ទុកក្នុងសំណុំរឿងសមគំនិតសូកប៉ាន់សាក្សី។​

មន្ត្រីស៊ើ​បអង្កេតជាន់ខ្ពស់នៅសហគមអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់វីអូឌីថ្ងៃនេះថា តុលាការបានចេញដីកាកោះ​ហៅមន្ត្រីសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត និង លោក ណៃ វ៉ង់ដា ឲ្យចូលសវនាការនៅ​ថ្ងៃទី២៧ ខែសីហា ខាងមុខនេះ។

ចំណែកឯមន្រ្តីសិទ្ធិមនុស្សអាដហុក ២រូបផ្សេងទៀត មានលោក នី សុខា និងលោកស្រី លឹម មុន្នីដែល​មាន​ឈ្មោះក្នុង​សំណុំរឿងនេះដែរ​នៅមិនទាន់ទទួលដីកាកោះហៅពីតុលាការនៅឡើយទេ​។ បើតាម​ស៊ឹង សែនករុណា លោក នី ចរិយាដែល​ជាអតីតមន្រ្តីអាដហុកហើយបច្ចុប្បន្ន​ជាអគ្គ​លេខាធិការ​រង គ.ជ.ប ក៏ទទួលបាន​ដីការកោះឲ្យចូលបំភ្លឺនៅថ្ងៃដូចគ្នានេះដែរ។

កាលពីថ្ងៃទី​១៦ខែសីហាសប្ដាហ៍មុន មូលនិធិការពារ​សិទ្ធិមនុស្ស​ឈានមុខ(Front Line Defenders) ដែលការពារក្រុមអ្នកការពារ​សិទ្ធិមនុស្ស​បានជំរុញឲ្យកម្ពុជាទម្លាក់​ចោលការចោទប្រកាន់​ទាំងអស់ប្រឆាំង​​នឹង លោក ណៃ វ៉ង់ដា លោកនី សុខា លោកយី សុខសាន្ត អ្នកស្រី លឹម មុន្នី និង​លោក នី ចរិយាដោយគ្មានលក្ខខណ្ឌ។​

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​​៤​រូប និង​អគ្គ​លេខាធិការ​រង គ.ជ.ប. លោក នី ចរិយា ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ២០១៧ បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ ក្រោម​​ការ​ចោទប្រកាន់​ថា បាន​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​ក្នុង​រឿង​សូក​ប៉ាន់​សាក្សី ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ស្នេហា​ចម្រូង​ចម្រាស​ជាមួយ​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ