អង្គការអន្ដរជាតិនិងសមាជិកសភាអូស្ដ្រាលីទទូចឲ្យ​ដោះលែងលោក កឹម សុខា ជាបន្ទាន់

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ និងសមាជិកសភាអូស្ដ្រាលីមួយរូបទទូចជាថ្មីឲ្យដោះលែងប្រធានអតីតបក្សប្រឆាំងកំពុងជាប់ឃុំជាបន្ទាន់ បន្ទាប់ពីអ្នកទោសមួយចំនួនត្រូវបានតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងឲ្យមានសេរីភាព។

នៅព្រឹកថ្ងៃស្អែកនេះ  តុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងសុំនៅក្រៅជុំទី២ របស់លោក កឹម សុខា បន្ទាប់ពីប្រធានអតីតបក្សប្រឆាំងរូបនេះ ត្រូវរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចោទប្រកាន់ថា «ក្បត់ជាតិ» និងបានជាប់ឃុំក្នុងពន្ធនាគារអស់ រយៈពេល ១១ខែមកហើយ។

ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះ អង្គការសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch ចាត់ទុកការបន្ដឃុំខ្លួនលោក កឹម សុខា នេះ ថា រំលោភគោលការណ៍របស់អង្គការសហប្រជាជាតិ ដែលហាមឃាត់មិនឲ្យឃុំខ្លួនអ្នកទោសយូរពេក និងគ្មានកាលកំណត់ ខណៈ លោក កឹម សុខា ក៏កំពុងមានជំងឺប្រចាំកាយ ដូចជា សំពាធឈាមឡើងខ្ពស់ ឈឺចាប់ត្រង់ស្មា ពិបាកក្រោកឈរ​ និងសម្រាន្ដ និងមានជំងឺទឹកនោមផ្អែម។

អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយនេះលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា រដ្ឋាភិបាលកម្ពុជាគួរតែដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពជាបន្ទាន់ និងគ្មានលក្ខខណ្ឌអ្វីទាំងអស់។

ក្នុងសេចក្ដីថ្លែងការណ៍ដដែល​ នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅតំបន់អាស៊ី លោក Brad Adams ក៏មានប្រសាសន៍ថា៖

មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បានជាប់ឃុំក្នុងពន្ធនាគារជិត១ឆ្នាំហើយ ក្រោមការចោទថាពីបទក្បត់ជាតិ ដែលមិនសមហេតុផលទាល់តែសោះ ពីព្រោះគាត់មានភាពមោះមុតក្នុងការដឹកនាំបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា

ក្នុងកិច្ចប្រជុំមួយនៅថ្ងៃនេះ សមាជិកសភាមកពីគណបក្សពលករអូស្ដ្រាលី លោក Julian Hill ក៏ទាមទារឲ្យដោះលែងលោកកឹម សុខា នៅថ្ងៃស្អែកនេះផងដែរ។ លោកក៏ជំរុញទៅរដ្ឋាភិបាលអូស្ដ្រាលីមានវិធានការជាក់លាក់ និងដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើរដ្ឋាភិបាលថ្មីរបស់កម្ពុជា។

ខ្ញុំក៏ចង់គូសបញ្ជាក់ផងដែរថា នៅថ្ងៃទី២២សីហា គឺជាថ្ងៃដ៏សំខាន់សម្រាប់ពលរដ្ឋអូស្ដ្រាលីដើមកំណើតកម្ពុជាទាំងអស់។ វាគឺជាសវនាការសុំនៅក្រៅឃុំសម្រាប់មេដឹកនាំបក្សប្រឆាំងកំពុងជាប់ឃុំ លោក កឹម សុខា។ […] ខ្ញុំសុំឲ្យរដ្ឋាភិបាលអូស្រ្ដាលីបង្កើនកិច្ចខិតខំរបស់ខ្លួនទ្វេដងបន្ថែមទៀត ដើម្បីឲ្យលោក កឹម​ សុខា ត្រូវបានដោះលែង

សមាជិកសភាមកពីគណបក្សពលករអូស្ដ្រាលី លោក Julian Hill

មេធាវីម្នាក់ដែលការពារឲ្យលោក កឹម សុខា គឺលោក ចាន់ ចេន ប្រាប់ VOD ថា ក្រុមមេធាវីការពារមិនទាន់ទទួលបានលិខិតកោះអញ្ជើញកូនក្ដីទៅចូលរួមសវនាការ​នៅថ្ងៃស្អែកនោះទេ។ ប៉ុន្ដែ លោករំពឹងថា កូនក្ដីរបស់លោក នឹងអាចត្រូវបានដោះលែងឲ្យនៅក្រៅឃុំនាពេលខាងមុខ។

គិតត្រឹមថ្ងៃម្សិលមិញ លោកមេធាវី ផែង ហេង បានទៅជួបសួរសុខទុក្ខលោក កឹម សុខា ក្នុងពន្ធនាគារ ប៉ុន្ដែ គាត់អត់ទាន់បានទទួលដំណឹងអំពីការអញ្ជើញគាត់មកតុលាការកំពូលនៅឡើយទេ។ ក្ដីសង្ឃឹម ខ្ញុំធ្លាប់សង្ឃឹមតាំងពីដំបូង ហើយរហូតមកដល់ពេលនេះ យើងនៅសង្ឃឹមថា ស្អែកហ្នឹង តុលាការកំពូលនឹងអនុញ្ញាតឲ្យកូនក្ដីខ្ញុំ ឯកឧត្តម កឹម សុខា បាននៅក្រៅឃុំ

មេធាវីម្នាក់ដែលការពារឲ្យលោក កឹម សុខា គឺលោក ចាន់ ចេន

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការអំពាវនាវពីមជ្ឈដ្ឋានខាងក្រៅ មិនមានឥទ្ធិពលមកលើការសម្រេច និងអំណាចស្ថាប័នតុលាការកម្ពុជានោះទេ។

ការអំពាវនាវទាំងអម្បាលម៉ាន​នេះ គឺថា មិនអាចមានឥទ្ធិពលលើតុលាការបានទេ ពីព្រោះការសម្រេចនៅថ្ងៃស្អែកនេះ គឺវាផ្អែកទៅលើមូលដ្ឋានច្បាប់ លើអង្គហេតុ និងអង្គច្បាប់។ បើមានមូលដ្ឋាន ទឡ្ហីករណ៍ណាថ្មី អាចធានាថា គាត់នៅក្រៅឃុំបាន អាហ្នឹងគេនឹងសម្រេចឲ្យគាត់នៅក្រៅឃុំ។ នេះជាដំណើរការនីតិវិធីរបស់តុលាការ។ អញ្ចឹងការអំពាវនាវទាំងអម្បាលម៉ាន នឹងមិនមានឥទ្ធិពលអីដល់ដំណើរការនីតិវិធីតុលាការទេ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន

ប្រធាន​ផ្នែក​ស៊ើប​អង្កេតអង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នេះជាសញ្ជាវិជ្ជមានមួយ ដើម្បីបន្ធូរបន្ថយកម្ដៅនយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីអ្នកទោសមួយចំនួនត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ។

លោករំពឹងថា លោក កឹម សុខា ក៏នឹងត្រូវដោះលែងផងដែរ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងការទទួលស្គាល់ពីអន្ដរជាតិមកលើរដ្ឋាភិបាលថ្មី និងដើម្បីបញ្ចៀសទណ្ឌកម្មទាំងឡាយ ដែលបានព្រមានមកលើកម្ពុជា។

ចំពោះឯកឧត្តម កឹម សុខា ខ្ញុំសង្ឃឹមថា ដើម្បីឲ្យស្ថានភាពនយោបាយមានបរិយាកាសល្អ គឺគាត់អាចនឹងមានការដោះលែងពេលណាមួយ ពីព្រោះយើងមើលទៅ បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈក្នុងរដ្ឋសភាទាំងមូល ហើយនឹងបង្កើតរដ្ឋាភិបាល។ ដូច្នេះ ដើម្បីបន្ធូរបន្ថយបរិយាកាស យើងឃើញពីពេលឥឡូវទៅ មានការដោះលែងជាបន្ដបន្ទាប់

ប្រធាន​ផ្នែក​ស៊ើប​អង្កេតអង្គការ​លីកាដូ លោក អំ សំអាត

ក្រោយការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ត្រូវបានបញ្ចប់ ហើយគណបក្សកាន់អំណាចបានក្ដោបក្ដាប់អាសនៈទាំងអស់ក្នុងរដ្ឋសភានោះ ក្រុមប្រទេសលោកសេរី សហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកជាដើម បានជំរុញឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយកំពុងជាប់ឃុំ រួមទាំងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សផងដែរ។

អ្នកទោស២នាក់ ត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពវិញ ដូចជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក  គឹ​ម សុខ កាលពីថ្ងៃទី១៧ខែសីហា ព្រមទាំងសកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី និងសកម្មជន៣នាក់ផ្សេងទៀត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យលើកលែងទោសកាលពីម្សិលមិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ