អាជ្ញាធររារាំងអ្នកមានជម្លោះដីធ្លីសហគមន៍​បុរីកីឡានិងអតីតបឹងកក់មិនឲ្យជួបលោកនាយករដ្ឋមន្រ្តី

ពលរដ្ឋមកពីបុរីកីឡា មកតវ៉ានៅមុខផ្ទះអ្នកស្រី ស៊ុយ សុផានប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ (រូបភាព៖ ហួត វុទ្ធី)

អ្នកមានជម្លោះដីធ្លីនៅក្នុងសហគមន៍បុរីកីឡានិងអតីតបឹងកក់ អះអាងនៅព្រឹកនេះថាអាជ្ញាធររារាំងមិនឲ្យពួកគាត់​ទៅជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឲ្យលោកជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់​ទេ។​

ពលរដ្ឋម្នាក់នៅសហគមន៍​បុរីកីឡាអ្នកស្រី ភោគ សុភីន ប្រាប់វីអូឌីថា ពួកគាត់គ្រោងនឹងនាំគ្នាទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ប៉ុន្តែត្រូវអភិបាលរងខណ្ឌ៧ មករាចុះទៅរារាំងដោយមិនឲ្យពួកគាត់ចេញពីសហគមន៍បុរីកីឡាឡើយ ព្រោះថា​នៅព្រឹកនេះលោកនាយករដ្ឋមន្រ្តីត្រូវចូលរួម​កិច្ចប្រជុំ​​ជាមួយ​គណបក្ស​នយោបាយនៅទីស្ដីការគណៈរដ្ឋមន្ត្រី។

អ្នកស្រីបន្តថា ពួកគាត់យល់ព្រម​មិនទៅទីស្ដីការនាថ្ងៃនេះ ដើម្បីបញ្ជៀសការចោទប្រកាន់ណាមួយពីអាជ្ញាធរ ខណៈដែលអភិបាលរងខណ្ឌ៧ មករា បានសន្យាជាមួយគាត់ថានឹងពិនិត្យមើលចំពោះរឿងនេះឡើងវិញ។

គាត់មកឃាត់ខ្ញុំព្រឹកមិញមិនឲ្យ​ចេញ។ ឥឡូវគាត់នឹងស្រាវជ្រាវសារជាថ្មីឲ្យខ្ញុំ។ គាត់សន្យាអញ្ចឹងគាត់មិនឲ្យខ្ញុំចេញព្រឹកមិញហ្នឹង ហើយគាត់ដកបដាអស់ទៅ។ ថ្ងៃព្រហស្បតិ៍ហ្នឹង គាត់នឹងឲ្យដំណឹងដល់ខ្ញុំអញ្ចឹង។ សូមកុំឲ្យខ្ញុំចេញព្រោះអីបើចេញថ្ងៃហ្នឹង គាត់ចោទពួកខ្ញុំថាធ្វើនយោបាយ ធ្វើអីបើគាត់ឃាត់ប៉ុណ្ណឹងហើយនៅតែចេញជារឿងផ្សេងហើយ

ពលរដ្ឋម្នាក់នៅសហគមន៍​បុរីកីឡាអ្នកស្រី ភោគ សុភីន

នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកវេទិកាពិគ្រោះ​យោបល់​ជាមួយ​គណបក្ស​នយោបាយចំនួន១៦ដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅហើយមិន​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា  មុននឹងបង្កើតរដ្ឋាភិបាលថ្មី ដើម្បីប្រមូលគំនិត​ជំរុញ​ដល់​​​កា​​​រ​​អ​​​​ភិ​​វឌ្ឍ​តាមបែ​ប​​ប្រ​ជាធិ​ប​តេ​យ្យ​សេ​រីពហុប​ក្ស។

អភិបាលរងខណ្ឌ៧ មករា លោក កៀង ល័ក្ស មានប្រសាសន៍ថា លោកហាមមិនឲ្យប្រជាពលរដ្ឋទៅទីស្ដីការគណរដ្ឋមន្រ្តី​ ដោយសារនៅទីនោះកំពុងមានកិច្ចប្រជុំ ប៉ុន្តែពាក់ព័ន្ធបញ្ហាដីធ្លីនេះលោកនឹងធ្វើការពិនិត្យមើលចំពោះរឿងនេះឡើងវិញ ។

នៅក្នុងការងារដោះស្រាយជូនពលរដ្ឋពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់របស់គាត់ អាហ្នឹងយើងនឹងគិតគួរ ។នេះជាជំហររបស់អាជ្ញាធរ។ សម្រាប់ខ្ញុំដែលទៅជួបគាត់ ដើម្បីរកគន្លឹះក្នុងការដោះស្រាយប៉ុន្តែខ្ញុំអត់ដឹងពីមុនមកយ៉ាងម៉េចទេ ពាក់ព័ន្ធនឹងការងារជាមួយគាត់តែខ្ញុំធា្លប់ឃើញគាត់ ដូចជាធ្លាប់បានផ្ទះរួចទៅហើយ។ តែការអះអាងរបស់គាត់ពីព្រឹកមិញហ្នឹង គឺគាត់ថាអត់មាន។ អញ្ចឹងខ្ញុំមានការចាប់អារម្មណ៍ដែរ […] យើងអាចពិនិត្យជូនគាត់ឡើងវិញបាន នឹងជាជំហរសម្រាប់ខ្ញុំដោះស្រាយព្រឹកមិញនេះឯង

អភិបាលរងខណ្ឌ៧ មករា លោក កៀង ល័ក្ស

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ ផាន អ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អគារចំនួន ១០ ជូនប្រជាពលរដ្ឋ ១ ៧៧៦គ្រួសារវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន។

ទោះជាយ៉ាងក្រុមពលរដ្ឋទាំងនោះអះអាងថា ប្រសិនបើដល់ថ្ងៃទី ២៣ ខែសីហា នេះ ខណ្ឌមិនជូនដំណឹង និងដោះស្រាយឲ្យពួកគាត់ដែលមិនទទួលបានសំណងទេ ពួកគាត់នឹងនាំគ្នាដើរតវ៉ាបន្តទៀតរហូតទទួលបានដំណោះស្រាយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ