បក្សចាញ់ឆ្នោតថាកិច្ចប្រជុំ​ជាមួយនាយករដ្ឋមន្រ្តី​ព្រឹកមិញមិនទាន់សម្រេចផ្លែផ្កាអ្វីឡើយ

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោក ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ចំនួន១៦ គណបក្ស ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

គណបក្សមួយចំនួនដែលមិនទទួលបានអាសនៈក្នុង​សភាបានអះអាងថា ការប្រជុំជាមួយនាយករដ្ឋ មន្ត្រី​ ដើម្បី​​បង្កើត«ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»មិនទាន់ទទួលបានលទ្ធផលណាមួយនៅឡើយទេ។

នៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាន​បើកកិច្ចប្រជុំមួយនៅវិមានសន្តិភាពជាមួយ​មេដឹកនាំគណបក្សចំនួន១៦ ដើម្បី​ពិភាក្សា​បង្កើត «ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ជួយរិះគន់ចំណុច​ខ្វះខាតរបស់រដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យប្រទេសជាតិរីកចំរើន។

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ មានប្រសាសន៍ថាកិច្ចប្រជុំរវាង​លោកហ៊ុន សែន និង មេដឹកនាំគណបក្សចំនួន១៦នាព្រឹកនេះ មិនទាន់សម្រេចលទ្ធផល​ពីការបង្កើត​«ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» នៅឡើយទេ ដោយថាកិច្ចប្រជុំដំបូង​នេះគ្រាន់តែចង់បានយោបល់ពីតំណាង​គណបក្ស មុននឹងឈានទៅបង្កើតស្ថាប័ននេះ។​

ទោះជាយ៉ាងណាលោក ម៉ម សូណង់ដូ អះអាងថា លោកគាំទ្រឲ្យរដ្ឋាភិបាលបង្កើត«ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»នេះឲ្យបានឆាប់ ដើម្បីងាយស្រួលឲ្យ​តំណាងគណបក្សនយោបាយដែលចាញ់ឆ្នោត មានឱកាសជួយប្រជាពលរដ្ឋ និងសង្គមជាតិ​។

ចិត្តយើងនៅតែចង់ជួយអភិវឌ្ឍន៍ជាតិ​ នៅតែចង់ជួយប្រជាពលរដ្ឋតទៅទៀត​។ ហើយប្រសិនបើជណ្តើរមួយគេមិនអនុញាត ហើយមានជណ្តើតូច​មួយទៀតគេឲ្យយើងឡើងលើ ​ដើម្បីជួយជាតិ ជួយប្រជាពលរដ្ឋ​ រឿង​អ្វីពូមិនឡើង​

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ

ប្រធាន​គណបក្សយុវជនកម្ពុជា លោក ពេជ្យ ស្រស់ មានប្រសាសន៍ថា កិច្ចប្រជុំដែលដឹកនាំដោយរដ្ឋាភិបាល​នៅថ្ងៃនេះស្តីពីការបង្កើត«ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»ជាសញ្ញាវិជ្ជមាន នឹងផ្តល់ឱកាសឲ្យគ្រប់គណបក្សបាន​រិះគន់ចំណុច​ខ្វះខាត​របស់​មន្ត្រីរដ្ឋាភិបាល។

គណបក្សក្រៅរដ្ឋាភិបាលដែលមានតួនាទីជា«ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»មានសិទ្ធិធ្វើរបាយការណ៍ មានសិទ្ធិធ្វើក៏ជូនដំណឹង​ទៅនាយករដ្ឋមន្ត្រី​ ​ដើម្បីពិនិត្យមើលរាល់អំពើដែល​រំលោភមកលើសង្គមកម្ពុជា​

ប្រធាន​គណបក្សយុវជនកម្ពុជា លោក ពេជ្យ ស្រស់

យ៉ាងណាក៏ដោយ​ លោក ពេជ្យ ស្រស់បញ្ជាក់ថា កិច្ចប្រជុំបន្ទាប់ រដ្ឋាភិបាលមិនទាន់កំណត់ច្បាស់លាស់នៅឡើយ ដោយថានឹងឲ្យក្រុមការងារជំនាញជូនដំណឹងទៅគណបក្សទាំងនោះនៅពេលក្រោយ។

ប្រធាន​គណបក្សឆន្ទៈខ្មែរលោក គង់ ម៉ូនីកា បង្ហាញជំនឿថា កម្ពុជា​នឹងកាន់តែរីកចំរើនទៅមុខ បើរដ្ឋាភិបាល​បង្កើត «ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដើម្បីទទួលយកមតិយោបល់ពីបណ្តុំគណបក្សទាំង១៦ នោះ។

វាមិនមែនជាសំឡេងគណបក្សតូចៗតែមួយដាច់​ដោយឡែកទេ គឺជាសំឡេង​របស់គណបក្សតូច​ៗទាំងអស់​​ដែលមានសំឡេង​គាំទ្រច្រើនដែរ។ ខ្ញុំគិត​ថាដរាបណាយើងផ្តល់មតិយោបល់​ដែលមានមូលដ្ឋានច្បាស់លាស់​ ត្រឹមត្រូវ នោះយើងនឹងអាច​ធ្វើឲ្យរាជរដ្ឋាភិបាល​​ទទួលយកនូវ​មតិយោបល់ប្រកបដោយការ​ស្ថាបនារបស់យើង

ប្រធាន​គណបក្សឆន្ទៈខ្មែរលោក គង់ ម៉ូនីកា

មេដឹកនាំគណបក្សនយោបាយមួយចំនួនដែលចូលរូមប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញជំហប្រហាក់ប្រហែលគ្នាថា នឹងបន្តចូលរួម​ប្រជុំ​ទៀត បើមានការអញ្ជើញពី   រដ្ឋាភិបាល​។

លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះបន្ទាប់ពីកិច្ចប្រជុំ​ជាមួយគណបក្សទាំង១៦ ថាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានភារៈកិច្ច​​ផ្តួចផ្តើមគំនិត ឬផ្តល់មតិទៅ​លើការរៀបចំគោលនយោបាយដល់រាជរដ្ឋាភិបាល ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាលមុនគណរដ្ឋមន្រ្តីអនុម័ត និងចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តីជាដើម។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦ បាន​ឲ្យ​ដឹងថា ​គណបក្សប្រជា​ជន​កម្ពុជារបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​កាន់​កាប់​អាសនៈ​ទាំង​អស់ ១២៥​នៃ​រដ្ឋ​សភា ​ធ្វើ​ឲ្យ​សភាអាណត្តិ​ទី​៦ គ្មាន​សំឡេង​បក្សប្រឆាំងនោះ​ទេ៕ លោក ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ