ពលរដ្ឋវេណេហ្ស៊ូអេឡាចាកចេញពីប្រទេសដោយសារខ្វះអាហារនិងថ្នាំពេទ្យ

ពលរដ្ឋវេណេហ្ស៊ូអេឡា កំពុងតែសម្រុកទៅច្រើនជាងគេ គឺប្រទេសប្រេស៊ីលដែលមានព្រំដែនជាប់គ្នា (រូបភាព៖ វេបសាយបរទេស)

ប្រទេសវេណេហ្ស៊ូអេឡា កំពុងជួបវិបត្តិសេដ្ឋកិច្ចបន្ទាប់ពីអន្តរជាតិដាក់ទណ្ឌកម្ម ដោយសារតែការបោះឆ្នោតកាលពីខែឧសភាកន្លងទៅ មិនមានការទទួលស្គាល់ពីបណ្តាប្រទេសលោកសេរី។​

ប្រទេសនេះ បានរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២០ ខែឧសភា ដោយមិនមានការចូលរួមពីគណបក្សប្រឆាំង។ ក្រោយមកប្រទេសចំនួន១៤ ដឹកនាំដោយអាមេរិក​និងកាណាដា ប្រកាសរួមគ្នាកាត់បន្ថយទំនាក់ទំនងការទូតជាមួយប្រទេសនេះ។​ ក្រៅពីការកាត់បន្ថយទំនាក់ទំនងការទូត វេណេហ្ស៊ូអេឡារងសម្ពាធផ្សេងៗទៀត។​

មួយរយៈកាលចុងក្រោយនេះអតិផរណាគឺលុយចុះថោក ទំនិញឡើងថ្លៃកាន់តែក្លាយជាបញ្ហាធំឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងប្រទេសមួយនេះ។​ កម្រិតអតិផរណាក្នុងខែកក្កដាមាន ៨៣ ០០០ ភាគរយ ហើយការវាយតម្លៃរបស់IMFនៅចុងឆ្នាំ២០១៨ អតិផរណា និងបន្តដល់ ១ ០០០ ០០០ ភាគរយ។​

គិតត្រឹមថ្ងៃអង្គារនេះ ក្រដាសប្រាក់បូលីវារបស់វេណេហ្ស៊ូអេឡាបន្តធ្លាក់ចុះគឺ ១ដុល្លារអាមេរិកស្មើនឹង ២៤៨ ០០០ បូលីវា។ ក្នុងរយៈពេល២៦ថ្ងៃចុងក្រោយនេះ លុយរបស់វេណេហ្ស៊ូអេឡា​ធ្លាក់ចុះកាន់តែខ្លាំង។​

ដោយសារតែវិបត្តិនយោបាយបន្តតានតឹង ហើយរាលដាលប៉ះពាល់ដល់សេដ្ឋកិច្ចនោះ ប្រជាពលរដ្ឋកំពុងតែជួបការលំបាក ហើយសម្រេចចិត្តឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសផ្សេងៗដោយសារតែបញ្ហាខ្វះខាតអាហារ និងថ្នាំសម្រាប់ព្យាបាលជំងឺ​។​

ប្រទេសដែលពលរដ្ឋវេណេហ្ស៊ូអេឡា កំពុងតែសម្រុកទៅច្រើនជាងគេ គឺប្រទេសប្រេស៊ីលដែលមានព្រំដែនជាប់គ្នា។ ដោយសារតែបារម្ភពីបញ្ហាសន្តិសុខនិងសណ្តាប់ធ្នាប់ ប្រេស៊ីលបានចាប់ផ្តើមដាក់កម្លាំងយាមព្រំដែនរឹតបន្តឹងការឆ្លងកាត់។​ នៅប៉ុន្មានថ្ងៃចុងក្រោយអ្នកឆ្លងកាត់ព្រំដែនចូលប្រេស៊ីសប្រមាណ៣០០០នាក់ក្នុងថ្ងៃ ហើយចំនួននេះគេរំពឹងថា នឹងកើនឡើងបន្តទៀត។​

ក្រៅពីប្រទេសប្រេស៊ីលគឺប្រទេស កូឡុំប៊ី ប្រទេស អេក្វាឌ័រ និង ប៉េរូ ក៏ជាគោលដៅសំខាន់សម្រាប់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាប្រឈមខ្វះខាតអាហារ និងថ្នាំពេទ្យនេះដែរ។​

ដើម្បីដោះស្រាយបញ្ហាវិបត្តិនេះ រដ្ឋាភិបាលដែលដឹកនាំដោយលោក នីកូឡាស់ ម៉ាឌូរ៉ូ បានបោះពុម្ពក្រដាសប្រាក់ថ្មី ដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃចន្ទម្សិលមិញ និង ដាក់ចេញវិធានការផ្សេងៗទៀត។​

ចំណាត់ការថ្មីៗរបស់រដ្ឋាភិបាលហាក់មិនទាន់ឃើញមានប្រសិទ្ធិភាពប្រសើរឡើងនៅឡើយទេ ខណៈប្រជាពលរដ្ឋដែលរងការប៉ះពាល់ និងក្រុមប្រឆាំងផ្សេងៗទៀតកំពុងតែគៀងគររៀបចំការតវ៉ាប្រឆាំងរដ្ឋាភិបាលនេះ។

បញ្ហានៅចំពោះមុខអន្តរជាតិពេលនេះ គឺកំពុងតែមានការទាមទារឲ្យលោក នីកូឡាស់ម៉ាឌូរ៉ូ រៀបចំការបោះឆ្នោតឡើងវិញ ដោយធានាភាពត្រឹមត្រូវ និងមានការចូលរួមពីគណបក្សប្រឆាំង។​​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ