ពលរដ្ឋនៅភ្នំពេញរងគ្រោះដោយទឹកជំនន់អំពាវនាវសុំទឹកស្អាតនិងថ្នាំពេទ្យ

ពលរដ្ឋរស់នៅតំបន់ទឹកជំនន់នៅភ្នំពេញ(រូប ដោយ ខាន់ លក្ខិណា)

ប្រជាពលរដ្ឋ ដែលរស់នៅជាយរាជធានីភ្នំពេញ អំពាវនាវទៅរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយផ្គត់ផ្គង់ទឹកស្អាត និងថ្នាំសង្កូវដល់ពួកគេ ដោយថា បច្ចុប្បន្ននេះ  ពួកគេគ្មានទឹកស្អាតប្រើហើយក្មេងៗមួយចំនួនកំពុងឈឺ បន្ទាប់ពីទឹកជំនន់ជន់លិចចូលក្នុងភូមិ។

ពលរដ្ឋម្នាក់រស់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញលោក គិត លី  ប្រាប់វីអូឌីថា ពួកគាត់មានការបារម្ភខ្លាំង  ជាពិសេសក្មេងៗ ដោយខ្លាចលង់ទឹក ខណៈដែលទឹកចេះតែបន្តកើនឡើង។ លោកបន្តថា  ចាប់តាំងពីទឹកជន់លិចចូលក្នុងភូមិ  ពួកគាត់ខ្វះខាត ស្បៀងអាហារ ដោយសារ ដំណាំស្រូវ និងដំណាំផ្សេងៗត្រូវខូចខាតទាំងអស់ ហើយរហូតមកដល់ពេលនេះ មិនទាន់មានអាជ្ញាធរចុះទៅជួយពួកគាត់នោះទេ។

ខ្វះខាត[ស្បៀង]ហូបទឹកស្អាតអត់មាន ​​ព្រោះទឹកនឹងវាអត់ល្អ វាអត់មានទឹកស្អាតចុះមកដល់ផង។ ចង់បានជំនួយដែរហ្នឹងជាអង្ករហូបចុក ត្រីខ មីអីព្រោះទុកបានយូរ។ ចង់ឲ្យរាជរដ្ឋាភិបាលជួយឧបត្ដមខ្លះៗ ប្រជាជនលិចអស់ហើយ

ពលរដ្ឋម្នាក់រស់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញលោក គិត លី

ប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រីនៅ កូយ លើកឡើងប្រហាក់ប្រហែលគ្នាថា  កាលពីមុនពេលបោះឆ្នោតភូមិរបស់ពួកគាត់ត្រូវបានទឹកជំនន់ជន់លិចម្ដងរួចមកហើយ  ប៉ុន្តែកាលនោះ មានអាជ្ញាធរ និងគណបក្សនយោបាយមួយចំនួនទៅផ្ដល់ថ្នាំពេទ្យ និងបានផ្ដល់ស្បៀង រួមទាំងទឹកដល់ពួកគាត់សម្រាប់ប្រើប្រាស់ទាំងយប់ផងដែរ។ អ្នកស្រីបន្តថា  ទឹកជំនន់លិចរយៈពេលប៉ុន្មានថ្ងៃនេះ មិនទាន់មានអាជ្ញាធរឬស្ថាប័នណាចុះទៅជួយពួកគាត់នោះទេ ខណៈបច្ចុប្បន្ននេះ  ពួកគាត់កំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ ហើយក្មេងៗមួយចំនួនទៀតកំពុងឈឺ បន្ទាប់ពីទឹកជំនន់ជនលិចចូលនៅក្នុងភូមិរបស់ពួកគាត់។

ប្រជាពលម្នាក់អ្នកស្រី គឹម សុគន្ធ  មើលឃើញថា អាជ្ញាធរហាក់ដូចជាមិនរវល់ចំពោះ បញ្ហានិងការស្នើសុំរបស់ប្រជាពលរដ្ឋនោះឡើយ ទោះបីជាមានទឹកជំនន់ជន់លិចចូលភូមិដោយប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភ​ និងបានរាយការណ៍ទៅអាជ្ញាធរឲ្យជួយអន្តរាគមដោយផ្ដល់ថ្នាំសង្កូវខ្លះៗ ។

ចេះតែចង់ឲ្យរដ្ឋអំណាចជួយដែរ ជួយបានប៉ុន្មានជួយទៅកូន ធ្វើម៉េច កុំឲ្យថាយើងមានពាក់ព័ន្ធអី អានេះយើងឃើញទឹកជាក់ស្ដែងហើយ តែត្រង់កន្លងមក ពីលើកហើយមិនទាន់មាននរណាចុះមកទេ

ប្រជាពលម្នាក់អ្នកស្រី គឹម សុគន្ធ

ឆ្លើយតបនឹងរឿងនេះ ចៅសង្កាត់គងនយ លោក អ៊ុន សុរុំ មានប្រសាសន៍ថា លោកបានធ្វើសំណើទៅថ្នាក់លើរួចហើយ  ពាក់ព័ន្ធនឹងការស្នើសុំរបស់ប្រជាពលរដ្ឋនោះ។

ព្រឹកនេះខ្ញុំបានរាយការណ៍ទៅខាងខណ្ឌដែរ ប៉ុន្តែឥឡូវមិនទាន់មានដំណឹងអីផង សំណើរឲ្យមានទឹកស្អាតអីហ្នឹង

ចៅសង្កាត់គងនយ លោក អ៊ុន សុរុំ

សង្កាត់គងនយមាន ៤ ភូមិមានប្រជាពលរដ្ឋចំនួនជាង ៤០០ គ្រួសារក្នុងនោះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារ ទឹកជំនន់ជន់លិចផ្ទះមានចំនួន ៩៥ គ្រួសារ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិង​ឧតុនិយមចេញផ្សាយកាលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ឲ្យដឹងថា កម្ពុជាអាចប្រឈមនឹងជំនន់ទឹកភ្លៀងខ្ពស់ជាង២០១៧ ជាពិសេស នៅខែសីហានិងខែកញ្ញា ដោយសារ នៅក្នុងខែទាំងពីរនេះ អាចមានបាតុភូតធម្មជាតិ​កើតឡើងបណ្ដាលឲ្យមានភ្លៀងធ្លាក់ច្រើន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ