គ្រូនិងសិស្ស១២នាក់ប្រព្រឹត្តកំហុសក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ

អនុរក្សឆែកបេក្ខជនមកប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រលងវិទ្យាល័យជាស៊ីម បឹងកេងកង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

ក្រសួងអប់រំយុវជន និងកីឡា បានរកឃើញថា សិស្ស និងគ្រូចំនួន១២នាក់ បានប្រព្រឹត្តកំហុស ដែលផ្ទុយពីការណែនាំ ក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃនៅដើមសប្តាហ៍នេះ។​

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំចេញផ្សាយកាលពីម្សិលមិញគឺ សិស្ស និងគ្រូជាអ្នកត្រួតពិនិត្យការប្រឡងចំនួន១០នាក់ បានប្រើប្រាស់ទូរសព្ទ ចំណែកសិស្ស២នាក់ទៀត បាននាំចូលសំណៅឯកសារចូលក្នុងបន្ទប់ប្រឡង។​

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ មិនបានបញ្ជាក់ថា អ្នកប្រព្រឹត្តកំហុសទាំងនេះ ត្រូវរងការពិន័យយ៉ាងណានោះទេ។​

ក្រសួងក៏បានឲ្យដឹងទៀតថា សិស្សចំនួន៦៤នាក់ មានបញ្ហាសុខភាពធ្ងន់ធ្ងរ ប៉ះពាល់ដល់ដំណើរការប្រឡងរបស់ពួកគេ។​

ទីប្រឹក្សា​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានប្រាប់វីអូឌីថា សម្រាប់បេក្ខជនដែលមានបញ្ហាសុខភាពដូចជា ដួលសន្លប់មិនបានប្រឡង លោកចង់ឲ្យមានការរៀបចំឲ្យសិស្សទាំងនោះបានប្រឡងម្តងទៀត។​

យើងចង់ឲ្យក្រសួងបើកឲ្យមានប្រឡងពិសេសមួយសម្រាប់អ្នកដែលមានបញ្ហាសុខភាព ចេញវិញ្ញាសារណាមួយ ដាក់ថ្ងៃណាមួយឲ្យពួកគាត់ ប្រឡងនៅក្រសួងអីអញ្ចឹងនឹងដើម្បីកុំឲ្យគាត់ខាតពេលវេលារៀនឆ្នាំក្រោយមួយឆ្នាំទៀត

ទីប្រឹក្សា​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ លោក រ៉ុង ឈុន

ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ដន៍​និង​សីលធម៌​កម្ពុជា​ លោក ប៉ា ច័ន្ទរឿន ពិនិត្យឃើញថា ការប្រឡងនៅឆ្នាំនេះ មានភាពល្អប្រសើរច្រើន កាត់បន្ថយអំពើពុករលួយ និងកំហុសផ្សេងៗទៀត។​

សម្រាប់ដំណើរការទូទៅខ្ញុំសង្កេតឃើញថា រៀបចំបានល្អជាពិសេសគឺ លុបបំបាត់នូវការបែកធ្លាយវិញ្ញាសារឬក៏ការទៅប្រឡងជំនួសមានន័យថាអាចកាត់បន្ថយអំពើពុករលួយនៅក្នុងការប្រលងនឹងបានមួយកំរិតធំហើយ ជារួមមកខ្ញុំសង្កេតឃើញថាក្នុងរយៈពេល៥ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់ឯឧត្តមរដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន ឃើញថាការប្រលងហ្នឹងមានការផ្លាស់ប្ដូរគួរឲ្យចាប់អារម្មណ៍ កាត់បន្ថយនូវចំណុចអវិជ្ជមានជាច្រើនជាពិសេសទាក់ទងនឹងអំពើពុករលួយនិងការបន្លែបន្លំនៅក្នុងការប្រលង

ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ដន៍​និង​សីលធម៌​កម្ពុជា​ លោក ប៉ា ច័ន្ទរឿន

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានឲ្យដឹងថា ចំនួនសិស្សដែលចូលរួមប្រឡងសរុបជាង១១ម៉ឺននាក់ ស្រីជាង៥ម៉ឺននាក់  ក្នុងនោះបេក្ខជនដែលអវត្តមានចំនួនជាង១ពាន់នាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ