នគរបាលជាតិ៖ ក្រុមចោរមានគ្នា៥នាក់ និងប្លន់យកប្រាក់ ១០ម៉ឺនដុល្លារពីធនាគារឥណ្ដូឆៃណា

ធនាគារ អ.អេច.ប៊ី ឥណ្ដូឆៃណា ក្រោយពេលមានករណីប្លន់ ថ្ងៃទី ២៣ សីហា ២០១៨

អគ្គស្នងការនគរបាលជាតិ លម្អិតព័ត៌មានថា ទឹក​ប្រាក់​ ១០​ម៉ឺន​ដុល្លារ ត្រូវ​បាន​ក្រុម​ចោរ​​ប្លន់​ពី​ធនាគារ អ អេច ប៊ី ឥណ្ដូឆៃណា ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ៅ សេទុង ខណ្ឌចំការមន រាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ។

គេហទំព័រ​អគ្គស្នងការនគរបាលជាតិ ​ចុះផ្សាយនៅមុននេះ បាន​ឲ្យដឹងថា ក្រុម​ចោរ​​មាន​គ្នា​ ៥​នាក់ ​ប្រដាប់​ដោយ​កាំភ្លើងខ្លី បាន​ដើរចូល​ទៅក្នុង​ធនាគារឥណ្ដូឆៃណា និងបានប្លន់​យក​ប្រាក់​អស់​​ ​១០​ម៉ឺន​ដុល្លារអាមេរិក ហើយបានរត់គេចខ្លួនបាត់ ប៉ុន្ដែ ករណីនេះ អាជ្ញាធរអះអាងថា មិនបានបង្ករបួសស្នាមដល់បុគ្គលិក​ធនាគារនោះទេ។

អគ្គស្នងការនគរបាលជាតិ ឲ្យដឹងទៀតថា កម្លាំង​​សមត្ថកិច្ច​មូលដ្ឋាន ​និង​ក្រសួង​មហាផ្ទៃ​ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុតែម្ដង ដើម្បី​ស្រាវជ្រាវ​រកមុខ​​ក្រុម​ជនសង្ស័យទាំងនោះ និងបានពិនិត្យមើលតាមរយៈ​កា​មេ​រ៉ា​សុវត្ថិភាព​របស់​ធនាគារផងដែរ។

យ៉ាងណាក៏ដោយ វេបសាយអគ្គស្នងការនគរបាលជាតិមិនបានបញ្ជាក់​ពី​អត្ត​សញ្ញាណ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ទាំង​នោះ​ទេ។

ក្នុងលិខិតចុះថ្ងៃទី២០ កក្កដាកន្លងទៅ ធនាគារជាតិនៃកម្ពុជា បានរំឭកដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ថា មិនគួរដាក់កម្លាំងប្រដាប់អាវុធយាម​នៅក្នុង ឬនៅក្បែរស្ថាប័ននោះទេ ដោយថា បច្ចុប្បន្នកម្ពុជាមានសន្តិភាពពេញលេញហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ