​កម្ពុជាចាប់ផ្តើមគម្រោងតម្លៃ២លានដុល្លារដើម្បី​អភិវឌ្ឍន៍ទីផ្សារដំឡូងមី

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីចុះហត្ថលេខារវាងអង្គការ UNDP និងក្រុមហ៊ុនចិន Green Leader

កិច្ចព្រមព្រៀងរួមគ្នាមួយដែលមានតម្លៃ២លានដុល្លារត្រូវបានចុះហត្ថលេខារវាងអង្គការ UNDP និងក្រុមហ៊ុនចិន Green  Leader ដែលជាដៃគូអនុវត្តន៍ផ្ទាល់ដើម្បីជម្រុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា ដោយមានការគាំទ្រពីរដ្ឋាភិបាល។

ថ្លែងក្នុងពីធីចុះហត្ថលេខានៅក្រសួងពាណិជ្ជកម្មម្សិលមិញ រដ្ឋមន្ត្រីក្រសួង លោក ប៉ាន សូរស័ក្តិ ឲ្យដឹងថា គម្រោងពន្លឿនការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា ជាគម្រោងហិរញ្ញប្បទានដែល​ទឹកប្រាក់១លានពីរសែនដុល្លារបានមក​ពីក្រសួងពាណិជ្ជកម្ម ៥០ម៉ឺនដុល្លារពីក្រុមហ៊ុនចិន Green  Leader និង៣០ម៉ឺនដុល្លារទៀតពីអង្គការ UNDP។

លោក ប៉ាន សូរស័ក្តិ បន្តថាការអនុវត្តគម្រោងនេះ គឺជាលើកទីមួយនិងជាគំរូសម្រាប់វិស័យផ្សេងទៀតដែលមានការចូលរួមពីវិស័យ​ឯកជននិងស្ថាប័ន​អន្តរជាតិ។

យើងត្រូវការវិស័យឯកជនជាអ្នកដឹកនាំហើយនិងចំណាយទុន។ យើងនៅពីក្រោយជួយនូវការសម្រួលពាណិជ្ជកម្មក៏ដូចជាបច្ចេកទេស។​ ដូច្នេះយើងឃើញថាជាដៃគូដ៏សំខាន់រវាងផ្នែកអន្តរជាតិ ផ្នែកឯកជន និងផ្នែកសាធារណៈដែលក្រសួងពាណិជ្ជកម្មជាអ្នកតំណាង។ ដូច្នេះយើងឃើញថាជាគំរូមួយដែលយើងអាចជំរុញគំរូនេះទៅវិស័យផ្សេងៗទៀតក៏ដូចនៅក្នុងកសិផលផ្សេងៗទៀតដែរ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ

នាយកប្រតិបត្តិនៃក្រុមហ៊ុន Green Leader លោក ម៉ៃឃើល សេ (Michael Tse) មានប្រសាសន៍ថា មូលហេតុដែលលោកមកវិនិយោគដំឡូងមីនៅកម្ពុជាដោយសារនេះជាឱកាសល្អហើយវានឹងផ្ដល់​ផល​ប្រយោជន៍ដល់​​គ្រប់ភាគីពាក់​ព័ន្ធទាំងអស់​ ។

យើងមានអ្នកជំនាញដែលមានបទពិសោធន៍ពីក្រសួងពាណិជ្ជកម្មនិង UNDP មកជួយបង្កើតគម្រោងការកសិកម្មដែលមានកិច្ចសន្យាជាមួយកសិករ ហើយអាចបង្កើតភ្នាក់ងារកសិកម្ម និងសមាគមកសិករ។[…] ​ក្រុមហ៊ុនអាចរកបានប្រាក់ចំណេញ កសិករអាចបង្កើនប្រាក់ចំណូល រដ្ឋាភិបាលនឹងទទួលបានចំណូលពីការនាំចេញ

នាយកប្រតិបត្តិនៃក្រុមហ៊ុន Green Leader លោក ម៉ៃឃើល សេ (Michael Tse)

​នាយកអង្គការ UNDPប្រចាំប្រទេសកម្ពុជា​ លោក នីក បឺរីសហ្វត (Nick Beresford) ​បានគូសបញ្ជាក់ក្នុងចំណាប់អារម្មណ៍របស់លោកថា UNDP រីករាយ​នឹងចាប់ដៃជាមួយក្រសួងពាណិជ្ចកម្មនិងក្រុមហ៊ុន Green Leader ធ្វើការអភិវឌ្ឍវិស័យដំឡូងមីនៅកម្ពុជា។

ការចុះហត្ថលេខាលើគម្រោងនេះគឺដោយយោងទៅតាមអនុសារណៈនៃការយោគ​យល់គ្នារវាងក្រុមហ៊ុន Green  Leader និងអង្គការ UNDP កាលពីខែមេសា និងអនុសារណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មនិងអង្គការ UNDP កាលពីខែមករា ឆ្នាំ​២០១៨កន្លងទៅ។ គម្រោងនេះមានរយៈពេល៣ឆ្នាំនិង៥ខែ គិតចាប់ពីខែសីហា ឆ្នាំ២០១៨ដល់២០២១។

ដំឡូងមីជាផលិតផលកសិកម្មធំទីពីររបស់កម្ពុជា បន្ទាប់ពីស្រូវ ហើយក៏ជាផលិតផលមួយដែលមានសក្ដានុពលខ្ពស់សម្រាប់កែច្នៃនិងនាំចេញ ដោយដំឡូងមីអាចកែច្នៃទៅជាមុខទំនិញជាច្រើនដូចជា ម្សៅមី ប្រេងឥន្ធនៈអេតាណុល គ្រាប់ថ្នាំពេទ្យ និង​គ្រឿងឧបភោគបរិភោគដទៃទៀត។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា  កសិករ៩ម៉ឺនគ្រួសារកំពុងតែដាំដំឡូងមី លើផ្ទៃដីកន្លះលានហិកតានៅក្នុងខេត្តចំនួន​១៣៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ