វិភាគ៖ តើអន្តរជាតិប្រែប្រួលជំហរយ៉ាងណាក្រោយដោះលែងអ្នកជាប់ឃុំបន្តបន្ទាប់?​

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ

ក្នុងអំឡុងពេលបោះឆ្នោតមានប្រតិកម្មជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ ក្នុងបណ្តាប្រទេសលោកសេរី និងអង្គការអន្តរជាតិមួយចំនួន​ សម្តែងការព្រួយបារម្ភពីស្ថានភាពប្រជាធិបតេយ្យ រួមទាំងជំរុញឲ្យមានការដោះលែងអ្នកជាប់ឃុំដែលពួកគេហៅថា ជាអ្នកទោសមនសិការ។ ចំណែកប្រទេសកុម្មុយនីស្តវិញ រួមទាំងចិន និងវៀតណាម​ផង បានបញ្ជាក់ជំហរគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា។​

ក្រោយការប្រកាសលទ្ធផលសន្លឹកឆ្នោតជាផ្លូវការ ប្រទេសដែលធ្លាប់ជួយគាំទ្ររៀបចំការបោះឆ្នោតឲ្យកម្ពុជាពីមុននោះ រួមទាំងសហភាពអឺរ៉ុប អាមេរិក និងជប៉ុនជាដើម ប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ។​ ក្រុមខ្លះទាមទារឲ្យដោះលែងលោក កឹម សុខា ខណៈក្រុមខ្លះទៀតជំរុញឲ្យរៀបចំការបោះឆ្នោតឡើងវិញ។

ក្រោយលទ្ធផលនៃការបោះឆ្នោតផ្លូវការបានប្រកាស ហើយគណបក្សប្រជាជនកម្ពុជាក្តោបយកអាសនៈទាំងអស់នៅក្នុងសភាហើយនោះ ព្រឹត្តិការណ៍ដែលអន្តរជាតិកំពុងចាប់អារម្មណ៍ចុងក្រោយនេះ គឺការដោះលែងអ្នកជាប់ឃុំជាបន្តបន្ទាប់ អ្នកជាប់ឃុំទាំងនោះដែលអ្នកទាមទារសេរីភាពហៅថា ជាអ្នកទោសមនសិការឬ អ្នកជាប់ឃុំដោយសារហ៊ានប្រឆាំងសកម្មភាពរបស់រដ្ឋាភិបាល។​

កាលពីថ្ងៃទី១៧ខែសីហា តុលាការដោះលែង លោក កឹម សុខ អ្នកវិភាគបញ្ហាសង្គម ក្រោយពេលជាប់ឃុំ១៨ខែតាមការកំណត់  ហើយតុលាការបន្តស៊ើបលើករណីផ្សេងមួយទៀត។ ថ្ងៃបន្តបន្ទាប់មកមានការដោះលែងអ្នកជាប់ឃុំជាបន្តបន្ទាប់ដូចជា សកម្មជនដីធ្លីបឹងកក់អ្នកស្រី ទេព វន្នី អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី២នាក់ និង អតីតប្រធានគណបក្សអំណាចខ្មែរ លោក ​សួន សេរីរដ្ឋា ជាដើម។​

តើក្រោយការដោះលែងអ្នកជាប់ឃុំទាំងនេះ ជំហររបស់សហគមន៍អន្តរជាតិមានការប្រែប្រួលប្រួលអ្វីខ្លះ?

រហូតដល់ថ្ងៃសុក្រនេះ អាមេរិក អឺរ៉ុប និងជប៉ុនជា ដើម មិនទាន់ឃើញបង្ហាញសារសាទរចំពោះការ ដោះលែងអ្នកជាប់ឃុំនេះទេ ចំណែកប្រទេសកុម្មុយនីស្តដែលគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាក៏មិនបានបង្ហាញជំហរអ្វីដែរ។​

ទន្ទឹមនឹងការមិនសាទរនេះ ក៏មានប្រតិកម្មខ្លះជំរុញឲ្យមានការដាក់សម្ពាធបន្ថែម និងខ្លះទៀតជំរុញឲ្យមេដឹកនាំកម្ពុជាចរចាជាមួយភាគីពាក់ព័ន្ធពិសេសអតីតបក្សសង្គ្រោះជាតិ​ដើម្បីដោះស្រាយជម្លោះនយោបាយ។​

កាលពីថ្ងៃទី២១ខែសីហា អង្គការអន្ដរជាតិ Civil Rights Defenders ដែលមានមូលដ្ឋាននៅរដ្ឋធានី Stockholm ប្រទេសស៊ុយអែត បានស្វាគមន៍ចំពោះការដោះលែងសកម្មជនដីធ្លីតំបន់បឹងកក់  អ្នកព័ត៌មានវិទ្យុអាស៊ីសេរី និងអ្នកទោសមនសិការផ្សេងៗទៀត។ ប៉ុន្ដែ អង្គការមួយនេះថា ពួកគេទាំងនេះ មិនគួរត្រូវបានចោទប្រកាន់ និងផ្ដន្ទាទោសតាំងពីដំបូងមកម្ល៉េះ ដោយហេតុថា អ្នកស្រី ទេព វន្នី បានចូលរួមការតវ៉ាដោយសន្ដិវិធីប្រឆាំងនឹងការរំលោភយកដីសហគមន៍របស់ពួកគាត់។

អង្គការនេះក៏បានទទូចឲ្យសហគមន៍អន្ដរជាតិដាក់សម្ពាធបន្ថែមទៀតមកលើរដ្ឋាភិបាល ដើម្បីឲ្យមានការដោះស្រាយដោយបើកចំហលើបញ្ហាសង្គមដែលកំពុងកើតមានពិសេស បញ្ហាសិទ្ធិមនុស្សនិងដំណើរការលទ្ធិប្រជាធិបតេយ្យ។​

នៅក្នុងសប្តាហ៍នេះ អនុរដ្ឋមន្ដ្រីក្រសួងការបរទេសអង់គ្លេសទទួលកិច្ចការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិច លោក Mark Field បានបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងថ្នាក់ដឹកនាំរដ្ឋាភិបាលមួយចំនួនទៀត។

លោក Mark Field ថ្លែងប្រាប់អ្នកសារព័ត៌មានថា គោលជំហរអង់គ្លេសនៅតែចង់ឲ្យមានការដោះលែងលោក កឹម សុខា និងទម្លាក់ចោលរាល់បទចោទទាំងអស់ចំពោះអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ។​

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបង្ហើបដែរថា លោក មានគម្រោងដោះលែងសកម្មជនគណបក្សប្រឆាំងចំនួន​១២នាក់ និងអ្នកផ្សេងៗមួយចំនួនទៀត។​

ទោះយ៉ាងណា លោក ហ៊ុន សែន មិនបានរំឭកឈ្មោះលោក កឹម សុខា នោះទេ។ លោក ហ៊ុន សែនធ្លាប់ថ្លែងថា លោកមិនអត់ឱនឲ្យលោក កឹម សុខា ដែលលោកថា មានទោសក្បត់ជាតិ លួចសហការជាមួយសហរដ្ឋអាមេរិកផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះទេ។​

អ្នកស្រាវជ្រាវនៅវិទ្យាស្ថានឡាក់ស៊ីវេសនៃសាកលវិទ្យាល័យហ្វីហ្វីតរបស់អូស្ត្រាលី ថ្លែងប្រាប់ Asean Correspondentថា មូលហេតុចំបងនៃការដោះលែងអ្នកជាប់ឃុំទាំងនេះ ដោយសារតែរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បារម្ភពីផលប៉ះពាល់សេដ្ឋកិច្ច ដោយសារតែលទ្ធផលនៃការបោះឆ្នោត កន្លងទៅនេះមិនមានការទទួលស្គាល់ពីប្រទេសលោក សេរី ដែលបញ្ជាទិញទំនិញពីកម្ពុជា។​

សហគមន៍អឺរ៉ុប និង អាមេរិក​ ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការសេដ្ឋកិច្ចកម្ពុជាគឺ ក្រុមទាំងពីរនេះ ទិញទំនិញពីកម្ពុជារហូតដល់២ភាគ៣នៃការនាំចេញសរុប។​

បច្ចុប្បន្នអាមេរិកកំពុងតែពិនិត្យឈ្មោះថ្នាក់ដឹកនាំកម្ពុជាជិត២០រូប រួមទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផង ដើម្បីបង្កកទ្រព្យសម្បត្តិ ចំណែកសហគមន៍អឺរ៉ុបក៏កំពុងតែពិចារណាក្នុងការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA។​

នៅក្នុងខែកញ្ញា និង តុលាខាងមុខនេះ អាចជាខែដែលមានព្រឹត្តិការណ៍សំខាន់ច្រើន ព្រោះជាពេលដែលសមាជិកភាអាមេរិក និងអឺរ៉ុបចូលកងវិញ ហើយពួកគេនឹងពិនិត្យកិច្ចការដែលនៅសេសសល់ទាំងនេះ។ ខែទាំងពីរនេះ នៅកម្ពុជាក៏ជាពេលដែលបង្កើតរដ្ឋាភិបាលថ្មីអាណត្តិទី៦ ហើយក៏ជាពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវទៅប្រជុំនៅអង្គការសហប្រជាជាតិដែរ។

លទ្ធផលនៃការដោះលែងលោក គឹម សុខា ចំណាត់ការរបស់អាមេរិក និងអឺរ៉ុប លើកម្ពុជាបន្ថែមទៀតគឺចំណុចទាំងបីនេះ កំពុងតែក្លាយជាចំណុចសំខាន់ដែលអ្នកឃ្លាំមើលនយោបាយ  កំពុងតែតាមដានថា ភាគីពាក់ព័ន្ធមានការចរចាយ៉ាងម៉េចលើបញ្ហាទាំងអស់នេះ?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ