គ្រោះ​ធម្មជាតិ​បំផ្លាញ​ដំណាំ​ពល​រដ្ឋ​អស់​ជាង​៣​ម៉ឺន​ហិកតា​ទូ​ទាំងប្រទេស​

ស្រូវប្រាំងដែលក្រៀមស្វិតដោយសារគ្មានទឹករបស់ពលរដ្ឋសៀមរាប(រូបថត៖ បូ សាវី)

គ្រោះ​ទឹកជំនន់ និង​រាំង​ស្ងួត​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ដំណាំ​ប្រជា​ពល​រដ្ឋ​ជាង​១៤​ម៉ឹន​ហិចតា និង​បំផ្លាញ​ឲ្យ​ខូ​ចខាត​ទាំង​ស្រុង​ប្រមាណ​​៣ម៉ឺន​ហិចតា។

យោង​តាម​របាយការណ៍​ប្រចាំ​ខែ​សីហាដែល​ VOD ទទួលបាន​អគ្គនាយក​ដ្ឋាន​កសិកម្ម​ឲ្យ​ដឹងថា គិតត្រឹម​ថ្ងៃ​២៣​សីហាឆ្នាំ​២០១៨​នេះ គ្រោះ​ធម្ម​ជាតិ ដែល​រួម​មានគ្រោះ​ទឹក​ជំនន់ និង​គ្រោះរាំង​ស្ងួត នៅ​ទូ​ទាំង​ប្រទេសបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដីផ្ទៃ​ដី​កសិកម្ម និង​ឧស្សាហកម្ម​ចំនួន ១៤៩ ០៦៥ ហិចតា កើន​លើស​ឆ្នាំ​មុន​ជាង​១០​ម៉ឺនហិកតា និងបានធ្វើ​ឲ្យ​ខូចខាត​ផល​ដំណាំ​ ប្រមាណ ៣០ ២៤៥ ហិចតា។

បើ​តាម​របាយការណ៍​នោះផល​ដំណាំ​ស្រូវ​រង​ការ​ខូច​ខាត​ប្រមាណ​ ២៨ ២៧០ ហិចតា។

នៅព្រឹក​នេះ​ក្រសួង​កសិកម្ម​ក៏​បានកោះប្រជុំ​បន្ទាន់​មួយ​ផង​ដែរ ដើម្បីបូកសរុបផលប៉ះពាល់លើផល​ដំណាំ និង​សត្វ​ពាហនៈ​ រៀប​ចំផែនការចុះអន្តរាគមន៍ ដើម្បីស្តារឡើងវិញនៃការខូចខាត និង​​សិក្សា​ពីតម្រូវការ​របស់​ប្រជា​កសិករ​ និង​លទ្ធភាព​នៃការ​ផ្គត់​ផ្គង់របស់ក្រសួងដូចជាស្រូវពូជ គ្រាប់ពូជដំណាំគ្រប់ប្រភេទ និងថ្នាំការពារជំងឺឆ្លងសត្វ។

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​លោក​ ហ៊ាន វណ្ណហន មានប្រសាសន៍​ថា​អគ្គ​នាយក​បាន​​ត្រៀម​គ្រាប់​ពូជ​ស្រូវ​ជាង​២ពាន់​​តោន និងគ្រាប់​ពូជ​ដំណាំ​រួម​ផ្សំផ្សេង​ទៀត​​ជាង​២៥តោន​ដើម្បី​ទុក​ផ្តល់​ជូន​កសិករ​យក​ទៅស្តារ​ផល​ដំណាំ​របស់​ខ្លួន​ឡើង​វិញ ខណៈ​ដែល​លោក​រំពឹង​ថា​នា​ចុង​ខែ​នេះ​ទឹក​ជំនន់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​អាចនឹង​ស្រក​ចុះ​។

ពូជ​ដែល​រដ្ឋាភិបាល​បាន​រៀប​ចំគឺ​អទិភាព​ទៅ​លើ ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ បាន​ន័យ​ថា​មិន​សំ​ដៅអទិ​ភាព ទៅលើ​អ្នក​ដែល​មានដីរាប់​សិបហិកតាហើយធ្វើ​ស្រែ​ធំធេងនោះ​ទេ គឺ​សំដៅ​លើ​អ្នកក្រីក្រ​ជា​អទិភាព

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​លោក​ ហ៊ាន វណ្ណហន

លោកហ៊ាន វណ្ណ​ហន បាន​បញ្ជាក់​ថា​ផល​ប៉ះពាល់​នៃ​គ្រោះ​ធម្ម​ជាតិ​នៅ​ឆ្នាំ​នេះមិន​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ផ្តត់​ផ្គង់​ស្រូវ​ក្នុង​ស្រុក​ក៏​ដូច​ជា​នាំចេញ​នោះ​ទេ។

អគ្គលេខា​ធិការ​សម្ព័ន្ធ​កសិករ​កម្ពុជាលោក ថេង សាវឿន មាន​ប្រសាសន៍​ថាជាមួយ​នឹងវិធាន​​ការ​ត្រៀម​សង្គ្រោះរបស់​រដ្ឋ​ រដ្ឋាភិបាលគួរ​តែ​មាន​ការ​ផ្តល់​កម្ចី​ជា​សាច់​ប្រាក់​ដល់ប្រជា​ពល​រដ្ឋ​ផង​ដែរ​ដើម្បី​ឲ្យ​ពល​រដ្ឋ​អាច​មាន​លទ្ធភាព​រក្សា​ជីវភាព​របស់​ពួកគេ​ក្នុងពេល​រងគ្រោះ​ធម្មជាតិ​នេះ។

យើង​ឃើញ​ថា​មាន​កិច្ចអន្តរាគមន៍ពី​រដ្ឋាភិបាល​ ក៏​ដូ​ច​ជា​ធនាគារ​ជាតិបាន​ធ្វើ​ការ​អន្តរាគមន៍​ឲ្យ​មីក្រូ​ហិរញ្ញវត្ថុ ក៏ ដូចជា​ធនាគារ​ធ្វើ​ការ​យោគ​យល់​ដល់​ប្រជា​ពល​រដ្ឋ។ តែ​អ្វី​ដែល​យើង​គួរ​តែ​ធ្វើហ្នឹង​គឹ​ការ​ផ្ទេរសាច់​ប្រាក់​ឬ​ក៏​ឥណទានណា​មួយ​ដល់​កសិករ​បន្ថែម​ទៀត​ដើម្បីឲ្យ​កសិករបាន​ខ្ចី​មក​ប្រើ​ប្រាស់ ព្រោះ​ពួកគាត់​អត់​បានខ្ចីប្រាក់​របស់​ធនាគារទៀត​ទេ។ ព្រោះ​ពួក​គាត់​​បាន​​ជាប់​បន្ទុក ជា​មួយ​ធនា​គារ​ហើយ​គាត់​ត្រូវ​រងគ្រោះ​ធម្មជាតិ​បន្ថែម​ទៀតនេះ

អគ្គលេខា​ធិការ​សម្ព័ន្ធ​កសិករ​កម្ពុជាលោក ថេង សាវឿន

តាម​របាយការណ៍​អគ្គនាយក​ដ្ឋាន​កសិកម្មក្នុង​ឆ្នាំ​២០១៧ គ្រោះ​ធម្ម​ជាតិ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់ផ្ទៃ​ដី​កសិកម្ម​ចំនួន​ ៣១ ០៩៥ ហិកតា និង​បាន​ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ​ជាង​១១ ៧១៥ ហិកតា ខណៈ​ដំណាំ​រួម​ផ្សំខូច​ខាត​ជាង​៦១០​ ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ