សាច់ញាតិអ្នកជាប់ឃុំដោយសារដីធ្លីសុំលោក ហ៊ុន សែន លើកលែងទោស

ប្រជាសហគមន៍ និងសាច់ញាតិអ្នកជាប់ឃុំដោយសារបញ្ហាដីធ្លីអំពាវនាវទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដោះលែងកូន និងតំណាងរបស់ពួកគេមានសេរីភាពវិញ ខណៈលោក ហ៊ុន​ សែន ប្រកាសបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតក្នុងទ្រង់ទ្រាយធំនៅរដូវបុណ្យទានខាងមុខនេះ។

អ្នកស្រី ទេត្យ តេន ត្រូវជាម្តាយរបស់តំណាងពលរដ្ឋម្នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកោះកុងដោយសារមានជម្លោះដីធ្លីជាក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ ប្រាប់វីអូឌីថា ក្រោយឮប្រសាសន៍លោកនាយករដ្ឋមន្រ្តីអំពីការលើកលែងទោសទណ្ឌិតនេះ អ្នកស្រីសប្បាយចិត្ត ហើយថា នឹងពិភាក្សាជាមួយពលរដ្ឋក្នុងសហគមន៍ និងអង្គការសង្គមស៊ីវិលដើម្បីធ្វើសំណើមួយទៅលោក ហ៊ុន សែន ជួយដោះលែងកូនគាត់មានសេរីភាពវិញ។

ខ្ញុំកំពុងពិភាក្សាដើម្បីឲ្យគាត់ជួយដោះលែងលោក ហេង សុខ ហ្នឹងវិញមិនត្រូវបន្តឃុំខ្លួនគាត់រហូតដល់១ឆ្នាំ៦ខែទេ។ ខ្ញុំកំពុងពិបាកចិត្តមែនទែនហ្មង ខ្ញុំចង់សុំមេដៃប្រជាពលរដ្ឋដែលគាំទ្រលោក ហេង សុខ ហ្នឹងបានប៉ុន្មានទៅដាក់នៅខុទ្ទកាល័យសម្តេចហ៊ុន សែន

អ្នកស្រី ទេត្យ តេន ត្រូវជាម្តាយរបស់តំណាងពលរដ្ឋម្នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកោះកុង

តុលាការខេត្តកោះកុងកាលពីថ្ងៃទី២១ ខែសីហា បានប្រកាសសាលក្រមសុំណុំរឿងរបស់តំណាងសហគមន៍ព្រែកខ្សាច់គឺ លោក ហេង សុខ ដោយតុលាការមួយនេះសម្រេចឲ្យជាប់ពន្ធនាគារ១ឆ្នាំ ៦ខែ និងផាកពិន័យជាង២លានរៀល ដោយសារតំណាងរូបនេះទៅបោះបង្គោលព្រំលើដីកំពុងមានជម្លោះជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ ស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។

ចំណែកក្រុមពលរដ្ឋនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏កំពុងប្រមូលស្នាមេដៃដាក់ទៅខុទ្ទកាល័យនាយរដ្ឋមន្រ្តី ក្រសួង យុត្តិធម៌ និងស្ថាប័នផ្សេងទៀត ដើម្បីសុំអន្តរាគមន៍ដោះលែងតំណាងរបស់ពួកគេម្នាក់ឈ្មោះ ឡុង សុគន្ធី ដែលកំពុងជាប់ពន្ធ នាគារដោយសារជម្លោះដីធ្លីជាមួយអ្នកមានលុយមានអំណាចក្នុងខេត្តនេះ។

ពលរដ្ឋខេត្តបន្ទាយមានជ័យម្នាក់លោក លឹម ឈុនទ្រី និយាយថា ករណីតុលាការឃុំខ្លួនតំណាងពួកគេនោះជារឿងអយុត្តិធម៌ដោយថា តំណាងរូបនោះមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ។

ព្រោះពួកយើងមើលឃើញភាពអយុត្តិធម៌ចំពោះគាត់ហ្នឹងខ្លាំងពេក អយុត្តិធម៌ត្រង់ថា គាត់ខិតខំរកដំណោះស្រាយឲ្យពលរដ្ឋដែលទទួលរងការកៀបសង្កត់ពីបញ្ហាដីធ្លី។ ពួកអ្នកមានអំណាចមួយចំនួនធំនោះ គេអាងតែមានសិទ្ធិអំណាច គេមានទឹកលុយ គាត់យកមកជះលើពលរដ្ឋ ហើយគេចង់អូសទាញយកដីពលរដ្ឋទៅឲ្យខាងក្រុមផ្សេងៗដើម្បីគេធ្វើវិនិយោគទន់របស់គេ ធ្វើឲ្យពលរដ្ឋហ្នឹងលំបាកវេទនា ហើយអ្នកស្រីឡុង គន្ធី នេះគឺជាមនុស្សតែម្នាក់បានរងភាពអយុត្តិធម៌ឲ្យមនុស្សរាប់រយនាក់ មានចំនួន៣១០គ្រួសារនោះ

ពលរដ្ឋខេត្តបន្ទាយមានជ័យម្នាក់លោក លឹម ឈុនទ្រី

សកម្មជន​ដី​ធ្លី​ម្នាក់​នៅ​ខេត្ត​បន្ទាយ​មានជ័យអ្នកស្រី ឡុង គន្ធី ត្រូវបានតុលាការខេត្តនេះ កាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំជុំវិញ ជម្លោះដីធ្លីក្នុងសហគមន៍ជាមួយ​ឧកញ៉ា និង​មន្ត្រី​ធំៗ​មួយ​ចំនួននៅ​ក្នុងខេត្តបន្ទាយមានជ័យ។

ដូចគ្នានេះដែរ ពលរដ្ឋមានជម្លោះដីធ្លីនៅសហគមន៍មួយក្នុងខេត្តព្រះសីហនុ ក៏ពុងពិភាក្សារគ្នាដើម្បីរកកិច្ចអន្តរាគមន៍ឲ្យមានការដោះលែងតំណាងពួកគេដែរ។

ប្រធានសមាគមដីធ្លី​ខេត្ត​ព្រះសីហនុលោក ស៊ុន សុផាត ប្រាប់វីអូឌីថា នៅថ្ងៃនេះពួកគាត់ និងសហគមន៍កំពុងពិភាក្សាគ្នានៅឡើយ ដោយមិនទាន់សម្រេចថា ធ្វើយ៉ាងណានៅឡើយទេ។

តំណាងអ្នកភូមិម្នាក់ គឺអ្នកស្រី ឡុច ទូច និងពលរដ្ឋ៣នាក់ទៀតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានតុលាការខេត្តនេះសម្រេចឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពីមានជម្លោះ​​​ជាមួយ​ឧកញ៉ា​ម្នាក់ ឈ្មោះ តាន់ តាត់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាន៍ថា ការលើកលែងទោស គឺមានយន្តការពីរ ដោយថា ទី១ការលើកលែងទោសទូទៅ ដោយ១ឆ្នាំធ្វើ៣ដង និងមានការវាយតម្លៃលក្ខខណ្ឌគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ ដែលករណីនេះរៀបចំឡើងដោយក្រសួងយុត្តិធម៌។ ប៉ុន្តែលោកថា ករណីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសលើកលែងទោសដល់ទណ្ឌិតពេលថ្មីៗនេះជាករណីពិសេស ហើយថា ការដោះលែងពលរដ្ឋមានជម្លោះដីធ្លី ឬ ទណ្ឌិតណាម្នាក់នោះ វាអាស្រ័យលើការសម្រេចរបស់នាយករដ្ឋមន្រ្តី។

អ្វីដែលសម្តេចគាត់លើកនេះ គឺជាការលើកលែងទោសពិសេស វាមានការលើកលែងទោសពិសេសមួយទៀត ដែលច្បាប់ពន្ធនាគារហ្នឹងផ្តល់សិទ្ធិពិសេសជូននាយករដ្ឋមន្រ្តី បានន័យថា នាយករដ្ឋមន្រ្តី គាត់អាចស្នើលើកលែងទោសទៅដល់ទណ្ឌិតណាក៏បានដែរដោយផ្អែកលើកគោលការណ៍មនុស្សធម៌ ឬមួយក៏ស្ថានភាពជាក់ស្តែងណាមួយ។ អញ្ចឹងគាត់ចង់លើកលែងទោសទៅឲ្យទណ្ឌិតណាមួយក៏បានដែរ ដែលជាសិទ្ធិផ្តាច់មុខ ដែលច្បាប់បានផ្តល់ឲ្យគាត់ អញ្ចឹងទេការស្នើសុំឲ្យលើកលែងទោសអីនោះវាអាស្រ័យលើសម្តេចទេ

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន

ប្រធានផ្នែកគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាន៍ថា អ្នកដែលជាប់ពន្ធនាគារដោយសារជម្លោះដីធ្លីទាំងនោះគួរតែទទួលបានការលើកលែងទោស ដោយថា កន្លងមកលោកនាយករដ្ឋមន្រ្តីធ្លាប់មានប្រសាសន៍ថា មិនឲ្យ ពលរដ្ឋណាម្នាក់ជាប់ពន្ធនាគារដោយសារដីធ្លីនោះទេ។

ប្រសិនបើពួកគាត់ទាំងអស់ គឺជាសកម្មជនដីធ្លី ហើយពួកគាត់ធ្វើការតវ៉ាទាមទារដើម្បីដីធ្លី និងផ្ទះសម្បែងរបស់ គាត់។ អញ្ចឹងពួកគាត់គួរតែទទួលបានការលើកលែងទោសដែរនៅក្នុងពិធីបុណ្យភ្ជំបិណ្យខាងមុខនេះ។ ហើយជាពិសេសខ្ញុំចាំ បានថា កន្លងមកសម្តេចនាយករដ្ឋមន្រ្តីលោកធ្លាប់មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីហ្នឹងគឺដាចខាតមិនត្រូវជាប់ពន្ធនាគារទេ

ប្រធានផ្នែកគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត

ក្នុងពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករនៅខេត្តកណ្តាលកាលសប្តាហ៍មុន លោក ហ៊ុន សែន  មានប្រសាសន៍ថា លោកនឹងសុំបន្ធូបន្ទាយ និងលើកលែងទោសដល់ទណ្ឌិតក្នុងទ្រុងទ្រាយធំនៅរដូវបុណ្យទានខាងមុខនេះ ដោយថា នឹងធ្វើឡើង៤ដង ក្នុងឆ្នាំនេះ ដូ​ច​​ជាពីធីបុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក បុណ្យឯករា​ជ្យជាតិ និង​បុ​ណ្យប​​ញ្ចប់​សង្គ្រា​ម​តាម​នយោ​បា​​យ​​​ឈ្នះៗរបស់លោក ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​នៅ​ចុងឆ្នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ