សមាគមមួយបារម្ភពីជំងឺប៉េសជ្រូកអាហ្វ្រិកដែលអាចរាលដាលមកកម្ពុជា

កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង (រូបភាព៖ វេបសាយបរទេស)

សមាគមចិញ្ចឹមជ្រូកស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យនិងទប់ស្កាត់ពិពេសនៅតាមព្រំដែនជាប់ប្រទេសជិតខាងដោយបារម្ភថា ជំងឺប៉េសជ្រូកអាហ្រ្វិកអាចនឹងឆ្លងរាលដាលដល់កម្ពុជា។​

ប្រធានសមាគមអ្នកចិញ្ចឹមសត្វជ្រូកកម្ពុជា លោក ស៊្រុន ពៅ បានឲ្យដឹងថា លោកមានការព្រួយបារម្ភខ្លាំងនិងបានប្រកាស​ឲ្យប្រជាកសិករ ក៏ដូចជាកសិដ្ឋានឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

ផ្តាំផ្ញើហើយ ប្រកូកប្រកាសទៀត តាមក្រុម តាមអីទាំងអស់ឲ្យបងប្អូនប្រជាកសិករ ក៏ដូចជាកសិដ្ឋានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគឺសុំស្នើដល់ក្នុងនាមសមត្ថកិច្ចដែលត្រួតពិនិត្យតាមព្រំដែន តាមច្រក​ចូល សុំពិនិត្យឲ្យបានម៉ត់ចត់ ឲ្យបានត្រឹមត្រូវ

ប្រធានសមាគមអ្នកចិញ្ចឹមសត្វជ្រូកកម្ពុជា លោក ស៊្រុន ពៅ

តាមការចុះផ្សាយរបស់អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) កាល​ពីម្សិលមិញឲ្យដឹងថា ជំងឺ​​ប៉េស​ជ្រូក​អាហ្វ្រិក (African Swine Fever) ត្រូវបានគេរកឃើញថាកំពុងតែរីករាល​ដាល​យ៉ាងលឿននៅក្នុង​ប្រទេសចិន​ និងអាច​រីក​រាល​ដាល​ដល់​ប្រទេសផ្សេងទៀត​នៅតំបន់​​អាស៊ី​។

ជុំវិញបញ្ហានេះ លោក សេន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃកសិកម្ម បានឲ្យដឹងថា ប៉េសជ្រូកអាហ្វ្រិក​នេះមិនទាន់មានការរាលដាលដល់កម្ពុជានោះទេ ហើយលោកនឹងត្រៀមរៀបចំប្រជុំទ្វេភាគីជាមួយប្រទេស​ជិតខាងអំពីវិធានការ​ជុំវិញជំងឺនេះផងដែរ។

ហានិភ័យនៅកម្ពុជាមានដរាបណាមានករណីនេះនៅប្រទេសថៃ ឬមួយនៅប្រទេសវៀតណាម ចឹងយើង​ក្នុងសប្តាហ៍ក្រោយនេះ ខ្ញុំមានរៀបចំប្រជុំទ្វេភាគីជាមួយនឹងអគ្គនាយកដ្ឋានសុខភាពសត្វ និងអភិវឌ្ឍន៍បសុសត្វរបស់ថៃ ហើយនឹង​ខែក្រោយនេះ ខ្ញុំនឹងប្រជុំទ្វេភាគីនឹងនាយកដ្ឋានសុខភាពសត្វប្រទេសវៀតណាម។

លោក សេន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃកសិកម្ម

បើតាម​អង្គការ​ស្បៀងអាហារ និង​កសិកម្ម ជំងឺប៉េស​ជ្រូក​អាហ្វ្រិក មិនបង្ក​ផល​​ប៉ះពាល់​ដោយផ្ទាល់​ដល់​សុខភាព​មនុស្សទេ។ ប៉ុន្តែ ពុំមាន​វ៉ាក់សាំង​ណាមួយ​ដែល​អាច​​ចាក់​ការពារ​ជ្រូក​មិន​ឲ្យ​ឆ្លង​និងកើតជំងឺនេះឡើយ។ ជ្រូក​ដែល​ឆ្លង​ជំងឺនេះ ១០០ភាគរយ​នឹងត្រូវ​ងាប់តែម្តង​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ