ប្រជាសហគមន៍ព្រៃឡង់​ថាការកាប់ឈើខុសច្បាប់កើនឡើងក្នុងឆ្នាំ២០១៨

ព្រៃឡង់

ប្រជាសហគមន៍ការពារព្រៃឈើអះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឡង់ក្នុងឆ្នាំ២០១៨នេះ នៅតែបន្តកើនឡើង។​

អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍លោក សេង សុខហេង បានប្រាប់វី.អូ.ឌីថា ទិន្នន័យបឋមការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ មានការកើនឡើងខ្លាំងជាងឆ្នាំ២០១៧។

គ្រាន់តែយើងដឹងថាពាក់ព័ន្ធនឹងបទល្មើសរយៈពេល៦ខែនេះ គឺវាមិនតិចជាង២០០ករណីទេ នេះជាព័ត៌មានដែលទទួលបាន ជាព័ត៌មានបឋមចំពោះបទល្មើសដែលយើងជួប ដោយសារតែរាល់ខែចុះទៅយ៉ាងហោចណាស់ក៏យើងជួបបទល្មើសពី៣០ ទៅ៤០ករណីដែរ។

ប្រជាសហគមន៍ម្នាក់នៅខេត្តកំពង់ធំ ​លោក ហឿន សុភា​ព ឲ្យដឹងថា កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២២  ខែសីហា ប្រជាសហគមន៍ចុះល្បាតព្រៃឡង់ហើយចាប់បាន ម៉ាស៊ីនអារឈើ៤គ្រឿង និងឈើ២ម៉ែត្រគូបកន្លះ រីឯជនប្រព្រឹត្តបានរត់គេចខ្លួនអស់។

វីអូឌី មិនទាន់អាចសុំការឆ្លើយតបករណីនេះ ពីក្រសួងបរិស្ថាននៅឡើយ។

ទោះយ៉ាងណា​កាលពីខែមីនាដើមឆ្នាំ២០១៨ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងថា បទល្មើសព្រៃឈើនិងសត្វព្រៃ មានការថយចុះជាបន្តបន្ទាប់ ដោយសារតែរដ្ឋាភិបាលមានយន្តការច្បាស់លាស់ក្នុងការធ្វើកំណែទម្រង់បរិស្ថាន និងធនធានធម្មជាតិ។​

តំបន់ព្រៃឡង់ស្ថិត ក្នុងភូមិសាស្រ្តខេត្តចំនួន៤គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ដែលមានផ្ទៃដីព្រៃឡង់សរុប ៤៣១ ៦៨៣ ហិកតា។​  កាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០១៦ រដ្ឋាភិបាលបានសម្រេចដាក់តំបន់ព្រៃឡង់ជាព្រៃការពារដែនជម្រកសត្វស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ