រដ្ឋាភិបាល​ក្រើន​រម្លឹក​ម្ចាស់​អចលន​ទ្រព្យ​ឲ្យ​ទៅ​បង់​ពន្ធ​មុន​ពេល​ផុត​កំណត់​

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អាជ្ញាធរ​ពន្ធដារ​កម្ពុជា បានក្រើន​រម្លឹក​ដល់ម្ចាស់អចលនទ្រព្យនៅទូទាំង​ប្រទេស ឲ្យទៅបង់ពន្ធសម្រាប់ឆ្នាំ២០១៨​នេះ ឲ្យ​បាន​មុន​ពេល​ផុត​កំណត់​ ដោយ​ថា ដើម្បី​បញ្ចៀសការពិន័យ។

ក្នុង​សេចក្តីជូនដំណឹងកាល​ពី​ម្សិលមិញ អគ្គនាយកដ្ឋានពន្ធដារ​ បាន​ប្រាប់​ទៅ​ម្ចាស់អចលនទ្រព្យទាំងនៅភ្នំពេញ និងខេត្តទាំងអស់ ឲ្យ​ប្រញាប់ទៅប្រកាសបង់ពន្ធឲ្យបានមុនថ្ងៃទី៣០ កញ្ញាដែលជាថ្ងៃផុតកំណត់។

អគ្គនាយកដ្ឋានពន្ធដារ បន្តថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទនេះនៅឡើយទេ។

ក្នុង​សេចក្តីជូនដំណឹងដដែល អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលកំណត់ ម្ចាស់អចលនទ្រព្យនឹងត្រូវរងទោសទណ្ឌតាមច្បាប់។

តួលេខ​ចំណូល​ពន្ធ​​​កាល​ពីឆ្នាំ​២០១៧​ របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​កម្ពុជា បាន​បង្ហាញ​ថា ចំណូល​ពន្ធ​អចលន​ទ្រព្យ​បាន​កើន​ឡើង ៩​ភាគរយ បើធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​កន្លង​មក។

ពន្ធដែលត្រូវប្រមូលពីអចលនទ្រព្យនេះ តម្រូវតែលើអចលនទ្រព្យដែលមានតម្លៃលើសពី ១០០,០០០,០០០(មួយរយលាន)រៀល។  អចលនទ្រព្យ សំដៅដល់ ដី ផ្ទះ អគារ និងសំណង់ ផ្សេងៗដែលសង់ភា្ជប់នឹងដីនោះ។

ពន្ធនេះត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១% (សូន្យក្បៀសមួយភាគរយ) លើតម្លៃអចលនទ្រព្យ។ តម្លៃ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដីនោះ ត្រូវកំណត់តាមតម្លៃទីផ្សារដោយ គណៈកម្មាការវាយតម្លៃអចលនទ្រព្យដែល​បង្កើតដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ