តំណាងពលរដ្ឋចំនួន ២០នាក់ មកពីស្រុកកណ្ដាលស្ទឹង ត្រូវបានអាជ្ញាធរខេត្តកណ្ដាល ហៅទៅជួបប្រជុំ ដើម្បីស្វែងរកដំណោះស្រាយជុំវិញវិវាទដីធ្លីជាមួយក្រុមហ៊ុនមួយចំនួន ដែលទទួលបានសិទ្ធិវិនិយោគលើដីនៅក្នុងស្រុកនេះ ហើយប៉ះពាល់ដល់ដីធ្លីរបស់អ្នកភូមិ។
ពលរដ្ឋម្នាក់ កញ្ញា ផុន បុរី ប្រាប់វីអូឌីថា តំណាងពួកគេកំពុងជួបប្រជុំជាមួយអាជ្ញាធរនៅសាលាខេត្តកណ្តាលនៅព្រឹកនេះ ប៉ុន្តែ កញ្ញាថា មិនទាន់ដឹងពីលទ្ធផលនៅឡើយទេ។
អ្នកភូមិរាប់រយនាក់នៅឃុំអំពៅព្រៃ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តកណ្ដាលកាលពីខែមិថុនាកន្លងមក ដើម្បីស្វែងរកដំណោះស្រាយជុំវិញវិវាទដីធ្លីរបស់ពួកគេ ដែលក្រុមអ្នកភូមិបានចោទអាជ្ញាធរមូលដ្ឋានថា បានលួចលក់ដីទំហំ ៤០០ហិកតា ទៅឲ្យក្រុមហ៊ុនវិនិយោគឯកជន៕