អត្ថបទព័ត៌មានថ្មីៗ

នូ សុផេន បង្ហាញ​ផ្លូវ​​បញ្ចប់​រឿង​រសើប ដូចករណី​ជម្លោះ​ល្ខោនខោល

លោក​ នូ សុផេន (រូបភាព៖ ផ្ដល់ឲ្យ)

ខណៈដែលករណី​​ល្ខោន​ខោលបានក្លាយ​ជាជម្លោះពាក្យសម្ដីខ្លាំង​ឡើងរវាង​អ្នកគាំទ្រ​​​​​វប្បធម៌​ថៃ និង​​​​​ម្ចាស់​​ដើម​គឺ​កម្ពុជានោះ លោក​​ នូ សុផេន​ ដែលត្រូវគេស្គាល់​ថា​បានរួមចំណែក​បំផុស​​ល្ខោនខោល​​​ នៅក្នុងកម្មវិធី​​របស់ទូរទស្សន៍​អប្សរានាពេលកន្លងមក និងជា​អ្នកស្រាវជ្រាវសិល្បៈបុរាណ​​ខ្មែរមួយរូបដែរ បាន​អះអាងថា នេះជាករណី​​ដ៏រសើប​​​​​​ដែលគួរតែមាន​​វិធានការ​បង្ការទុក​​កុំអោយ​កើតមាន។

ខណៈដែលករណី​​ល្ខោន​ខោលបានក្លាយ​ជាជម្លោះពាក្យសម្ដីខ្លាំង​ឡើងរវាង​អ្នកគាំទ្រ​​​​​វប្បធម៌​ថៃ និង​​​​​ម្ចាស់​​ដើម​គឺ​កម្ពុជានោះ លោក​​ នូ សុផេន​ ដែលត្រូវគេស្គាល់​ថា​បានរួមចំណែក​បំផុស​​ល្ខោនខោល​​​ នៅក្នុងកម្មវិធី​​របស់ទូរទស្សន៍​អប្សរានាពេលកន្លងមក និងជា​អ្នកស្រាវជ្រាវសិល្បៈបុរាណ​​ខ្មែរមួយរូបដែរ បាន​អះអាងថា នេះជាករណី​​ដ៏រសើប​​​​​​ដែលគួរតែមាន​​វិធានការ​បង្ការទុក​​កុំអោយ​កើតមាន។

លោកបាន​​បញ្ជាក់ថា ​​​​បើ​​​ស្ថាប័ន​ពាក់ព័ន្ធ​​ធំ​​២​​មិន​​​ធ្វើ​របង​លើ​​​​ករណី​នេះ​ទេ នោះ​​​​​​បញ្ហាជម្លោះ​នឹងកើតមានឡើងមិន​ឈប់នោះទេ ​​នាពេលដែល​​ខ្មែរខ្លួន​ឯង​មិនសូវ​​រួមគ្នា​​​​​​​​​​​​​​​គាំទ្រ​វប្បធម៌​បុរាណរបស់ខ្លួន ហើយ​​​​ដល់ពេលប្រទេស​ជិតខាង​គេ​ចង​ក្រង​យកទៅដាក់​​​​ជាបេតិកភណ្ឌ​ពិភពលោក ទើបនាំគ្នាពុះកញ្ជ្រោល។

លោក នូ សុផេន អនុប្រធាន​នាយកដ្ឋាន​​​​​ផលិតកម្ម​​វិធី​ប្រចាំ​​​ទូរទស្សន៍​អប្សរា ​​បានអះអាងថា នាពេលកន្លងមក​ លោកបាន​​​ស្រាវ​ជ្រាវ និង​​​​ព្យាយាម​បំផុសបំផុល​​​​​​លើទម្រង់​ល្ខោន​ខោល​​នេះ​ខ្លាំង​​ណាស់ ដោយបានទាំងបង្កើត​​​​​កម្មវិធីលើកស្ទួយ​​ទម្រង់នេះ ទាំង​​ទទួលបានការគាំទ្រ​​​​​​​​តិចតួច​ពី​​​ម្ចាស់ក្រុម​ហ៊ុននានានោះផង។ ​​

លោក នូ សុផេន អនុប្រធាន​នាយកដ្ឋាន​​​​​ផលិតកម្ម​​វិធី​ប្រចាំ​​​ទូរទស្សន៍​អប្សរា និងក្រុមសិល្បករ

លោកសម្ដែងអារម្មណ៍​​​​​​រីករាយ ដែល​​ស្រទាប់មហាជន និងអ្នកលេងហ្វេសប៊ុកច្រើន​ឡើង​រួមគ្នា​បំផុស និងចែកចាយ​​អោយ​​​​ជាតិ និងអន្តរជាតិបាន​​​​ស្គាល់កាន់តែច្បាស់ពី​​ល្ខោនខោលរបស់ខ្មែរ ក្នុងពេល​មានដំណឹងថា​​សិល្បៈមួយ​នេះ គឺភាគី​ប្រទេសថៃ ​​កំពុង​ស្វះស្វែង​ដាក់​បញ្ចូល​ជា​​សម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែល​​​​​​​ក្នុងពេល​​​ដ៏ខ្លី​អង្គ​ការ​យូនីស្កូ នឹងធ្វើ​ការសម្រេចថា​​​​​​​​ឲ្យជារបស់ថៃ ឬ​​​​​​​​ឲ្យខ្មែរ​។

​លោកថា​នេះជាទង្វើ​​ដ៏​​ប្រពៃ ដែលខ្មែរមានការ​​​សាមគ្គី ប៉ុន្តែ​​​លោក​មិន​ចង់​​នៅតែបន្តឃើញ​ស្ថានភាពរបស់​យុវជន​ខ្មែរ និងមហាជន​​ខ្មែរ ​​​ពុះកញ្ជ្រោលតែមួយ​​​​​ពេលៗ​បែបនេះនោះទេ គឺគួរតែ​​មាន​​​​​​​វិធានការ​ជាង​នេះ ​ដើម្បីកុំអោយ​​ស្ថានភាព​​​ប្រទាញប្រទង់រវាងវប្បធម៌ខ្មែរ និង​ប្រទេស​ជិតខាង ជាពិសេសគឺថៃ ​​នៅតែមានរឿង​​មិនឈប់។

លោកថា​​ប្រទេស​​​​​​ជិត​ខាង​គ្នាដែលមាន​វប្បធម៌ស្រដៀងគ្នា ​ឬចាំតែចម្លង​ពី​​​​​​ខ្មែរ ​​​​គេចាំតែ​​ឆ្មក់​ឱកាស​នូវទម្រង់​​វប្បធម៌ណាមួយ ដែល​​ខ្មែរមិនសូវមាន​​ការចាប់អារម្មណ៍ ដើម្បី​រៀបចំ​ឯកសារ​ដាក់បញ្ចូល​ទៅក្នុង​​​​​​បេតិកភ័ណ្ឌ​ពិភពលោកប៉ុណ្ណោះ ស្របគ្នាដែលនៅកម្ពុជា​ក៏មិនសូវមាន​កម្មវិធី​​បំផុស​អោយស្គាល់ពីទម្រង់សិល្បៈបុរាណទាំង​ឡាយ​​​​អោយក្មេងជំនាន់ក្រោយ​​ស្គាល់ផង។

លោកថា​ជារឿងសង្វេគ​ដែល​​​​​ក្នុងកញ្ចក់ទូរទស្សន៍​​ក្នុងស្រុក​ស្ទើរតែគ្រប់ប៉ុស្ដិ៍ទាំង​អស់ មិនមាន​​ការ​បំផុស​​​​អោយ​ដឹង​​អោយស្គាល់ពីទម្រង់​​​សិល្បៈបុរាណ​ទាំងនេះ ​ដោយលោក​និយាយ​យ៉ាងខ្លីថា តើមាន​ក្មេង​ប៉ុន្មាន​នាក់ ​តើមាន​​មហាជន​​ប៉ុន្មានភាគរយ ដែលចាប់​អារម្មណ៍ពី​​​​​​​​ល្ខោន​ខោល​កន្លងមក។

ជាក់ស្ដែង​មុនពេល​មានដំណឹងថា​​ថៃ​​​​​បានស្នើ​ទម្រង់នេះ​ធ្វើជា​​របស់ខ្លួន គឺ​​​​​​​​ការសម្ដែង​​​​​ល្ខោន​ខោល​​កន្លង​​​សឹងមិនមានមនុស្ស​ទៅទស្សនា​តែម្ដង ​លើកលែងតែ​​​​​កម្មវិធីនោះ មាន​​ការ​ចូលរួម​ពីគណអធិបតី​​​ធំៗម្ដង​​ម្កាល។ លោកថា​នេះ​មិនមែនជាកំហុសរបស់​​មហាជន​ទេ ប៉ុន្តែ​ជាការខ្វះ​ការ​​អន្តរាគមន៍​​​​​​ពី​​​ស្ថាប័ន ដែល​​មិនបាន​ដាក់​​កំហិត​ទៅដល់​​​​​​​បណ្ដា​ទូរទស្សន៍​​ក្នុងស្រុក អោយ​​​​​រួមគ្នាបង្កើត​​កម្មវិធីលើកស្ទួយ​វប្បធម៌ ​ក្នុងន័យ​​បំផុសទម្រង់បុរាណ។

លោក​ នូ សុផេន បន្តថា ​​​​​ដើម្បី​ចូលរួម​​​​​អភិរក្ស​​​​សិល្បៈបុរាណរបស់ខ្មែរ​​កុំអោយ​ប្រទេស​ជិត​​ខាង​​​​​​​​យកជារបស់ខ្លួន​បាន ​​​​ក្រសួងពាក់ព័ន្ធ​រួមមាន​​ក្រសួង​​វប្បធម៌ និងក្រសួង​​​ព័ត៌មាន គួរ​តែ​មាន​ម៉ោង​​​កំណត់​មួយ​ឲ្យ​ដូចៗគ្នា​ ​​តម្រូវអោយ​​​បណ្ដា​ទូរទស្សន៍​ទាំងអស់​​​​​​ត្រូវតែមាន​កម្មវិធី​​​​​ពាក់ព័ន្ធ​នឹងទម្រង់​​​សិល្បៈ​បុរាណឲ្យដូចគ្នា​នៅក្នុងម៉ោង​​ណាមួយ​ជាក់លាក់ ពោលគឺ​​ធ្វើដូច​​​​ការ​កំណត់ឲ្យ​​​មាន​​​​​​ភាពយន្ត​ខ្មែរ​ដាក់​​​ផ្សាយ​ក្នុងម៉ោង​ស្រប​គ្នា​ នៅចន្លោះ​​​​​​​ពីម៉ោង​​​៧ ដល់ម៉ោង​​៩ដូច្នោះដែរ ​ដើម្បីអោយ​​​ក្រុម​​សិល្បៈបែប​បុរាណ​ក៏មានការងារ និងជាការបំផុស​អោយ​​​​​​​ស្រទាប់មហាជន​​​ងាកទៅ​​ណា​ក៏ឃើញ ពីទម្រង់​បុរាណរបស់ខ្លួន ដើម្បី​កុំអោយ​ប្រទេសជិត​ខាង​​ដែលមានបំណង​ចង់​​​​​​​​ចម្លង និងលួច​​នូវ​វប្បធម៌​ខ្មែរ​មានការ​ខ្លាចរអារ។

លោកថា​​​​​​​វា​មិនអាចទៅរួច​បាន​ទេ ប្រសិន​​​មានតែ​​ប៉ុស្ដិ៍​ទូរទស្សន៍មួយ​ ឬ២ ​ប្រឹងធ្វើកម្មវិធី​​​​​​​​លើកស្ទួយ​ទម្រង់បុរាណ ​​ខណៈដែល​ប៉ុស្ដិ៍​ទូរទស្សន៍​​ស្ទើរទាំងអស់​​ខ្វល់តែរឿង​​​​ផលិតកម្ម​​វិធី​​​​​​​​យកលុយពី​​​ស្ពុនស័រ ដោយមិនខ្វល់ពីការ​​​​ជួយបំផុស​​​ទម្រង់បុរាណ​​​​អោយសាធារណជនជាតិ និងអន្តរជាតិ​​បាន​ឃើញ​។

លោកថាបរិបទបែបនេះ បើ​រង់ចាំអោយបណ្ដាទូរទស្សន៍​​មានចិត្ត​​​​​​​​​​​​​​​​​​​​​​​​​​​ប្រជែង​គ្នា​ផលិតកម្មវិធី​​​​​​​​ទម្រង់​​​​បុរាណៗ ដូចជាការបំផុស​​ល្ខោន​ខោលជាដើម ​គឺមិន​អាចនោះទេ ​ដរាបណាមិនមានការ​កំណត់​ឲ្យ​​​​​​​​​​តម្រូវ​​ផ្សាយ​សិល្បៈបុរាណ​ក្នុងម៉ោង​ណាមួយស្របគ្នា ដូច​ករណី​​​​​​​​ម៉ោងមាស​សម្រាប់ភាពយន្ត​ខ្មែរ​​​​កន្លងមក។

​ពាក់ព័ន្ធ​នឹងអ្វីដែលលោក​​លើកឡើង​ ក៏មានសំណូមពរពីស្រទាប់មហាជន ​និង​​​​​​​​តារា​សិល្បៈរៀមច្បង​​​​​​​​​កន្លងមក​ផងដែរ ប៉ុន្តែ​គេ​នៅតែ​​​មិនទាន់បាន​ទទួល​​ប្រតិកម្មពី​​​ក្រសួង​​​​វប្បធម៌ និង​ក្រសួង​​​​ព័ត៌មាន ​​​​​បន្ទាប់ពី​ករណី​​​​​ស្នើអោយ​ដាក់​​​បញ្ចាំង​ភាពយន្តខ្មែរ​ក្នុងម៉ោង​មាស ​​​ដែលបានទទួលជោគជ័យ ​​​គឺ​ដោយសារតែមាន​​​​​ញត្តិ​ស្នើ​ទៅកាន់​​​​​ក្រសួងផង និង​រដ្ឋាភិបាលផង ​​បន្ថែមពីលើ​សំណើរ និង​​ប្រតិកម្មដូចពេលនេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

[wpc-weather id="75954"/]