អ្នកភូមិនៅខេត្តកណ្តាលស្នើអាជ្ញាធរពន្លឿនដំណោះស្រាយបញ្ចប់វិវាទដីធ្លី

តំណាង​ពលរដ្ឋ​ចំនួន ២០​នាក់ មក​ពី​ស្រុក​កណ្ដាលស្ទឹង (រូបភាព៖ ផ្ដល់ឲ្យ)

តំណាងពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី ស្នើទៅអាជ្ញាធរខេត្តកណ្តាល ឲ្យបន្តសម្របសម្រួល និងពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគេ ខណៈការចចាររកដំណោះស្រាយនៅថ្ងៃនេះ ពលរដ្ឋមិនព្រមទទួលយកសំណង ដោយថា សំណងនោះមានចំនួនតិចតួចពេក។

តំណាង​ពលរដ្ឋ​ចំនួន ២០​នាក់ មក​ពី​ស្រុក​កណ្ដាលស្ទឹង ត្រូវ​បាន​អាជ្ញាធរខេត្ត​កណ្ដាល ហៅទៅ​ជួប​ប្រជុំ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជុំ​វិញ​វិវាទ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួនដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​នៅ​ក្នុង​ស្រុក​នេះ ហើយ​ប៉ះពាល់​ដល់​ដី​ធ្លី​របស់​អ្នក​ភូមិ។

តំណាងពលរដ្ឋម្នាក់លោក ភោគ ផាន់នី ប្រាប់វីអូឌីក្រោយចប់ប្រជុំថា អ្នកភូមិទាមទារសំណង ១គ្រួសារ៧០០ដុល្លារ ប៉ុន្តែ ការចចារ​នៅថ្ងៃនេះ គឺ​អាជ្ញាធរសម្រេចផ្តល់សំណងគោលនយោបាយឲ្យអ្នកភូមិ ១នាក់ ៥០ដុល្លារ ​ដែលលោកថា ចំនួននេះតិចតួចពេកមិនអាចទទួលយកបាន។

សូមអំពាវនាវទៅអាជ្ញាធរខេត្ត ក៏ដូចជាក្រុមហ៊ុនដែលចង់បានគ្រប់គ្រងលើដីហ្នឹង សុំឲ្យពន្លឿននូវការដោះស្រាយជូនប្រជាពលរដ្ឋ គឺពួកខ្ញុំមានការបន្ទូរបន្ថយទៀតមិនមែនថា តម្លៃ ៧០០ដុល្លារហ្នឹងមិនចុះទេណា គឺយើងធ្វើការសហការ​គ្នា ដើម្បីយើងទទួលយកបាន និងឈ្នះៗទាំងអស់គ្នា។ តែតម្លៃដែលអាជ្ញាធរខេត្តឲ្យខ្ញុំ ៥០ដុល្លារហ្នឹង ប្រជាពលរដ្ឋខ្ញុំមិនព្រមដាច់ខាតហើយ។ អញ្ចឹង វាហាក់​បីដូចជាដាក់សម្ពាធ​មកពួកខ្ញុំជាតំណាងពេកហើយ

តំណាងពលរដ្ឋម្នាក់លោក ភោគ ផាន់នី

លោក ភោគ ផាន់នី ឲ្យដឹងថា ដីដែលក្រុមអ្នកភូមិកំពុងមានជម្លោះជាមួយបណ្តាក្រុមហ៊ុន និងឈ្មួញនោះជាដីរួមរបស់សហគមន៍ ដោយថា ត្រូវបានពលរដ្ឋមួយចំនួន និងអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នាលក់ទៅឲ្យក្រុមហ៊ុនវិនិយោគឯកជន។

អភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ មានប្រសាសន៍ថា ក្រុមពលរដ្ឋដែលមកតវ៉ានោះ គឺស្នើសុំសំណងគោលនយោបាយ ដែលអាជ្ញាធរសម្របសម្រួលទៅ គឺភាគីក្រុមហ៊ុនសម្រេចផ្តល់សំណងជាគោលនយោបាន​ម្នាក់ ៥០ដុល្លារ។

លោកបន្តថា អាជ្ញាធរមិនអាចសម្របសម្រួលឲ្យបានលើសពីនេះនោះទេ ដោយថា ដីនោះមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវដែលកាន់កាប់ដោយក្រុមហ៊ុនឯកជន។

ក្រុមហ៊ុនគេមានប័ណ្ណកម្មសិទ្ធិរបស់គេ ហើយក្នុងនោះមាន វាមានដីរបស់ក្រុមហ៊ុនផង ដីរបស់ពលរដ្ឋផងដែរ​។ ដីហ្នឹងត្រូវបានប្រជាពលរដ្ឋផ្សេងទៀតលក់​ដីខ្យល់ឲ្យគេ លក់ដីលើប័ណ្ណកម្មសិទ្ធិឲ្យគេ ២១គ្រួសារទៀត លក់ដីជាន់លើ​ដី៤០០ហិកតា លក់ជាន់គ្នា អ្នកទិញៗហ្នឹង ទិញជាន់គ្នា អ្នកទិញដីខ្យល់។ អ្នកស៊ីញ៉េ​លើដីខ្យល់ ឥលូវអ្នកទិញហ្នឹងកំពុងតែឈ្លោះគ្នា។ ក្នុងនាមខ្ញុំជាអាជ្ញាធរ គ្មានអីក្រៅពីការសម្របសម្រួលទេ យើងអត់មានសិទ្ធិទៅបង្គាប់បញ្ជាគេបានទេ តាមយន្តការច្បាប់ដីធ្លី កាល​ណា ដីមានប្លង់កម្មសិទ្ធិគេមិនឲ្យអាជ្ញាធរលូកលាន់ផង អាហ្នឹងជាសមត្ថកិច្ចរបស់តុលការ

អភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ

ជុំវិញវិវាទ និងភាពស្មុគស្មាញ​នៃជម្លោះដីធ្លីនេះ លោក ម៉ៅ ភិរុណ បានស្តីបន្ទោសទៅមន្រ្តីថ្នាក់ក្រោមដែរ ដោយថា ចេះតែចុះ​ហត្ថលេខា និងធ្វើប័ណ្ណកម្មសិទ្ធិទាំងមិនចុះវាស់វែង ដោយសារទទួលលុយពីអ្នកពាក់ព័ន្ធទាំងនោះ ប៉ុន្តែ អភិបាលខេត្តរូបនេះមិន​ប្រាប់ថា មានក្រុមហ៊ុន និងបុគ្គលណាខ្លះជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីនេះទេ។

លោក ម៉ៅ ភិរុណ ឲ្យដឹងថា នៅឃុំអំពៅព្រៃមានពលរដ្ឋ ២១២០គ្រួសារ និងមានមនុស្ស ៨៧៨២នាក់ ប៉ុន្តែ លោកថា មានមនុស្ស​តែ ៧៨៤៤នាក់ដែលត្រូវទទួលសំណងគោលនយោបាយម្នាក់ ៥០ដុល្លារ ខណៈអ្នកផ្សេងទៀតមានឈ្មោះ​ជាប់ពាក់ព័ន្ធលក់ដីនោះរួចទៅហើយ។

អ្នក​ភូមិ​រាប់​រយ​នាក់​នៅ​ឃុំ​អំពៅព្រៃ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កណ្ដាល​កាល​ពី​ខែ​មិថុនា​កន្លង​មក ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជុំ​វិញ​វិវាទ​ដី​ធ្លី​​របស់​ពួកគេ ដែល​ក្រុម​អ្នក​ភូមិ​បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​លួច​លក់​ដី​ទំហំ ៤០០​ហិកតា ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគឯកជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ