កម្ពុជា​បញ្ជូននិសិ្សត​ជាង​២០០នាក់​ទៅ​សិក្សាផ្នែក​កសិកម្ម​នៅ​ប្រទេស​អ៊ីស្រាអែល

លោក វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនិស្សិតកម្មសិក្សាជំនាន់ទី១១ ក្នុងនោះមាននិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ថ្ងៃទី ០៣ កញ្ញា ២០១៨ (រូបភាព៖ វេបសាយក្រសួងកសិកម្ម)

និសិ្សតកម្ពុជា​ជាង​២០០នាក់​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​បំពេញ​កម្ម​សិក្សា​រយៈពេល​ជិត​១​ឆ្នាំ​នៅប្រទេស​អ៊ីស្រាអែល តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការអន្តរជាតិជាមួយក្រុមហ៊ុនសិក្សាកសិកម្ម Agro-studies របស់​អ៊ីស្រាអែល។

លោក​វេង​ សាខុន បាន​សរសេរ​ក្នុង​ហ្វេស​បុករបស់​លោក​កាល​ពីម្សិល​មិញ​ថា ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង​សាលា​ជាតិ​កសិកម្មបាន​បញ្ជូន​និស្សិត​ឆ្នាំទី៣ ដែលកំពុងសិក្សាឲ្យទៅចូលរួមធ្វើកម្មសិក្សារយៈពេល១១ខែ នៅ​ប្រទេស​អ៊ី​ស្រា​អែល ដែល​នៅឆ្នាំ​២០១៨​នេះ​មាន​និស្សិត​ចំនួន​២១០នាក់​ ក្នុង​នោះ​ស្រី​៣៧នាក់នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅសិក្សា។

បើ​តាម​លោក​វេង សាខុន និសិ្សត​២១០នាក់​នោះ​មាន​និស្សិតសាលាជាតិកសិកម្មព្រែកលៀប ១០នាក់ សាលា​ជាតិ​កសិកម្ម​កំពង់​ចាម ១០នាក់ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ១៩០នាក់។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក​ង៉ោ ប៉ុនថាន មាន​ប្រសាសន៍​ប្រាប់​ VOD ថា​និស្សិតដែល​បាន​ទៅ​ធ្វើកម្ម​សិក្សា​នៅអ៊ីស្រាអែល​នោះ​នឹង​ត្រូវបែង​ចែក​ជា​៦​ក្រុម​ចេញ​ដំណើរពី​កម្ពុជាចាប់​ពី​ថ្ងៃ​ទី ៤ កញ្ញា ដល់​ថ្ងៃទី៦​ តុលា។ លោក​​បញ្ជាក់​ថាក្រុម​ហ៊ុន​ Agro-studies ជាអ្នក​ទទួល​បន្ទុក​ រក​សាកល​វិទ្យាល័យ​ឲ្យ​និស្សិតកម្ពុជាសិក្សា និង​កសិដ្ឋាន​ដល់​និស្សិត​ឲ្យ​ធ្វើ​ការ ហើយនិស្សិត​កម្ពុជា​អាច​ទទួលបាន​ចំណេះ​ដឹង និង​ប្រាក់​ខែ​បានតាម​រយៈ​នៃ​ការ​ធ្វើ​កម្មសិក្សា​នេះ។

និស្សិត​យើង​ទៅ​នៃ​គឺ​ត្រូវ​បង់​លុយ​ខ្លួនឯង​ ទិញ​សំបុត្រ​យន្ត​ហោះ​ទៅ​ខ្លួន​ឯង ។ ហើយ​ទៅ​ដល់​នោះក្រុម​ហ៊ុន គេយក​ទៅ​ដាក់​តាមកសិដ្ឋាន​ដែល​ធ្វើ​ការ​ហ្នឹង​ ហើយ​នឹង​យក​មក​រៀន​នៅសកល​វិទ្យា​ល័យ អញ្ចឹង​និស្សិត​ដែល​ទៅ​ធ្វើ​ការ​បានលុយហើយ។ គាត់​អាច​កាត់​កង​បង់​ចូល​សាលាប៉ុន្មាន​អញ្ចឹង​ទៅ ហើយ​សល់​ប៉ុន្មាន​គាត់​អាច​ទុក​ចាយខ្លួន​គាត់។ អញ្ចឹង​អត់​មាន​អ្នក​ណា​ជួយ​អ្នក​ណា​ទេ ក្រុម​ហ៊ុន​ក៏​គេ​បាន​ចំណេញ យើង​ក៏​បាន​ចំណេះ និង​សញ្ញាប័ត្រ​ត្រលប់​មក​វិញផង

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក​ង៉ោ ប៉ុនថាន

លោក​ ង៉ោ ប៉ុនថាន បាន​បន្ថែម​ថាតាម​រយៈ​ការ​ចុះ​កម្មសិក្សា​នេះ​នឹង​ធ្វើ​និស្សិ​តកម្ពុជាបាន​ទទួល​ការហាត់​ពត់​លត់​ដំខ្លួន​ រួម​ជា​មួយ​ចំណេះ​ដឹង​កសិកម្មទំនើប​របស់​អ៊ីស្រាអែល​ និង​ពង្រឹង​ភាសាអង់​គ្លេស​របស់​ខ្លួន​ផង​ដែរ។

ទីប្រឹក្សា​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ហៅ​កាត់​ថាសេដាកលោក សម វិទូ យល់​ថា​ជារឿង​ល្អ​ដល់​និស្សិត​កម្ពុជា​ដែល​អាច​ទទួល​បាន​នូវ​អ្វី​ថ្មីលើ​វិស័យ​កសិកម្ម​បន្ថែម​ពី​ការ​សិក្សា​ដែល​មាន​នៅ​កម្ពុជា​។

យើង​ឃើញ​ហើយ​ថា​ អ៊ីស្រាអែល​មាន​ការ​រីក​ចំរើន​លើ​វិស័យ​កសិកម្ម​ជាខ្លាំង​ ព្រោះ​ថា​អ៊ីស្រាអែល​ដី​របស់​គេ​អត់​មាន​ជីវជាតិ​ក៏​ដោយ​តែ​គេ​អាចដាំ​ដុះ​ដំណាំ ហើយ​អាច​នាំ​ចេញ​ទៀត។ តែ​មិន​ថា​តែ​ប្រទេស​អ៊ីស្រាអែល​ទេ! គួរទៅប្រទេស​ណាដែល​មាន​លក្ខណៈល្អ​ជាង​យើង​ដែល​យើង​អាច​រៀន​សូត្រ​ពីគេ​បាន ដូចជា​កសិកម្ម​នៅប្រទេស​ថៃ នៅ​វៀត​ណាម​ដែល​ជិត​ៗ​យើង ដែល​មាន​លក្ខណៈភូមិសាស្ត្រអីប្រហាក់​ប្រហែល​ស្រដៀង​យើង រឿងហ្នឹង​ក៏​ជា​ការ​ដែល​ជួយ​ឲ្យ​និស្សិ​តទទួល​បាន​ទាំង​ចំណេះ​ដឹង​ទ្រឹស្តី និងការ​អភិវឌ្ឍ

ទីប្រឹក្សា​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ហៅ​កាត់​ថាសេដាកលោក សម វិទូ

ចាប់ពីឆ្នាំ២០០៨ មកមាននិស្សិតកម្ពុជាចំនួន ៦៨០នាក់ហើយ​ដែល​បាន​ទៅ​ធ្វើ​កម្ម​សិក្សា​នៅប្រទេស​អ៊ីស្រាអែល​តាមកិច្ច​សហប្រតិបត្តិ​ការណ៍​ជា​មួយក្រុម​ហ៊ុន Agro-studies នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ