អ៊ិន សុភិន ប្រកាសអោយប្ដឹងលោក ជាជាងប្រើការបង្ហោះនាំអោយជាប់ជុច

លោក អ៊ិន សុភិន ដែលទើបជាប់ឆ្នោតជាអនុប្រធានសមាគមភាពយន្តកម្ពុជា

ខណៈដែលតារា២រូបត្រូវគេឃើញបង្ហោះយ៉ាងចាស់ដៃវាយប្រហារទៅកាន់ផលិតកម្មមហាហង្ស ពិសេសគឺ លោក អ៊ិន សុភិន ជាម្ចាស់ផលិតកម្មនោះ ផលិតកររូបនេះ បានអះអាងថាខ្លួនមិនខ្លាចចំពោះការវាយប្រហារដែលបានកើតឡើងនោះទេ ដោយបានបើកដៃអោយតារាដែលចង់បង្កជម្លោះជាមួយលោក ហែកហួរតាមចិត្តតាមបណ្ដាញហ្វេសប៊ុកផង។

យ៉ាងណាមិញ លោកថាវិធីសាស្រ្តដែលល្អ គឺលោកចង់ឃើញតារាដែលបានប្រកាសថាខ្លួនរងគ្រោះប្រើយុទ្ធសាស្រ្តចរចា និងដាក់បណ្ដឹងតាមច្បាប់ ជៀសវាងបង្ហោះប្រមាថចុះប្រមាថឡើង ហើយចុងក្រោយប្រែក្លាយជាបទបរិហារកេរ្តិ៍ ដែលប្រឈមនឹងបណ្ដឹងប្ដឹងបកខាតដើម។

លោក អ៊ិន សុភិន ដែលទើបជាប់ឆ្នោតជាអនុប្រធានសមាគមភាពយន្តកម្ពុជា បានថ្លែងបញ្ជាក់ថា តារាភាគច្រើននៅមិនទាន់ចេះប្រើសិទ្ធិអំណាចរបស់ខ្លួនចំពោះផលិតករដែលពួកគេអះអាងថាពិបាកលុយកាក់នោះទេ ក្រៅតែពីចេញមុខបង្ហោះហើយចុងក្រោយបានត្រឹមតែធ្វើអោយខ្លួនឯងជាប់ជុច។

លោកទទូចអោយតារាចេះប្រើយុទ្ធសាស្រ្តចចារ និងដាក់បណ្ដឹងរក្សាតម្លៃរបស់ខ្លួន ដោយសារតែមុនពេលថតរឿងគឺតួ និងផលិតករសុទ្ធតែបានកុងត្រាទៅវិញទៅមក ទាំងរឿងពេលវេលា រឿងការងារ និងរឿងលុយកាក់។

លោកថាខ្លួនបើកផលិតកម្ម មិនខ្វះត្រឹមតែលុយតម្លៃថ្លៃថត ក្រោយពេលតារាថតចប់នោះទេ ប៉ុន្តែមកពីតារាទាំំងនោះ បានបង្កការលំបាកចំពោះផលិតកម្មទើបធ្វើអោយផលិតកម្មត្រូវតែបង្កកប្រាក់កម្រៃ ដើម្បីអោយស្របនឹងអ្វីដែលបានព្រមព្រៀង។

លោកថាខ្លួនមានការយោគយល់ច្រើនណាស់ ដោយសុខចិត្តលន់តួសុំអោយមកថតបន្ត ជំនួសអោយការប្ដឹងអោយសងការខូចខាត និងយឺតយ៉ាវ នៅពេលតារាមួយចំនួនសន្យាផ្ដល់ថ្ងៃចេញថតយ៉ាងហោច៣ថ្ងៃក្នុងមួយសប្ដាហ៍ ប៉ុន្តែបែរជាមកថតមិនទៀតម៉ោង និងស្ទើរតែគ្មានថ្ងៃអោយ ព្រោះតែជាប់រឿងផ្សេង។

លោកថាមានតួច្រើនណាស់ ផលិតកម្មសម្រេចចិត្តដាក់បណ្ដឹង ប៉ុន្តែគ្រាន់តែកំឡាៗ ដើម្បីអោយចែកពេលមកថតអោយចប់ និងដើម្បីកុំអោយមើលស្រាលកុងត្រាដែលធ្លាប់បានព្រមព្រៀងប៉ុណ្ណោះ ប៉ុន្តែមិនដែលបានយកបណ្ដឹងទាំងនោះមកអនុវត្តន៍ឡើយ។

យ៉ាងណាមិញ ក្រោយពេលតារាមួយចំនួនបង្ហោះវាយប្រហារលោក ហើយតារាទាំងនោះសុទ្ធតែជាប់បណ្ដឹងរបស់ក្រុមហ៊ុនផង គឺក្រុមហ៊ុននឹងធ្វើតាមច្បាប់ឈប់យោគយល់។

អនុប្រធានសមាគមភាពយន្តរូបនេះ ទទូចអោយតារាដាក់បណ្ដឹងចំពោះរូបលោក និងចំពោះផលិតកម្ម ជុំវិញករណីរំលោភកុងត្រាក្រោយពេលថតចប់ ជាជាងបង្ហោះវាយប្រហារលោក ហើយចុងក្រោយគឺមានការបង្ហោះរបស់តារាម្នាក់ កំពុងតែស្ថិតក្នុងបណ្ដឹងរបស់លោក ដែលលោកនឹងប្ដឹងបក បើគ្មានការសុំទោសជាសាធារណៈ។

គ្រប់យ៉ាងសុទ្ធតែមានកុងត្រា ហេតុអ្វីមិនប្ដឹងបែរជាទៅបង្ហោះ ទៅប្រកាសបែបនេះបែបនោះ ហើយធ្វើអោយជាប់ជុចខ្លួនឯង ចឹងចាំមើលខ្ញុំធ្វើតាមច្បាប់វិញម្ដងថាតើគាត់ខុស ឬខ្ញុំខុស ព្រោះតារាដែលថាខ្ញុំមិនបើកលុយអោយ ខ្ញុំសុទ្ធតែមានភស្ដុតាងទាំងអស់ថា គាត់ធ្វើខុសកុងត្រារឿងពេលវេលា តែខ្ញុំនៅតែតាំងចិត្តថាបើកលុយអោយចឹង គ្រាន់តែខ្ញុំចង់ក្រឡុកគាត់វិញអោយគាត់ដឹងពីផលវិបាក តែបើគាត់ចឹង(បង្ហោះ)ហើយ គឺប្ដឹងកុងត្រាមុនហើយ ប្ដឹងពីបទបរិហារក្រោយទៀត!

លោក អ៊ិន សុភិន ដែលទើបជាប់ឆ្នោតជាអនុប្រធានសមាគមភាពយន្តកម្ពុជា

លោកបដិសេធបញ្ចេញឈ្មោះតារាដែលលោកប្រកាសថានឹងប្ដឹងអោយផ្អើលក្រោយការបង្ហោះ ដោយលោករំលឹកថា បើខ្លួនពិតជាមិនខុសនឹងកុងត្រាក្រុមហ៊ុន ហើយច្បាស់ថាក្រុមហ៊ុនមានបញ្ហាលុយកាក់ជាមួយ គឺគួរតែប្ដឹងដើម្បីទទួលបានតម្លៃខ្លួនដែលខ្វះផង និងជំងឺចិត្តផង ជៀសវាងបង្ហោះប៉ាតណាប៉ាណី ហើយក្លាយជារឿងក្ដៅក្រហាយដាក់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ