វិភាគ៖ ហេតុអ្វី​បាន​ជា​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព?

លោក កឹម សុខា នាពេលកន្លងទៅ

គិត​ត្រឹម​ថ្ងៃ​នេះ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ឃុំ​នៅ​ឯ​ពន្ធនាគារ​ត្រពាំងផ្លុង​អស់​រយៈ​ពេល ១​ឆ្នាំ និង ២​ថ្ងៃ​រួច​មក​ហើយ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​

បើ​យើង​ត្រឡប់​ទៅ​ក្រោយ​បន្តិច​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​សេចក្ដី​សម្រេច​បែប​នេះ​របស់​តុលាការ​នោះ សកម្មជន​នយោបាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១រូប អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​​លោក អ៊ុំ សំអាន អតីត​អ្នក​សារព័ត៌មាន​អាស៊ីសេរី ២​នាក់ អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ និង​សកម្មជន​ដី​ធ្លី​បឹងកក់ អ្នកស្រី ទេព វន្នី សុទ្ធ​តែ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ជា​បន្ត​បន្ទាប់​កាល​ពី​ចុង​ខែ​សីហា​កន្លង​មក​នេះ ក្រោយ​ពី​ត្រូវ​បាន​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ តាម​ការ​ស្នើ​សុំ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

តែ​សម្រាប់​ករណី​លោក កឹម សុខា វិញ មិន​ត្រឹម​តែ​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល ១​ឆ្នាំ​រួច​មក​ហើយ​នោះ​ទេ ​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា​រូប​នេះ ត្រូវ​បាន​តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​រូប​លោក​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​រយៈ​ពេល ៦​ខែ​បន្ថែម​ទៀត បើទោះ​បី​ជា​មាន​ការ​ស្នើ​សុំ​ពី​ក្រុម​មេធាវី​ការពារ​រូប​លោក ឲ្យ​ដោះ​លែង​លោក​នៅ​ក្រៅ​ឃុំ​ក៏​ដោយ។

សេចក្ដី​សម្រេចពីរ​ដែល​ផ្ទុយ​គ្នា​បែប​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ឬ​ក៏​មិន​ត្រូវ​បាន​លើក​លែង​ទោស​ទៅ​វិញ?

វា​ពិបាក​នឹង​ឆ្លើយ​ថា តើ​មាន​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ​បាន​ជា​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ ឬ​ក៏​មិន​ត្រូវ​បាន​លើក​លែង​ទោស​ដូច​អ្នក​ដទៃ​ទៀត​នោះ។

ទោះជាយ៉ាងណា មាន​ចំណុច​ខ្លះៗ អាច​ទាញឲ្យ​យក​មក​ពិនិត្យ​មើល ដើម្បី​ស្វែង​យល់​អំពី​សំណុំ​រឿង​លោក កឹម សុខា ពោល​គឺ​ការ​ពិនិត្យ​លើ​នីតិវិធី​ច្បាប់ និង​ទិដ្ឋភាព​នយោបាយ​នៅ​កម្ពុជា។

តាម​នីតិវិធី​ច្បាប់ ការ​លើក​លែង​ទោស​ដល់​លោក កឹម សុខា ពិត​ជា​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ឡើយ ខណៈ​ដែល​សំណុំ​រឿង​លោក មិន​ទាន់​ត្រូវ​បាន​ជំនុំ​ជម្រះ​​វិនិច្ឆ័យ​ទោស​នៅ​ឡើយ និង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​បណ្ដឹង​ជំទាស់​នីតិវិធី​ឃុំ​ខ្លួន​ចាប់​ពី​​សាលា​ដំបូង​រហូត​ដល់​តុលាការ​កំពូល។

មួយ​វិញ​ទៀត នៅ​ពេល​​សំណុំ​រឿង​នេះត្រូវ​បាន​នាំ​ទៅ​ជំនុំ​ជម្រះ​ ​លោក កឹម សុខា ក៏​អាច​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​បន្ត​ទៀត អំឡុង​ពេល​តស៊ូ​ក្ដី​នៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់ ចាប់​ពី​សាលា​ដំបូង​រហូត​ដល់​តុលាការ​កំពូល​ផង​ដែរ ប្រសិន​បើ​​ក្រុម​មេធាវី និង​លោក កឹម សុខា សម្រេច​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ ដាក់​ទោស​រូប​លោក​​​នោះ។

បន្ទាប់​ពី​នីតិវិធី​តុលាការ​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង កូន​សោរ​លើក​លែង​ទោស​​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ឡើង​វិញ ស្ថិត​នៅលើ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា តើ​លោក​នឹង​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ ឲ្យ​លើក​លែង​ទោស​ដល់​លោក កឹម សុខា ឬ​ក៏​យ៉ាង​ណា។

ចំណុច​មួយ​ដែល​ជាក់​ច្បាស់​នោះ​គឺ​ថា គេ​ដឹង​រួច​ទៅ​ហើយ​ថា លោក កឹម សុខា នឹង​មិន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ឡើយ ពោល​នឹង​ត្រូវ​ជាប់​ឃុំ​ខ្លួន​បន្ត​ទៀត បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា​ថា គ្មាន​នរណា​ដោះ​លែង​លោក កឹម សុខា​ នោះ​ឡើយ ដែល​ការ​ថ្លែង​លោក ហ៊ុន សែន កើត​ឡើង​​មួយ​ថ្ងៃ​មុន​ការ​សាក​សួរ​លោក កឹម សុខា នៅ​ឯ​ពន្ធនាគារ​ត្រពាំងផ្លុង។

អាណាដោះលែង? អាណាដោះលែង? បើគេមិនទាន់កាត់ទោសផង មានទោសឯណាសម្រាប់លើកឲ្យវា? ឯលើកលែងការចោទប្រកាន់អត់ទេ! អត់ទេ!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

នាយិកា​អង្គការ​សីលកា​ អ្នកស្រី ធីតា ឃឹះ បាន​បង្ហាញ​នូវ​ការ​យល់​ឃើញ​ថា លោក កឹម សុខា គឺ​ជា​អ្នក​នយោបាយ​មាន​ជំហរ​រឹង​មាំ និង​​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​យ៉ាង​ទូលំ​ទូលាយ​នៅ​ទូទាំង​ប្រទេស ដែល​ជា​មូល​ហេតុ​មួយ​ជំរុញ​ឲ្យ​ការ​ដោះ​លែង​រូប​លោក ជួប​ប្រទះ​នូវ​បញ្ហា​លំបាក។

នាយិកា​អង្គការ​សីលកា​ អ្នកស្រី ធីតា ឃឹះ
គាត់[កឹម សុខា]​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ប្រជា​ពលរដ្ឋដែល​គាំ​ទ្រ​គាត់។ អញ្ចឹង​ទៅ ខ្លាច​គ្រប់​គ្រង​គាត់​អត់​សូវ​បាន។ អានេះ​តាម​យោបល់​ខ្ញុំ។ ហើយ​គេ​ដឹង​ថា លោក កឹម សុខា អត់​រត់​ទេ មិន​មែន​ដូច​លោក សម រង្ស៊ី ទេ។ លោក សម រង្ស៊ី កាល​ណា​គេ​ធ្វើ​អី​មក គាត់​ចេញ​ទៅ​បាត់ ហើយ​គេ​ចង់​ឲ្យ​គាត់​ចេញ​ហ្នឹង​ហើយ ព្រោះ​សំខាន់​បំផុត​គឺ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក

នាយិកា​អង្គការ​សីលកា​ អ្នកស្រី ធីតា ឃឹះ

ក្រៅ​ពី​មើល​ឃើញ​ដូច​ទៅ​នឹង​អ្នក​ស្រី ធីតា ឃឹះ ហើយ​នោះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​បង្ហាញ​នូវ​ទស្សនៈ​របស់​លោក​ថា ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក កឹម សុខា គឺ​ជា​សំណុំ​រឿង​ដ៏​ធំ ដែល​ចាំ​បាច់​ត្រូវ​មាន​ហេតុផល​សមរម្យ ដើម្បី​ធានា​ថា សហគមន៍​អន្តរជាតិ មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ សម​ហេតុ​សម​ផល។

នាយក​ប្រតិបត្តិនៃអង្គការតម្លា​ភាព​កម្ពុជា​លោក​​ព្រាប កុល​​
ទិដ្ឋភាព​ច្បាប់​ហ្នឹង គឺ​ចោទ​គាត់[កឹម សុខា]​សម្បើម​ណាស់ ដែល​ចោទ​ដាក់​បន្ទុក​ឈាន​ទៅ​ដល់​ការ​ភ្ជាប់​ទៅ​នឹង​គណបក្ស​អី​ហូរ​ហែរ​រហូត​ដល់​ការ​រំលាយ​អី​ហ្នឹង​ណា វា​គឺ​ជា​ការ​ចោទ​ធំណាស់។ ហេតុ​ដូច្នេះ ប្រសិន​ជា​មិន​មាន​ហេតុផល​អីសមរម្យ​សម្រាប់​ភ្នែក​អន្តរជាតិ​ ឬ​ក៏​មហាជន​គេ​មើល​ឃើញ​ថា គាត់​ត្រូវ​បាន​ដោះ​លែង​ដោយសារ​តែ​វាមាន​ស្ថានភាព​អញ្ចឹង វា​អាច​ទៅ​ទូទាត់​នឹង​ការ​ដាក់​បន្ទុក​ចោទ​គាត់​ពី​ដើម​ឡើយ​ហ្នឹង​ណា វា​ពិបាក​ក្នុង​ការ​ដោះ​គាត់​ដែរ

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល

លោក ព្រាប កុល មាន​ប្រសាសន៍​បន្ថែម​ថា៖

ហើយ​កត្តា​ទី​៣ ប្រសិន​ជា​យើង​មើល​ទិដ្ឋភាពក្នុង​ការ​លេង​ក្រឡា​អុក​នយោបាយ​ លោក កឹម សុខា ជា​ស្ដេច​អុកមួយ​ហើយ​នៅ​ក្នុង​ភាគីម្ខាង​ទៀត​អ្ហា។ អញ្ចឹង បើ​យើង​និយាយ​ពី​ការ​ដោះ​ដូរ ដែល​យើង​យក​មក​ធ្វើ​ជា​ការ​ជជែក​គ្នា​ក្នុង​ការ​ដោះ​ដូរ​ហ្នឹង គឺ​ត្រូវការ​មាន​លក្ខខណ្ឌធំ ហើយ​លក្ខខណ្ឌ​ហ្នឹង វា​អាច​ជា​លក្ខខណ្ឌ​ដែល​ត្រូវ​ចរចា​ជជែក​គ្នា​ឲ្យ​ត្រូវ​រ៉ូវ​ជាមួយ​នឹង​លោក កឹម សុខា ផ្ទាល់​មួយ និង​មួយ​ទៀត ប្រហែល​ជា​អាច​ភាគី​អន្តរជាតិ​ដែល​គេ​កំពុង​តែ​ទាមទារឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល

ទោះជាយ៉ាងណា ទាំង​អ្នកស្រី ធីតា ឃឹះ និង​លោក ព្រាប កុល សុទ្ធ​តែ​ជឿ​ជាក់​ថា កូន​សោរ​សម្រាប់​ដំណោះ​ស្រាយ​បញ្ហា​នយោបាយ​កម្ពុជា​នា​ពេល​សព្វ​ថ្ងៃនេះ គឺ​ស្ថិត​នៅ​ក្នុងដៃ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ខណៈ​ដែល​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ការ​ព្រមាន​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នឹង​ជំរុញ​ឲ្យ​មេដឹកនាំ​កម្ពុជា​ពិចារណា​ឡើង​វិញ វិល​ទៅ​រក​ដំណោះ​ស្រាយ​បញ្ចប់​បញ្ហា​នយោបាយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ