មេដឹកនាំ​បក្ស​១៥​ត្រូវ​បាន​តែង​តាំង​ឋានៈ​ពី​រដ្ឋ​មន្ត្រី​ដល់​ទេស​រដ្ឋ​មន្ត្រី

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់​ដៃ​ជា​មួយ​មេដឹកនាំ​គណបក្ស​នយោបាយ​នានា អំឡុង​ជំនួប​ជាមួយ​មេដឹកនាំ​គណបក្ស​នយោបាយ​នានា ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​២៩ ខែ​កក្កដា​កន្លង​មក។ រូបថត់៖ ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន

មេដឹកនាំ​គណបក្ស​នយោបាយ​ចំនួន ១៥ នៅ​ក្នុង​ចំណោម​គណបក្ស​នយោបាយ ១៩ ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សមាសភាព​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់ ដែល​មាន​ឋានៈ​ចាប់​ពី​​ទេស​រដ្ឋ​មន្ត្រី។

ក្នុង​ព្រះ​រាជ​ក្រឹត្យ​ចុះ​នៅ​ថ្ងៃ​នេះ ព្រះមហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី បាន​តែង​តាំង​មេដឹកនាំ​គណបក្ស​នយោបាយ​ចំនួន ១៥ ក្នុង​នោះ​មាន​ទាំង​ព្រះ​អង្គ​ម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ មេដឹកនាំ​ស្ដី​ទីគណបក្ស​ហ៊្វុនស៊ិនប៉ិច និង​លោក ញឹក ប៊ុនឆៃ មេដឹកនាំ​គណបក្ស​​រួបរួម​ជាតិ ទៅ​ក្នុង​សមាសភាព​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដោយ​មាន​ឋានៈ​ស្មើ​នឹង​ទេស​រដ្ឋ​មន្ត្រី។

ក្នុង​ព្រះ​រាជ​ក្រឹត្យ​ដដែល​នេះ អនុ​ប្រធាន​គណបក្ស​នយោបាយ​ទាំង ១៥​នោះ ក៏​ត្រូវបាន​​តែង​តាំង​ផង​ដែរ ដោយ​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋ​មន្ត្រី។

ព្រះ​មហាក្សត្រ​បាន​ត្រាស់​បង្គាប់​បែប​នេះ ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ទើប​តែ​ត្រូវ​បាន​ជ្រើស​តាំង​ជា​នាយករដ្ឋ​មន្ត្រី​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​អាណត្តិ​ទី​៦​នេះ។

ក្នុងពិធីមួយកាលពីថ្ងៃ​ទី​១៥ សីហា លោក​ ​ហ៊ុន សែន​ បាន​​​ប្រកាសថា​​ នឹងបង្កើតឲ្យមានវេទិកា​ពិ​​គ្រោះ​​​​​យោ​បល់ជា​មួ​យ​​​​​គ​ណ​​​​​​​ប​ក្សដែ​លមិន​ទទួល​បាន​អាសនៈក្នុងរដ្ឋសភា នៅមុនបង្កើត​រដ្ឋាភិបាលថ្មី ដើម្បីប្រមូលគំនិត​ជំរុញ​ដល់​​​កា​​​រ​​អ​​​​ភិ​​វឌ្ឍ​តាមបែ​ប​​ប្រ​ជាធិ​ប​តេ​យ្យ​សេ​រីពហុប​ក្ស។

គណបក្ស​នយោបាយ​ចំនួន ១៥ នៅ​ក្នុង​ចំណោម​គណបក្ស​ចំនួន ១៩ ដែល​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩​កក្កដា បាន​សម្រេច​ចូលរួម​ក្នុង​វេទិកា​នេះ លើក​លែង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេ្យ និង​​គណបក្ស​ខ្មែរ​ឈប់​ក្រ​តែ​ប៉ុណ្ណោះ ដែល​បាន​បដិសេធ​ចូល​រួម​ក្នុង​វេទិកា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ