ក្រសួង​កសិកម្មមិន​ទាន់​​អនុញ្ញាតឲ្យក្រុម​ហ៊ុន​ណា​មួយ​​នាំចេកទៅ​ចិន​នៅ​ឡើយ​ទេ

ចំការចេករបស់ក្រុមហ៊ុន​វៀតណាម ដាំនៅកម្ពុជា(រូបពី Bac Giang)

អគ្គនាយក​ដ្ឋាន​កសិកម្ម​ថា​រហូត​មក​ទល់​នឹង​ពេល​នេះ​ខ្លួន​ទទួល​បាន​សំណើពី​ក្រុម​ហ៊ុន​៥ ក្នុង​ការ​នាំចេញចេក​ទៅ​កាន់​ប្រទេស​ចិន តែថា​មិន​ទាន់​សម្រេចអនុញ្ញាត​នៅ​ឡើយ​ទេ​ដោយ​រង់​ចាំ​ក្រុម​ការ​ងារចុះ​ពិនិត្យ​វាយ​តម្លៃ​ជា​មុន​សិន។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​លោក ហ៊ាន វណ្ណហន មានប្រសាសន៍​ប្រាប់​VOD ថា​រហូត​មក​ដល់​ពេល​នេះ​អគ្គនាយក​ដ្ឋានបាន​ទទួល​សំណើ​ពីក្រុម​ហ៊ុន៥​ក្នុង​នោះ​មាន៤​ជា​របស់​វៀត​ណាម និង​១​ជា​របស់​ខ្មែរសហ​ការ​ជា​មួយ​ចិន​ តែ​ទោះជា​យ៉ាង​ណា​អគ្គនាយក​ដ្ឋាន​មិន​ទាន់​សម្រេច​ឲ្យ​ក្រុម​ហ៊ុន​ណា​មួយ​មាន​សិទ្ធិ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​នោះ​ទេ ដោយ​រង់​ចាំ​ការប្រជុំ​​សម្រេច​ជា​មុន​សិន ដោយ​បារម្ភ​ខ្លាច​ក្រុម​ហ៊ុន​ទាំង​នោះ​មិនគ្រប់​ស្តង់​ដារនៃ​ការអនុញ្ញាតរបស់​ប្រទេស​ចិន។

បើ​សិន​ជា​សមត្ថភាព​របស់​គាត់​មិនគ្រប់គ្រាន់ក៏​យើង​មិន​អាច​អនុញ្ញាតឲ្យ​នាំ​ចេញ​បាន​ដែរ ព្រោះ​អ្វី​ដែល​យើង​វាយ​តម្លៃ​ហើយ​ហ្នឹង​គឺ​ភាគី​ចិ​នគេ​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ឡើង​វិញ​មក​ពិនិត្យ​មើល​ឡើងវិញផង​ដែរ។ អញ្ចឹង​បើ​សិន​ជា​រឿង​មួយ​ដែល​អន់​ពេក​វា​ជារឿង​មួយដែលយើង​មិន​ចង់​បង្ហាញពីប្រព័ន្ធ​នៃ​ការ​វាយ​តម្លៃ​ធូរ​រលុងរបស់​យើង​ដោយ​ភាគី​បរទេស។ បន្ទាប់​ពី​យើង​វាយ​តម្លៃ​ហើយ​ថា​ជាប់​ប្រាំ​ ហើយ​សម្រាប់គេមក​វាយតម្លៃ​ថា​ជា​ប់​ត្រឹម​តែ​មួយ​អាហ្នឹង​ក៏​ប៉ះពាល់​ដល់​កិត្តិ​យស​របស់​យើង​ដែរ

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​លោក ហ៊ាន វណ្ណហន

ទោះ​ជា​យ៉ាង​ណាលោក​ថា​នៅ​ដើម​សប្តាហ៍​ក្រោយ​អគ្គនាយក​ដ្ឋាន​នឹង​មាន​ការ​ប្រជុំមួយ​ដោយ​កោះ​អញ្ជើញ​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ និង​ម្ចាស់​កសិដ្ឋាន​ដាំ​ចេក​ឲ្យ​ចូល​រួម​ផង​ដែរ។

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​កសិដ្ឋានធំៗ​ចំនួន​៣ ដែល​ជា​របស់​ក្រុមហ៊ុន​វៀត​ណាម​ដែល​មាន​ក្នុង​ខេត្ត​រតនគិរី ក្រចេះ និង​កំពត ដែល​មាន​ផ្ទៃ​ដីសរុប​ជិត​៥ពាន់​ហិកតាសម្រាប់​​ដាំចេក​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀត​ណាម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ