រដ្ឋាភិបាល​សម្រេច​​បញ្ឈប់​ប្រតិបត្តិការ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ជិត​៣០​ស្ថាប័ន​

ធនាគារជាតិកម្ពុជា

ធនាគារ​កណ្ដាល​កម្ពុជា បាន​សម្រេច​លុប​ចោល​​អាជ្ញា​ប័ណ្ណ​ពី​ស្ថាប័ន​ផ្ដល់​កម្ចី​នៅ​តាម​ជនបទ​ជិត ៣០ មិន​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ផ្ដល់​កម្ចី​ឥណទាន​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា ឆ្លើយ​តប​ទៅ​តាម​​ការ​ស្នើសុំ​របស់​បណ្ដា​គ្រឹះស្ថាន​ទាំង​នោះ។

ក្នុង​សេចក្តីប្រកាស​ព័ត៌មានចុះ​ថ្ងៃទី​​៥ កញ្ញា ធនាគារ​ជាតិបាន​សម្រេចដក​អាជ្ញា​ប័ណ្ណ​គ្រឹះស្ថាន​ឥណទាន ២ និងបញ្ឈប់​គ្រឹះស្ថាន​​ឥណទាន​ជន​បទ​ចំនួន ២៤​ផ្សេង​ទៀត ​តាម​សំណើរបស់​គ្រឹះស្ថាន​ទាំង​នោះ។

អគ្គនាយក​ដ្ឋាន​ត្រួត​ពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​ បានបដិសេធ​ផ្តល់​ព័ត៌មាន​បន្ថែម​ដល់ ​VOD ដោយ​តម្រូវឲ្យ​ដាក់​លិខិត​ផ្លូវ​ការ​ដល់​ស្ថាប័ន​នេះ។

ប្រធាន​គ្រប់​គ្រង​ធន​ធាន​មនុស្ស​នៃ​អង្គការបង្អែក​ជីវភាព​សហគមន៍ កញ្ញា បាន សីហា បាន​បញ្ជាក់​ប្រាប់​VOD នៅ​ថ្ងៃ​នេះថា ការ​ស្នើ​ឲ្យ​ធនាគារ​ជាតិ​បញ្ឈប់​ប្រតិបត្តិ​ការ​នេះ គឺ​​ដោយ​សារ​អង្គការ​បាន​សម្រេចបញ្ឈប់​ការ​ផ្តល់​ឥណទាន​របស់​ខ្លួនទៅ​ឲ្យ​អតិថិជន។

និយាយទៅ គឺ​អត់​មាន​ប្ដូរ​ទៅ​ជា​អីផ្សេង​ទេ គ្រាន់​តែ​ថា ​រាល់​ថ្ងៃ​ហ្នឹង ខ្ញុំ​បាន​ដាក់​ពាក្យ​លាឈប់​ពី​ធនាគារជាតិ​ហើយ។ អញ្ចឹងរាល់​ថ្ងៃ​នេះ​ ខាង​ខ្ញុំ​សល់​តែ​តួនាទីមួយដែល​ប្រមូល​លុយ​របស់​យើង​ឡើង​វិញ ដែល​ខាង​ខ្ញុំ​បាន​ដាក់​ Loan (កម្ចី) ពី​មុន​ៗ​មក ​វា​អត់​ទាន់​អស់។ អញ្ចឹង ខាង​ខ្ញុំ​សុំ​តែ​ប្រមូល​លុយ​ដែល​នៅ​សល់​ហ្នឹង​វិញ​ទេ

ប្រធាន​គ្រប់​គ្រង​ធន​ធាន​មនុស្ស​នៃ​អង្គការបង្អែក​ជីវភាព​សហគមន៍ កញ្ញា បាន សីហា

ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​គ្រឹះស្ថាន​អន្តន​ហ្វាយ​នែន​ ភី.អិល.ស៊ី លោក រ៉ា វី មានប្រសាសន៍​ថា គ្រឹះស្ថាន​របស់​លោក​បាន​ស្នើ​សុំ​បញ្ឈប់​ប្រតិបត្តិការ​ឥណទាន បន្ទាប់​ពី​ស្ថាប័ន​លោក​ទទួល​ការ​ខូច​ខាត​ច្រើន​ ក្រោយ​ការ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​​ពី​សំណាក់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​មុន។

ខាត​ច្រើន​ណាស់​បង ដូច​បង​ដឹង​ស្រាប់​ហើយ​ថា ​ពេល​ខ្លះអតិថិជន​មិន​អាច​នឹង​សង​យើង​បាន​ដោយ​ស្រួល​ទេ ហើយ​ទីផ្សារ​វា​ប្រកួត​ប្រជែង​ខាងហ្នឹង​ខ្លាំង​ណាស់ ហើយ​ដល់​ពេល​គាត់​កម្រិត​អញ្ចឹង​ទៅ ​យើងមិន​អាច​ធ្វើ​ដំណើរ​ការ​នៃ​ការ​ប្រតិបត្តិ​របស់​យើង​បាន​នោះ​ទេ គឺវា​ខាត​សឹង​តែ​រាល់​ខែ​ហើយ។ អញ្ចឹង​ យើងមាន​តែ​ឈប់​ធ្វើ​អាហ្នឹង​​ មាន​តែ​ទៅ​ធ្វើ​អីផ្សេង​បណ្តោយ​ទៅ

ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​គ្រឹះស្ថាន​អន្តន​ហ្វាយ​នែន​ ភី.អិល.ស៊ី លោក រ៉ា វី

អ្នក​ជំនាញ​សេដ្ឋកិច្ច​ លោក យ៉ង ប៉ាក់ យល់​ថា ការ​ប្រកាស​បញ្ឈប់​ប្រតិបត្តិ​ការណ៍​នេះ​ គឺ​ជារឿង​​មិន​ល្អ​សម្រាប់​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅកម្ពុជាដោយ​លោក​ថា​ ពល​រដ្ឋ​នៅជន​បទ​នឹង​ងាក​ទៅ​រក​អ្នក​ចង​ការ​ប្រាក់​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​ស្ថាប័ន​ទាំង​នេះ តែ​លោក​សង្ឃឹម​ថា ​រដ្ឋាភិបាល​តាម​រយៈ​ធនាគារអភិវឌ្ឍន៍ជនបទ ​អាច​ទប់​ទល់​បាន​ជា​មួយ​នឹង​របត់​ថ្មី​នេះ។

យើង​ដឹង​ហើយ​ រដ្ឋាភិបាល​​ក៏ដូចជា​ធនាគារ​ជាតិ​ក៏​ដោយ អត់​ទាន់​បានធ្វើ​ច្បាប់​ដើម្បី​គ្រប់​គ្រង ហើយ​បើ​មាន​ក៏​ពិបាក​គ្រប់​គ្រង​ដែរនៅ​តាម​ភូមិតាម​ឃុំ​ហ្នឹង ហើយ​បើអត់​ពួក​ហ្នឹង​ទៀត ​ប្រជា​ពល​រដ្ឋ​កាន់​តែ​យ៉ាប់​ហើយ។ អញ្ចឹង​ ស្រទាប់​ទី​មួយ ​គឺ​ប្រព័ន្ធ​ធនា​គារ​សិន ដល់​ពេល​អត់​ប្រព័ន្ធ​ធនា​គារ គាត់​ចូល​ទៅ​អ្នក​ចង​ការប្រាក់​ប្រចាំ​ភូមិ ហើយ​បើ​អត់​ពី​ហ្នឹង​ទៀត វា​កាន់​តែ​យ៉ាប់​ហើយ

អ្នក​ជំនាញ​សេដ្ឋកិច្ច​ លោក យ៉ង ប៉ាក់

លោក​នាយករដ្ឋ​មន្រី្តហ៊ុន​ សែន បាន​លើក​ឡើង​កាល​ពីដើម​ខែ​មុន​​ថា ​ធនា​គារ​សម្រាប់គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​មាន​ដើម​ទុន​ជាង ​១០០លាន​ដុល្លារ ​នឹង​ជិត​ចេញ​ជា​ផ្លូវ​ការ​ហើយ ដើម្បីគាំទ្រ​ដល់​កសិករកម្ពុជា។

ធនាគារ​កណ្ដាល​កម្ពុជា បាន​សម្រេច​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​ត្រឹម​តែ ១៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ កាលពីខែ​មីនា​ឆ្នាំ​មុន ដោយ​ថា ​ដើម្បី​ការ​ពារ​ផល​ប្រយោ​ជន៍​ពល​រដ្ឋ កាត់​បន្ថយ​បំណុល​វ័ណ្ឌករ និង​ជម្រុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ឥណទាន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ប៉ុន្តែ ​​ក្រុម​អ្នក​សេដ្ឋកិច្ច​វិញ​យល់​ថា វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ធ្ងន់​ធ្ងរ​ដល់​ស្ថាប័ន​ផ្តល់​កម្ចី និង​ពល​រដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ