បទយកការណ៍៖ ពលរដ្ឋខ្មែរអាមេរិកពិបាករកការងារធ្វើបន្ទាប់ពីបញ្ជូនត្រឡប់មកកម្ពុជា

អ្នកស្រី ម៉ូលី (Molly) អាយុ៣៦ឆ្នាំ រស់នៅសហរដ្ឋអាមេរិកជាង៣០ឆ្នាំ ជាមនុស្សម្នាក់ក្នុងចំណោម៤៣នាក់​​​ ដែលរដ្ឋាភិបាលអាមេរិកបញ្ជូនត្រឡប់មកកម្ពុជាវិញ កាលពីខែមេសា ឆ្នាំ២០១៨

នៅពេលដែលប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាមហើយគ្រប់គ្រងដោយរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ ប្រជាជនខ្មែរមួយចំនួនបានរត់ភៀសខ្លួនទៅរស់នៅជំរុំក្នុងប្រទេសថៃ។

ក្រោយមក​​​ ប្រជាពរដ្ឋមួយចំនួនត្រូវបានបញ្ជូនទៅរស់នៅប្រទេសផ្សេងៗ រួមមាន អូស្ត្រាលី កាណាដា បារំាង អង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតលើសកលលោក។

បន្ទាប់ពីរស់នៅប្រទេសទាំងនោះជាច្រើនឆ្នាំ ពួកគាត់បានទទួលសញ្ជាតិ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនពុំបានទទួលសញ្ជាតិនោះទេព្រោះពួកគាត់មិនបានគោរពតាមលក្ខខណ្ឌមួយចំនួន។

សំរាប់អ្នកដែលពុំបានទទួលសញ្ជាតិ ពួកគាត់ប្រឈមុខក្នុងការបញ្ជូនត្រឡប់មកប្រទេសកំណើតវិញនៅពេលដែលពួកគាត់បានប្រព្រឹត្តិបទល្មើសផ្សេងៗ ជាពិសេសអ្នករស់នៅប្រទេសអាមេរិក។ នៅក្នុងឆ្នាំ២០១៧ និង២០១៨មានប្រជាជនខ្មែរអាមេរិក ជាច្រើនត្រូវបានបញ្ជូនត្រឡប់មកពីសហរដ្ឋអាមេរិក ដោយអ្នកខ្លះមិនចេះនិយាយភាសាខ្មែរ និងអ្នកខ្លះទៀតមិនធ្លាប់មកលេងប្រទេសកម្ពុជានោះទេ។

អ្នកស្រី ម៉ូលី (Molly) អាយុ៣៦ឆ្នាំ រស់នៅសហរដ្ឋអាមេរិកជាង៣០ឆ្នាំ ជាមនុស្សម្នាក់ក្នុងចំណោម៤៣នាក់​​​ ដែលរដ្ឋាភិបាលអាមេរិកបញ្ជូនត្រឡប់មកកម្ពុជាវិញ កាលពីខែមេសា ឆ្នាំ២០១៨។  អ្នកស្រី​​​ ម៉ូលី ​​​ត្រូវបានចាប់ខ្លួននៅឆ្នាំ២០០៨​​​ ដោយជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន​​​ហើយឃុំខ្លួននៅក្នុង​​​ពន្ធនាគារចំនួន៦ឆ្នាំ។ នៅក្នុងឆ្នាំ២០១៧​​​ ប៉ូលិសអាមេរិកបានចាប់អ្នកស្រីឃុំម្តងទៀតដើម្បីបញ្ជូនមកកម្ពុជា។​​​

អ្នកស្រី Molly បានសំដែងនូវអារម្មណ៍សោកស្តាយ នូវអ្វីដែលគាត់បានធ្វើកន្លងមក។   ដោយសារតែកំហុសមួយនេះ បានធ្វើឲ្យជីវិតរបស់គាត់កែប្រែទាំងស្រុង។ កាលពីដំបូងអ្នកស្រីមិនគិតថាការដែលបញ្ជូនមក ប្រទេសកម្ពុជាជាការពិតនោះទេ។ អ្នកស្រីគិតថាវាគ្រាន់តែជាការយល់សុបិនតែប៉ុណ្ណោះ ក៏ប៉ុន្តែបន្ទាប់ពី ធ្វើដំណើរជិត៣៦ម៉ោងលើយន្តហោះ អ្នកស្រីបានប្រាកដថាវាជារឿងពិតហើយ ព្រោះគាត់បានមកដល់ ទឹកដីប្រទេសកម្ពុជាហើយ។ អ្នកស្រីម៉ូលី បានឃ្លាតឆ្ងាយពីក្រុមគ្រួសារនិងកូនៗដែលកំពុងរស់នៅសហរដ្ឋអាមេរិក។

អ្នកស្រី ម៉ូលី បាននិយាយទាំងទឹកមុខស្រពោនថា៖

កាលខ្ញុំមក ដំបូងខ្ញុំមានអារម្មណ៍ស្តាយក្រោយច្រើន។ ខ្ញុំនឹកម្តាយខ្ញុំ។ ខ្ញុំនឹកកូនខ្ញុំ។ ខ្ញុំនឹកអីៗទាំងអស់នៅស្រុកអាមេរិកតែខ្ញុំ អត់នឹងស្មានថាគេយកខ្ញុំមកមែនទែនទេ។ បួនឆ្នាំហើយគេមកយកខ្ញុំមែន ហើយខ្ញុំប្រាប់បងស្រីខ្ញុំថាខ្ញុំមក ដល់ហ្នឹងហើយ ជិះកប៉ាល់ហោះ៣៦ម៉ោងហ្នឹងហា។ អត់មានគិតថាមកស្រុកខ្មែរទេ។ ខ្ញុំគិតថាប្រហែលគ្រាន់តែដេក។ វាជាការ យល់សុបិន ប៉ុន្តែពេលមកដល់ព្រលានយន្តហោះភ្នំពេញហ្នឹងបានដឹងថាខ្ញុំមកដល់ស្រុកខ្មែរមែន។

អ្នកស្រី ម៉ូលី (Molly) អាយុ៣៦ឆ្នាំ រស់នៅសហរដ្ឋអាមេរិកជាង៣០ឆ្នាំ

អ្នកស្រី ម៉ូលី បានបន្តថាអ្នកស្រីមានអារម្មណ៍ខ្លាចផង និង ភ័យផងពេលដែលមកដល់ទឹកដីប្រទេសកម្ពុជាដំបូង បើទោះបីជាអ្នកស្រីមានឈាមជ័រជាខ្មែរក៏ដោយ​ ប៉ុន្តែទឹកដីមួយនេះជាកន្លែងដែលមិនធ្លាប់រស់នៅនិងមិនស្គាល់នណាម្នាក់នោះទេ ព្រោះអ្នកស្រីមានទីកំណើតក្នុងជំរុំភៀសខ្លួននាប្រទេសថៃ។

អង្គុយលើប៉ៅអ៊ីក្នុងបន្ទប់ជួលមួយ អ្នកស្រី ម៉ូលី បាននិយាយថា៖

ខ្ញុំខ្លាច ខ្លាចតិច ភ័យ តិចព្រោះខ្ញុំអត់ដឹងថាគេយកខ្ញុំ។ ខ្ញុំជនជាតិខ្មែរមែនតែខ្ញុំអត់ធ្លាប់នៅស្រុកខ្មែរ។ ខ្ញុំអត់ដឹង តែខ្ញុំបារម្ភថាខ្ញុំមកនៅហ្នឹង។ ខ្ញុំធ្វើមិច? ខ្ញុំអត់មានកន្លែងនៅ។ ខ្ញុំភ័យខ្លាចបងប្អូននៅអាមេរិកមិនអាចជួយខ្ញុំបាន ហើយគេភ្លេចខ្ញុំពេលខ្ញុំមកដល់ស្រុកខ្មែរអញ្ចឹង។ ហើយខ្ញុំលឺថាអ្នកស្រុកខ្មែរហ្នឹងគេពិបាក ខ្លះហ្នឹងក្រ ខ្លះហ្នឹងមាន។ បើយើងមាន យើងមានមែន បើក្រយើងក្រ ការងារពិបាករក ហើយមកដល់ខ្ញុំឃើញផ្ទាល់ភ្នែកអញ្ចឹង។ ខ្ញុំភ័យមែនទែន។ ខ្ញុំថាខ្ញុំពិបាក។ ខ្ញុំអត់សូវចេះនិយាយខ្មែរ តែឥឡូវខ្ញុំបានប្រាំខែហើយអត់អីទេឥឡូវ។

អ្នកស្រី ម៉ូលី (Molly) អាយុ៣៦ឆ្នាំ រស់នៅសហរដ្ឋអាមេរិកជាង៣០ឆ្នាំ

អតីតម្ចាស់ក្រុមហ៊ុនថ្នាំលាបផ្ទះម្នាក់នេះថាការរស់នៅប្រទេសកម្ពុជាវាខុសគ្នាក្នុងការរស់នៅប្រទេសអាមេរិកយ៉ាងខ្លាំង ហើយអ្នកស្រី មានឧបសគ្គមួយចំនួនក្នុងការរស់នៅទីនេះ ដោយអ្នកស្រីពិបាករកការងារធ្វើ។ ដោយសារជីវប្រវត្តិមិនល្អនៅសហរដ្ឋអាមេរិក អ្នកស្រីពិបាក្នុងការស្វែងរការងារធ្វើ និងមានការរើសអើង។

ការងារលើកទីមួយហើយដែលការងារវាសំខាន់សំរាប់ខ្ញុំ។​​​ ហើយពេលខ្ញុំពិបាករកការងារធ្វើនៅស្រុកខ្មែរហ្នឹង វាធ្វើអោយ ខ្ញុំតានតឹងណាស់។

អ្នកស្រី ម៉ូលី (Molly) អាយុ៣៦ឆ្នាំ រស់នៅសហរដ្ឋអាមេរិកជាង៣០ឆ្នាំ

ការកសាងជីវិតថ្មីលើទឹកដីប្រទេសកម្ពុជាហាក់បីដូចជាមានឧបសគ្គច្រើនសំរាប់អ្នកស្រី ម៉ូលី បើទោះបីជាអ្នកស្រី ចេះនិយាយភាសាខ្មែរក៏ដោយ។ ការវាយតំលៃសមត្ថភាពខុសគ្នាដែលធ្វើឲ្យ អ្នកស្រីមានភាពលំបាកក្នុងការរកការងារធ្វើ ហើយអ្នកស្រីមិនចង់ធ្វើការទុច្ចរិតទៀតនោះឡើយ។ អ្នកស្រីមានការខ្វះខាតថវិកាសំរាប់បង់ថ្លៃបន្ទប់ជួល។

បើនៅស្រុកអាមេរិកអត់មានការងារធ្វើយើងអាចរកការងារនៅជាមួយពួកម៉ាកហ្នឹង។​​​ គេឲ្យធ្វើ ជាមួយ ប្រាក់ខែគេឲ្យម្ភៃ សាមសិបដុល្លារក្នុងមួយម៉ោងអីទៅ ប៉ុន្តែនៅនេះវាផ្សេងហើយអញ្ចឹងបានខ្ញុំភ័យពី ព្រោះ នៅនេះស្រុកខ្មែរបើយើងអត់មានការធ្វើយើងទៅធ្វើអី? មានតែការមួយទៀតដែលធ្វើបានដែលអាច មានបញ្ហា ដើរលក់កញ្ឆាដើរលក់អីចឹង ហើយខ្ញុំ ខ្ញុំអត់ចង់ធ្វើចឹងទេ ពីព្រោះបញ្ហាខ្ញុំដំបូង ពីព្រោះអាលក់កញ្ឆាហ្នឹង ហើយខ្ញុំអត់ចង់គិតអញ្ចឹងទៀតទេ។ បើខ្ញុំគិតអញ្ចឹងខ្ញុំនឹងអាចជាប់គុក។

អ្នកស្រី ម៉ូលី (Molly) អាយុ៣៦ឆ្នាំ រស់នៅសហរដ្ឋអាមេរិកជាង៣០ឆ្នាំ

មិនមែនតែអ្នកស្រី ម៉ូលី នោះទេដែលមានបញ្ហាលំបាករកការងារធ្វើ អ្នកស្រីនិយាយថាអ្នកដែលបញ្ជូនត្រឡប់មកពីអាមេរិកភាគច្រើនមានការពិបាកក្នុងការរកការងារធ្វើនៅប្រទេសកម្ពុជា ព្រោះពួកគេមានបញ្ហាជីវប្រវត្តិនៅអាមេរិក ហើយជាពិសេសគឺអ្នកដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណជនជាតិ ខ្មែរ និងឯកសារមួយចំនួន​​​ដោយពួកគាត់មិនមានលទ្ធភាពក្នុងការបង់ប្រាក់ធ្វើក្រដាសស្នាមទាំងនោះឡើយ​​។

អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ លោក ប្រុក ម៉ៃឧត្តម បានប្រាប់ VODឲ្យដឹងតាមទូរសព្ទថា ក្រសួង​ផ្តល់ជូននូវការធ្វើឯកសារគោលដោយមិនគិតថ្លៃ​​​សំរាប់អ្នកដែលបញ្ជូនពីអាមេរិកមក​កម្ពុជា ហើយខាងក្រសួងកំពុងតែធ្វើកិច្ចការមួយនេះ។

យើងផ្តល់សំបុត្រកំណើត​ សំបុត្របញ្ជាក់កំណើត​ហើយនឹងធ្វើអត្តសញ្ញាណប័ណ្ណជូនគាត់​ប៉ុន្តែវាមិនទាន់បានចេញទេព្រោះតែកំពុងត្រួតពិនិត្យទិន្នន័យសិន​​ […] ។ អ្នកខ្លះបានអ្នកខ្លះមិនទាន់បានហើយទិន្នន័យនេះយើងមិនទាន់ទទួលយកបានទាំងអស់ទេដោយសារខាងខ្ញុំនេះទើបតែចាប់ផ្តើមកិច្ចកាងារដំបូងជាមួយគាត់​​ហ្នឹងទេ​​ បាន២​ ទៅ ៣ខែនេះទេ​ ប្រគល់ភារកិច្ចអោយហ្នឹង។ កន្លងមកគឺខាងគេផ្សេង អញ្ចឹងខ្ញុំអត់ដឹងទេ​ អញ្ចឹងយើងកំពុងតែធ្វើកិច្ចការងារហ្នឹងសំរាប់អ្នកដែលអត់ទាន់មាន។

អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ លោក ប្រុក ម៉ៃឧត្តម

លោក​ ម៉ៃឧត្តម ​បានបន្តថាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានធ្វើការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល​ដែលពាក់ព័ន្ធមួយចំនួនក្នុងការជួយអ្នកទាំងនោះ។

ជាជាក់ស្តែងគឺយើងមានអង្គការមួយដែលទៅហ្នឹងគាត់ទទួលសម្របការចូល ដែលគាត់មានជំនួយពីស្ថានទូតអាមេរិក។ ហើយនៅក្នុងនោះយើងក៏ធ្វើការទំនាក់ទំនងគ្នាមកវិញដែរ អញ្ចឹងនៅក្នុងនោះក៏មានអង្គការផ្សេងៗដែលជាអង្គការហ្នឹងជួយគាត់ដែរ​។ អាហ្នឹងជារឿងរបស់គាត់ ហើយយើងក៏បានព្យាយាមចេញឯកសារ​ និងព្យាយាមស្វែងរកបងប្អូនឲ្យគាត់ទៀត។ អាហ្នឹងដើម្បីជួយគាត់ ដើម្បីបញ្ចូលគាត់ទៅក្នុងសង្គម អញ្ចឹងតាមរយៈការផ្តល់ឯកសារ ផ្តល់អត្តសញ្ញាណ បូកនឹងជួយរកហ្នឹង គឺជាផ្នែកមួយនៃការបញ្ចូលគាត់ទៅក្នុងសង្គមហើយ។

អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ លោក ប្រុក ម៉ៃឧត្តម

នាយក​ប្រតិបត្តិ​អង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មាន​ទីពឹង លោក តាន់ សូនិក​​ បានឆ្លើយតបVOD តាមសារអេឡិត្រូនិចថា ​​​អង្គការរបស់លោកផ្តល់នូវជំនួយមួយចំនូនសំរាប់អ្នកដែលបានបញ្ជូនមកកម្ពុជាវិញ​មានដូចជា​ ការផ្តល់នូវកន្លែងស្នាក់នៅបណ្តោះអាសន្ន​ ឯកសារផ្សេងៗជាដើម​​ និងការហ្វឹកហាត់នូវជំនាញមួយចំនួន​រួមទាំងភាសាខ្មែរផងដែរ​។​

ក្រៅពីការផ្តល់ជូននូវការហ្វឹកហ្វឺនចំនេះដឹងនិងជំនាញមួយចំនួន អង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង​ ក៏ជួយអ្នកដែលបញ្ជូនមកពីអាមេរិកក្នុងការស្វែងរកការងារ​មានដូចជា​ ការធ្វើប្រវត្តិការងារ ចំណាប់អារម្មណ៍ការងារ​​ និង​ឯកសារសំខាន់ផ្សេងៗ។​​ពួកគាត់មួយចំនួនប្រឈមនឹងការរើសអើងពីសំណាក់អ្នកក្នុងតំបន់ក៏ប៉ុន្តែពួកគេជាច្រើននៅតែទទួលបាននូវការងារ ហើយប្រមាណជា ៧០​%ទៅ ៧៥% កំពុងតែធ្វើការក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យស្ថានទូតអាមេរិកលោក​ Arend C Zwartjes បានឆ្លើយតបVOD តាមសារអេឡិត្រូនិច កាលពីថ្ងៃទី២២​ ខែសីហា ឆ្នាំ២០១៨​​​ បានឲ្យដឹងថា ស្ថានទូតអាមេរិកនៅតែបន្តការធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាក្នុងការទទួលនូវអ្នកដែលមិនមានសិទ្ធិនឹងបន្តរស់នៅឯសហរដ្ឋអាមេរិកទៀត។

របាយការណ៍អង្គការអង្គការ​គាំពារ​ពលរដ្ឋ​ខ្មែរ​គ្មានទីពឹងឲ្យដឹងថា ​​​ ចំនួនពលរដ្ឋខ្មែរដែលប្រព្រឹត្តបទល្មើស​​​ហើយត្រូវអាមេរិកបញ្ជូនមកមានចំនួន​៦៣៩នាក់ ក្នុងនោះ ប្រុស៦២៣នាក់  ស្រី ១៦នាក់។​ ចំនួននេះ មិនទាន់រាប់បញ្ជូនចំនួន៣០នាក់ ដែលទើបបញ្ជូនមកកាលពីខែសីហា ឆ្នាំ២០១៨នោះទេ។​

របាយការណ៍អង្គការនេះ បញ្ជាក់ទៀតថា ពលរដ្ឋខ្មែរដែល បញ្ជូនមក​ចំនួន​២៩នាក់ស្លាប់ ក្នុងនោះ២នាក់ស្លាប់ដោយធ្វើអត្តឃាត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ