តុលាការកោះហៅសកម្មជនដីធ្លីបុរីកីឡាម្នាក់ចូលធ្វើសាក្សីក្នុងសំណុំរឿងលោក កឹម សុខា

អ្នកស្រី ស ស៊ន ប្រជាសហគមន៍បុរីកីឡានិងសកម្មជនដីធ្លី

សាលាដំបូរាជធានីភ្នំពេញបានចេញដីកាកោះហៅសកម្មជនដីធ្លីនៅសហគមន៍បុរីកីឡាម្នាក់ឲ្យចូលធ្វើសាក្សីក្នុងសំណុំរឿង«ក្បត់ជាតិ»ប្រឆាំងនឹងអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា។​

ក្នុងដីកាកោះចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ដែលចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក គី ឫទ្ធី បានឲ្យដឹងថា តុលាការបង្គាប់ឲ្យឈ្មោះ ស ស៊ន ចូលបំភ្លឺជាសាក្សីនៅថ្ងៃទី១១ ខែ​កញ្ញាខាងមុខក្នុងសំណុំរឿងដែលរដ្ឋាភិបាលចោទអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិថា «ក្បត់ជាតិ»។​

សកម្មជនដីធ្លីអ្នកស្រី ស ស៊ន ប្រាប់វីអូឌីនៅថ្ងៃនេះថា អ្នកស្រីទើបទទួលបានដីកាកោះហៅពីតុលាការក្រុងភ្នំពេញកាលមិ្សលមិញនេះ។ អ្នកស្រីបន្តថា  អ្នកស្រី​មានការភ្ញាក់ផ្អើល​ទៅ​នឹង​ការកោះហៅ​នេះ។ ប៉ុន្ដែអ្នកស្រីថា នឹងចូលខ្លួនឆ្លើយបំភ្លឺ ដើម្បីបញ្ជាក់ថាខ្លួន​មិនបានជាប់ពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយនោះទេ ហើយការដែលពួកគាត់ដើរតវ៉ាកន្លងមក ដោយសារពួកគាត់បាត់បង់ដីធ្លីតែប៉ុណ្ណោះ។

មីងឆ្ងល់ដែរ មីងធ្លាប់តែធ្វើរឿងដីធ្លីទេ មីងមិនធ្វើនយោបាយ មិនដែលឈេរឈ្មោះរឿងបក្សអីទេ ​ហើយស្រាប់តែមកកោះហៅមីងរឿងសាក្សីលោកកឹម សុខា មីងក៏អត់យល់ដែរ

សកម្មជនដីធ្លីអ្នកស្រី ស ស៊ន

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា កន្លងទៅ សកម្មជនដីធ្លីអ្នកស្រី ស ស៊ន តែងតែចេញតវ៉ាពិតមែន ប៉ុន្តែលោកថា ការតវ៉ានោះ ដោយសារ ពួកគេបាត់បង់ដីធ្លីតែប៉ុណ្ណោះ។

កន្លងមក ខាងអង្គការសង្គមស៊ីវិលតែងតែឃើញលោកស្រី ស ស៊ន ចេញមុខទាមទារតវ៉ា ទៅលើបញ្ហាដីធ្លីដែលមានទំនាស់រុាំរៃជាយូរហើយ នៅខាងបុរីកីឡាហ្នឹង។ ប៉ុន្តែយើងក៏មិនដែលឃើញថា លោកស្រីហ្នឹងធ្លាប់មានការជាប់ពាក់ព័ន្ធអីជាមួយ​នឹងលោក កឹម សុខា ទេ ដែលយើងធ្វើការតាមដាន

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា

លោកចាត់ទុកដីកាកោះរបស់តុលាការដែលបង្គាប់ឲ្យសកម្មជនដីធ្លីរូបនេះចូលទៅបំភ្លឺនៅតុលាការថ្ងៃទី១១ ខែកញ្ញា ខាងមុខនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តពួកគាត់ ខណៈពួកគេមិនបានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះ។

កាលពីពេលថ្មីៗនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាកោះហៅប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ឲ្យចូលបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះដែរ​ ក្នុងសំណុំរឿង«ក្បត់ជាតិ» ប្រឆាំងនឹងអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ផងដែរ។

ការកោះហៅសាក្សីបន្ថែមនេះ គឺធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី ​បានសម្រេចពន្យា​ពេលឃុំខ្លួនបណ្ដោះអាសន្នលោក កឹម សុខា ចំនួន ៦ខែទៀត បន្ទាប់ពីលោក​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​អស់​រយៈ​ពេល ១​ឆ្នាំ​មក​ហើយ​នោះ។

លោក កឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជា​ចាប់ខ្លួនលោកនៅយប់ថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់ជាតិ»៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ