ក្រុមសិទ្ធិ​មនុស្ស​អន្ដរជាតិថា រដ្ឋាភិបាលស្វែងរកភាពស្របច្បាប់តាមរយៈការដោះលែងលោក កឹម សុខា

លោក កឹម សុខា នាពេលកន្លងទៅ

ក្រុមអង្គការអន្ដរជាតិដែលធ្វើការលើផ្នែកសិទ្ធិមនុស្ស បាន​រិះគន់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងស្វែងរកការទទួលស្គាល់ពីសហគមន៍អន្ដរជាតិតាមរយៈការដោះលែងមេដឹកនាំអតីតគណបក្សប្រឆាំងលោក កឹម សុខា​ ឲ្យមានសេរីភាពវិញ។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី១០​កញ្ញានេះ បន្ទាប់ពីលោកត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ អស់រយៈជាង ១ឆ្នាំមកនោះ។

ប៉ុន្ដែ ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ ក្រុមសមាជិកសភា​អាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ហៅការដោះលែងលោក កឹម សុខា នេះថា ធ្វើឡើងក្រោមហេតុផលនយោបាយ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានក្ដោបក្ដាប់អាសនៈទាំងអស់ក្នុងរដ្ឋសភា និងបង្កើតជារដ្ឋាភិបាលដឹកនាំដោយសភាឯកបក្ស។

ក្រុមសមាជិកសភា​អាស៊ានដើម្បីសិទ្ធិមនុស្ស លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ទៀតថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងតែស្វែងរកភាពស្របច្បាប់របស់ខ្លួន តាមរយៈការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាព ហើយថា នេះក៏បង្ហាញថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងតែរំលោភអំណាចដើម្បីកេងចំណេញនយោបាយរបស់ខ្លួន​ផង​ដែរ។

ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះផងដែរ អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិប្រចាំនៅតំបន់អាស៊ី លោក Phil Robertson យល់ថា កម្ពុជាមិនអាចស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនោះទេ ប្រសិនបើ​តុលាការមិនទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា បើកឲ្យមន្ដ្រីអតីតបក្សប្រឆាំង ១១៨រូប មានសិទ្ធិធ្វើនយោបាយ និងអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញ។

បន្ទាប់ពីកម្ពុជាបានបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រីនីតិកាលទី៦ឆ្នាំ២០១៨ ដែលគ្មានវត្តមានចូល​រួម​របស់​អតីតគណបក្សសង្គ្រោះជាតិ ហើយលោក កឹម សុខា ក៏កំពុងជាប់ឃុំនាពេលនោះ ក្រុមប្រទេសលោកសេរីមួយចំនួននាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក រិះគន់ថា មិនអាចទទួលយកបាននោះឡើយ។

បន្ថែមលើសពីនេះ ក្រុមប្រទេសលោកសេរីទាំងនោះក៏មិនបានចាត់តាំងតំណាងស្ថានទូតរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំសភាលើកដំបូងរបស់គណបក្សប្រជាជនកម្ពុជា​ កាលពីថ្ងៃទី៥ខែកញ្ញាទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ