ក្រុម​អ្នក​រិះគន់​ហៅ​ការដោះ​លែង​លោក កឹម សុខា ថា មិន​ទាន់​អាច​ស្ដារ​​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ទេ

លោក សម រង្ស៊ី និង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបថតពីហ្វ៊េសប៊ុក លោក កឹម សុខា)

អតីតគណបក្សប្រឆាំង និងក្រុមសិទ្ធិ​មនុស្ស​អន្ដរជាតិ បាន​ជំរុញទៅ​រដ្ឋាភិបាលកម្ពុជា ឲ្យ​ស្ដារលទ្ធិប្រជាធិបតេយ្យឡើង​វិញ បន្ទាប់ពីមេដឹកនាំ​បក្ស​ប្រឆាំង​ ត្រូវបានតុលាការដោះលែងបណ្ដោះអាសន្ន ប៉ុន្ដែ អ្នកនាំពាក្យគណបក្សកាន់អំណាចថា មិនអាចទៅរួច។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងឲ្យនៅក្រៅឃុំនៅម៉ោងប្រមាណ ៣ទៀបភ្លឺថ្ងៃទី១០ ខែកញ្ញានេះ បន្ទាប់ពីលោកត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ អស់រយៈជាង ១ឆ្នាំមកនោះ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​អះអាង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ក្រោម​ហេតុ​ផល​សុខភាព​របស់​លោក និងមានការធានាថា លោកមិនអាចគេចពីនីតិវិធីរបស់តុលាការ។

ក្នុង​ដីកា​សម្រេច​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ លោក កឹម សុខា ត្រូវ​បាន​តុលាការ​ហាម​ឃាត់​មិន​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​តុលាការ ត្រូវ​ឆ្លើយ​តប​ចំពោះ​ការ​កោះ​ហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់​តាំង​ដោយ​ចៅក្រម​ស៊ើប​សួរ មិន​អាចទាក់​ទង​ជាមួយ​ថ្នាក់​ដឹកនាំ​អតីត​បក្ស​ប្រឆាំង​ ជនបរទេស ឬ​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង និង​មិន​អាច​ជួប​ជុំ​គ្នា​ក្នុង​គោលដៅ​ធ្វើ​សកម្មភាព​នយោបាយ​ណា​មួយ​នោះ​ឡើយ។

ក្រៅពី​សាទរ​ចំពោះ​ការ​ដោះ​លែង​ដៃ​គូ​នយោបាយ​លោក​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ហើយ​នោះ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ប្រទេស​កាណាដា​នៅ​ថ្ងៃ​នេះ​ថា វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងការស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យរស់ឡើងវិញ។

លោក​ សម រង្ស៊ី ថ្លែងថា ជំហានបន្ទាប់នោះ គឺរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ត្រូវអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិរស់ឡើងវិញ អនុញ្ញាតឲ្យមន្ដ្រីអតីតបក្សប្រឆាំង១១៨រូបមានសិទ្ធិធ្វើនយោបាយ និងទាមទារឲ្យមានការបោះឆ្នោតម្ដងទៀត ដោយមានការចូលរួមពីអតីតគណបក្សប្រឆាំង និងការចូលរួមពីអន្ដរជាតិ។

សូមរក្សាជំហរថា ការដោះលែងលោក កឹម សុខា នេះ អត់គ្រប់គ្រាន់ទេ អត់គ្រប់គ្រាន់ទេ គ្រាន់តែជាវិធានការមួយ ដោះស្រាយបញ្ហាប្រទេសកម្ពុជា គេសម្លាប់លទ្ធិប្រជាធិបតេយ្យ លទ្ធិប្រជាធិបតេយ្យ មិនទាន់រស់ឡើងវិញទេ។ មានទៀត ជាជំហានបន្ដបន្ទាប់ទៀត យើងត្រូវតែទាមទារការអនុញ្ញាតបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី

នៅថ្ងៃនេះផងដែរ អង្គការអន្ដរជាតិចំនួន២ គឺក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch ក៏ទាមទារឲ្យទម្លាក់បទចោទប្រកាន់ទាំងអស់លើលោក កឹម សុខា ដោយថា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

ក្នុងសេចក្ដីថ្លែងការណ៍នោះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅការដោះលែងលោក កឹម សុខា នេះថា ធ្វើឡើងក្រោមហេតុផលនយោបាយ បន្ទាប់ពីគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានក្ដោបក្ដាប់អាសនៈទាំងអស់ក្នុងរដ្ឋសភា និងបង្កើតរដ្ឋាភិបាលដឹកនាំដោយសភាឯកបក្ស។

ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស លើកឡើងទៀតថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងតែស្វែងរកភាពស្របច្បាប់​ តាម​រយៈ​ការដោះលែងលោក កឹម សុខា ហើយថា នេះបង្ហាញថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងតែរំលោភអំណាច ដើម្បីកេងចំណេញនយោបាយរបស់ខ្លួន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំនេះ គឺជាការសម្រេចរបស់តុលាការ ដែលមើលទៅលើស្ថានភាពជំងឺរបស់ជនជាប់ចោទ។ ប៉ុន្ដែ លោកថា ចំពោះការទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ឬរៀបចំការបោះឆ្នោតម្ដងទៀតនោះ គឺមិនអាចទៅរួចនោះទេ។

អតីតគណបក្សប្រឆាំង ត្រូវបានរំលាយដោយតុលាការកំពូលរួចហើយ អញ្ចឹងមិនអាចនឹងឲ្យរស់ឡើងវិញ ឬក្នុងរយៈពេលណាមួយនោះទេ ព្រោះតុលាការកំពូលជាតុលាការពិតប្រាកដ ហើយជាស្ថាប័នឯករាជ្យមួយ មិនអាចយកសាលដីកាស្ថាពររបស់តុលាការកំពូលមកលេងសើចបានទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

យ៉ាងណាក៏ដោយ  ការដោះលែងមេដឹកនាំអតីតគណបក្សប្រឆាំងលោក កឹម សុខា ក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅមុនកិច្ចប្រជុំមួយនៅសភាសហភាពអឺរ៉ុប ដែលគ្រោងជជែក​ពី​បញ្ហាសិទ្ធិមនុស្ស និងការបន្ដឃុំខ្លួនលើលោក កឹម សុខា នាថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ។

ចំណែក​ឯ​អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ក៏បានដាក់របាយការណ៍បន្ថែមមួយទៀត ដែលនិយាយពីការបោះឆ្នោត បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​នេះ។

របាយការណ៍របស់លោកស្រី រ៉ូណា ស្មីត នឹង​ស្ថិត​នៅលើ​​របៀប​វារៈ​ទី១០ នៃ​​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី៣៩ ដែល​នឹង​​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី២៨ ខែ​កញ្ញា​។

ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈជាង១ឆ្នាំ ក្រោមការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលថា «ក្បត់ជាតិ» ពាក់ព័ន្ធនឹងការថ្លែងសារនយោបាយរបស់លោកនៅប្រទេសអូស្ដ្រាលី កាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ