មន្ទីរពេទ្យគន្ធបុប្ផាបើកឲ្យ​សាធារណជនចូល​គោរពវិញ្ញាណក្ខន្ធវេជ្ជ​បណ្ឌិត Beat Richner

លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពីពេលកន្លងទៅ (រូបភាព៖ បណ្ដាញសង្គម)

មូលនិធិ​គន្ធបុប្ផា បាន​ប្រកាស​បើក​ឲ្យ​សាធារណជនទូទៅ អាច​ចូលរួមសម្តែងមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែ​កញ្ញា​នេះ។

ក្នុង​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​នេះ មូលនិធិគន្ធបុប្ផា បាន​ប្រកាស​ថា ពិធីគោរពវិញ្ញាណក្ខន្ធសពរបស់លោក​វេជ្ជ​បណ្ឌិត Beat Richner នឹងត្រូវ​រៀបចំ​ឡើង​នៅគ្រប់​​សាខា​ទាំង​អស់​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប។

មូលនិធិ​គន្ធបុប្ផា បាន​ប្រកាស​ឲ្យ​សាធារណជន​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​វេជ្ជ​បណ្ឌិត Beat Richner នៅ​ឯ​មជ្ឈ​មណ្ឌល​ព័ត៌មាន​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​នៅ​ជិត​វត្ត​ភ្នំ និង​មួយ​កន្លែង​ទៀត​នៅ​មន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី៧ ស្ថិត​ក្នុង​ខេត្ត​សៀមរាប។

ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចេញនូវសាររំលែកទុក្ខ និងបង្ហាញពីការ​សោក​ស្តាយចំពោះ​ការបាត់បង់លោក​ Beat Richner លើគេហទំព័របណ្តាញសង្គមរបស់ខ្លួន ដោយថា ការបាត់បង់លោក គឺជាការបាត់បង់យ៉ាងធំធេង​ ដែលនេះមិនត្រឹមតែជាការបាត់បង់នូវឥស្សរជនជួយសុខភាពកុមារកម្ពុជាប៉ុណ្ណោះទេ​ តែជាការបាត់បង់ដ៏ធំធេងសម្រាប់វិស័យសុខាភិបាលកម្ពុជា​ និងជាការបាត់បង់លោកគ្រូពេទ្យដ៏ឆ្នើមកម្ររកបានផងដែរ។

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា​លោក Beat Richner ​​ បានទទួលមរណភាពនៅឯប្រទេសស្វីសកាលពីម្សិល​មិញ​ដោយ​ជំងឺ ក្នុងជន្មាយុ ៧១ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ